ចិន​បង្ហាញ​ផែនការ​បាញ់​បង្ហោះ​ព្រះ​ចន្ទ​សិប្បនិម្មិត​ដើម្បី​បំភ្លឺ​ផ្ទៃមេឃ​របស់​ទីក្រុង​មួយ​នៅ​ឆ្នាំ ២០២០

1580
ចែករម្លែក

​ទីក្រុង​មួយ​ក្នុងប្រទេស​ចិន​មាន​គម្រោង​បាញ់​បង្ហោះ “​ព្រះ​ចន្ទ​សិប្បនិម្មិត​” ដែល​នឹង​បំភ្លឺ​ផ្ទៃមេឃ​បាន​រង្វង់​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​។​

​យោងតាម​សារព័ត៌មាន People’s Daily បានឱ្យដឹងថា ផ្កាយរណប​បំភ្លឺ​មេឃ​ដែល​នឹងត្រូវ​ដាក់​នៅ​ពីលើ​ទីក្រុង​ចេង​ទូ ភាគ​និរតី​ក្នុង​ឆ្នាំ ២០២០ ត្រូវបាន​គេ​លើកសរសើរ​ថា​មាន​ពន្លឺ​ភ្លឺ​ជាង​ពន្លឺ​ព្រះ​ចន្ទ​មែនទែន​ដល់​ទៅ ៨ ដង​។​

​ក្រុមមន្ត្រី​បានចេញ​សេចក្តីលម្អិត​តិចតួច​អំពី​គម្រោង​នេះ​ប៉ុន្តែ​និយាយថា​គំនិត​នេះ​គឺ​បាន​ទាញ​ចេញពី​ការ​បំផុសគំនិត​ពី​វិចិត្រករ​ជនជាតិ​បារាំង​ម្នាក់​ដែល​ស្រមើល​ស្រមៃ​អំពី​ខ្សែក​មាន​បណ្តោង​កញ្ចក់ ព្យួរ​នៅលើ​ផែនដី​។​

​លោក វូ ជុន​ហ្វេ​ន ប្រធាន​ក្រុមហ៊ុន Chengdu Aerospace Science and Technology Microelectronics System Research Institute Co., Ltd បានបង្ហាញ​ផែនការ​នេះ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅក្នុង​ទីក្រុង​ចេង​ទូ កាលពី​ថ្ងៃទី ១០ តុលា​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន People’s Daily​។​

​ព្រះ​ចន្ទ​សិប្បនិម្មិត​នឹង​ចូលមក​បំពេញបន្ថែម​ពីលើ​ពន្លឺ​របស់​ព្រះ​ចន្ទ​ដើម្បី​ធ្វើឱ្យ​ផ្ទៃមេឃ​របស់​ទីក្រុង​ចេង​ទូ​ភ្លឺ​ចិញ្ចែងចិញ្ចាច នៅពេល​វា​ត្រូវបាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ ២០២០ ដែល​ទំនងជា​នឹង​ជំនួស​នូវ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ធម្មតា​។​

​ព្រះ​ចន្ទ​សិប្បនិម្មិត​នេះ​អាច​បញ្ជា​គ្រប់គ្រង​បាន ដើម្បី​បំភ្លឺ​លើ​ផ្ទៃដី​ប្រវែង ១០ ទៅ ៨០ គីឡូម៉ែត្រ និង​ទទឹង​ពី ៦ ទៅ ៥០ គីឡូម៉ែត្រ​។​

​ខណៈដែល​វា​អាច​ស្តាប់ទៅ​មិន​ទុកជា​ការពិត​បាន​នោះ លោក​វូ​បាន​និយាយថា​បច្ចេកវិជ្ជា​នេះ​បាន​កំពុង​បង្កើតឡើង​អស់​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ឥឡូវនេះ​វា “​ល្អ​គ្រប់គ្រាន់​” ដើម្បី​ចាប់ផ្តើម​ហើយ​។​

​ទោះយ៉ាងណា គេ​មិនដឹងថា​ផែនការ​នេះ​នឹង​ហុច​ផ្លែផ្កា​យ៉ាងណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ព្រះ​ចន្ទ​សិប្បនិម្មិត​នឹងត្រូវ​បាញ់​បង្ហោះ​នៅលើ​ទីក្រុង​ចេង​ទូ​ក្នុង​ឆ្នាំ ២០២០