ចិន​បញ្ចេញ​យន្តហោះ​គ្មាន​មនុស្ស​បើក​និង​លឿន​ជាង​សម្លេង​Dark Sword

1234

​ចិន​បាន​បញ្ចេញ​យន្តហោះ​ប្រយុទ្ធ​គ្មាន​មនុស្ស​បើក​តែ​អាច​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​ដែល​អាចជា​សុ​បិ​ន្ត​អាក្រក់​មួយ​សំរាប់​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​។​យន្ត​​ហោះ​ពិឃាត​នេះ ដែល​ត្រូវ​បានផ្តល់​ឈ្មោះថា ដាវ​ខ្មៅ​(Dark Sword)​ត្រូវ​បានឮ​គេ​និយាយ​ជាង​មួយ​ទសវត្សរ៍​មកហើយ តែ​រូបថត​មួយពេល​នេះ​ទំនងជា​បង្ហាញ​យន្ត​​ហោះ​នេះ​ពេញ​រូបរាង​តែម្តង​។​

Dark Sword ត្រូវបាន​តាំង​បង្ហាញ​នៅ​ពិព័រណ៍​Zhuhai Airshow​ក្នុង​ខេត្ត​ក្វាង​ទុង​កាលពី​ឆ្នាំ​២០០៦​។​វា​ត្រូវបាន​គេ​និយាយថា​ជា​យាន​គ្មាន​មនុស្ស​បើក​ដែល​ហោះ​ដូច​យន្ត​​ប្រយុទ្ធ​។​ភាគច្រើន​ពាក់ព័ន្ធ​នឹង​យន្តហោះ​នេះ​នៅ​ជា​អាថ៌កំបាំង​តែ​ពួក​អ្នកជំនាញ​ជឿថា​វា​ជា​យាន​គ្មាន​មនុស្ស​បើក​(UAV)​ដែល​អាច​ហោះ​ដូច​យន្តហោះ​ប្រយុទ្ធ​។​

Dark Sword​អាច​ផ្តល់អោយ​ចិន​នូវ​ប្រៀប​ដ៏​ធំ​មួយ​បើ​ចិន​អាច​ផលិត​យន្តហោះ​ប្រភេទ​នេះ​ទ្រង់ទ្រាយ​ធំ​ព្រោះ​វា​អាច​បង្កើន​ចំនួន​យន្តហោះ​ដោយ​មិនចាំបាច់​បង្វឹក​​អាកាសយានិក​។​

​រូបភាព​ថ្មី​លេចចេញ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​នៅ​សប្តាហ៍​នេះ បង្ហាញ​យន្តហោះ​ពណ៌​ខ្មី​មួយ​ជាមួយ​រន្ធ​ខ្យល់​ដូចគ្នា​នឹង​យន្តហោះ​លឿន​ជាង​សម្លេង​។​នេះ​មានន័យថា Dark Sword​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​១.១៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជា​ល្បឿន​លឿន​មិន​ធ្លាប់មាន​ក្នុងចំណោម​យន្តហោះ​យោធា​។​

Dark Sword មាន​ឧបករណ៍​ទប់​លំនឹង​អោយ​ហោះ​ត្រង់​នៅ​កន្ទុយ​ដូច​យន្តហោះ​F22 Raptor​របស់​អាមេរិក​ដែល​បញ្ជាក់ថា​ចិន​ផលិត​វា​សំរាប់​ប្រយុទ្ធ​ជាជាង​សំរាប់​​ស៊ើបការណ៍ ឬ​បេសកកម្ម​កំណត់​ទីតាំង​រួច​វាយប្រហារ​ដូច​ដ្រូ​ន​Predator​របស់​អាមេរិក ។​

​យន្តហោះ​គ្មាន​មនុស្ស​លឿន​បំផុត​នាពេល​បច្ចុប្បន្ន​គឺ​ដ្រូ​ន​US MQ-9 Reaper​របស់​អាមេរិក​ដែល​អាច​បើក​បាន​៤៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​យាន​គ្មាន​មនុស្ស​បើក​លឿន​បំផុត​ក្នុង​លោក​គឺ​យាន​X-43A​របស់​អង្គការ​ណា​សា ជា​យាន​លឿន​ជាង​សម្លេង​ក្នុងដំណាក់កាល​ពិសោធន៍​ដែល​ហោះ​បាន​១១.២០០​គីឡូ​ម៉ែ​​ត្រ​ក្នុង​មួយ​ម៉ោង​ក្នុងពេល​សាកល្បង​កាលពី​ឆ្នាំ​២០០៤៕ដោយ៖វាសនា

​រូបភាព​ថ្មី​បង្ហាញ​យន្តហោះ​Dark Sword​ជាមួយនឹង​រន្ធ​ខ្យល់​ដូចគ្នា​នឹង​យន្តហោះ​លឿន​ជាង​សម្លេង​