ចិន​បញ្ជូន​អ្នកជំនាញ​និង​គ្រឿង​បរិក្ខារ​មក​ចូលរួម​ការងារ​ស្វែងរក​នៅ​ថៃ​

3313
ចែករម្លែក

ចិន​បញ្ជូន​ក្រុម​អ្នកជំនាញ​ជួយសង្គ្រោះ​មួយ​ទៅកាន់​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​ដើម្បី​ជួយ​ស្វែងរក​ក្មេង​បាល់ទាត់​១២​នាក់​និង​គ្រូ​របស់គេ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ចេញ​​ដោយ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​បាងកក​។​

ទាហានថៃសែងម៉ាស៊ីនបូមទឹកចូលល្អាង

​ក្រុម​នេះ​ត្រូវ​រំពឹងថា​នឹង​ទៅដល់​អាកាសយាន​អន្តរជាតិ​ឈៀង​ម៉ៃ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​សុក្រ​ទី​២៩​មិថុនា​មុន​បន្តដំណើរ​ទៅ​ឈៀង​រ៉ៃ​។​ពួកគេ​នឹង​នាំមក​គ្រឿង​បរិក្ខារ​បច្ចេក​​វិទ្យា​ជាន់ខ្ពស់​រួមមាន រ៉ូ​បូត​មុជទឹក​និង​ឧបករណ៍​spectrometer​។​

​ក្រុម​នេះ​មានបទពិសោធន៍​នៅក្នុង​ការជួយ​សង្គ្រោះ​មនុស្ស​ជាប់​ក្នុង​ល្អាង​ភ្នំ​នៅ​មី​យ៉ាន់​ម៉ា​និង​នេ​ប៉ាល់​។​

សូមបញ្ជាក់ថា បច្ចុប្បន្នមានប្រទេសក្រៅ២ប្រទេសបានបញ្ជូនអ្នកជំនាញមកជួយប្រតិបត្តិការស្វែងជនរងគ្រោះក្នុងល្អាងភ្នំថៃ គឺអង់គ្លេសនិងអាមេរិក។

​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ប​ត្តិ​ការតាមរក​ក្មេង​បាត់​ខ្លួន​នេះដែរ យ៉ាងតិច​មនុស្ស​៣​នាក់​ដែល​ចូលរួម​ការងារ​ជួយសង្គ្រោះ​នេះ​បាន​រងរបួស​ដោយ​ឆក់​ចរន្តអគ្គិសនី តាម​ខ្សែភ្លើង​​ដែល​គេ​រាយ​ចូលក្នុង​ល្អាង​ដើម្បី​បំភ្លឺ​។​

​ពួក​អ្នកកាសែត​បានឃើញ​កម្ម​ករ​រត់​ចេញពី​ល្អាង​ភ្នំ​កាលពី​ថ្ងៃ​សុក្រ​និង​ស្រែកថា អ្នក​ជួយសង្គ្រោះ​ខ្លះ​រងរបួស​ដោយ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​។​រំពេច​នោះ ឡានពេទ្យ​បាន​ទៅ​​ដល់ និង​មនុស្ស​៣​នាក់​ត្រូវបាន​សែង​ចេញ តែ​ប៉ូលិស​និយាយថា​ស្ថានភាព​របួសស្រាលៗ​ទេ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ការងារ​ស្វែងរក​និង​ជួយសង្គ្រោះ ផ្តោតលើ​៣​ប្រតិបត្តិការ ទី​១៖​ស្វែងរក​នៅក្នុង​ល្អាង ដោយ​ភារកិច្ច​នេះ​កងទ័ពជើងទឹក​ថៃ​និង​ពួក​អ្នក​មុជទឹក​បរ​​ទេស​ជា​អ្នក​រាប់​រង​។​ពួកគេ​សង្ឃឹម​ធ្វើដំណើរ​ទៅដល់​តំបន់​ស្ងួត​មួយ​ដែល​ពួក​អ្នក​បាត់​ខ្លួន​អាច​រង់ចាំ​នៅ​ទីនោះ​។​តែ​ការងារ​របស់​ពួកគេ​រារាំង​ដោយ​ការ​ធ្លាក់ភ្លៀង​ជាប់​​ដែល​បណ្តាលអោយ​ទឹក​ហូរ​ចូល​ល្អាង​។​

​ក្រុមទី​២ គឺ​ផ្តោតលើ​ការ​ខួង​រន្ធ​នៅ​តំបន់​មួយចំនួន​លើ​ល្អាង​ដើម្បី​បាន​ប្រហោង​ទម្លាក់​កាមេរ៉ា​ថត​យក​រូបភាព​ក្នុង​ល្អាង​ក្រែង​ឃើញ​ជនរងគ្រោះ​។​អ្នកស្វែងរក​មួយក្រុម​ទៀត​​គឺ​ក្រុមទី​៣ កំពុង​ដើររក​សព្វ​ព្រៃ​លើ​ល្អាង​ភ្នំ​នៃ​តំបន់​នោះ ក្រែង​មាន​ច្រកចូល​ឬ​កន្លែង​ដែលមាន​ទឹក​ហូរ​ចូល​ដើម្បី​បង្វែរ​ទឹក​កុំអោយ​ចូលក្នុង​ល្អាង​៕​ដោយៈ​វាសនា​

​ការងារ​ស្វែងរកជនរងគ្រោះត្រូវ​រារាំង​ដោយ​ការ​ធ្លាក់ភ្លៀង​ជាប់​​ដែល​បណ្តាលអោយ​ទឹក​ហូរ​ចូល​ល្អាង​