ចិន​បដិសេធថា​ខ្លួន​មិនបាន​លបលួច​ចូលមក​អ៊ីមែល​របស់លោក​ស្រី​គ្លី​ន​តុ​ន​ទេ​

675
ចែករម្លែក

​ទីភ្នាក់ងារ FBI កាលពី​ថ្ងៃ​ពុធ​ទី​២៩​សីហា​បាន​និយាយថា ខ្លួន​មិនបាន​រកឃើញ​ភស្តុតាង​ណាមួយ​ដែលថា​សឺ​វើ​អ៊ីមែល (Server) របស់​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ត្រូវបាន​លបលួច​ចូល​មើល​នោះទេ ពោលគឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​លើ​ធ្វី​ត​ធឺ អំពី​របាយការណ៍​ដែល​អះអាងថា ចិន​បាន​ហ៊ែ​ក (Hack) ចូល​សឺ​វើ​អ៊ីមែល​នោះ​។​

​លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅលើ​ធ្វី​ត​ធឺ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា “​របាយការណ៍​ចេញមក​ហើយ​៖ ចិន​បាន​លួច​ចូល​អ៊ីមែល​ឯកជន​របស់​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។ តើ​ពួកគេ​ប្រាកដ​ទេ​ថា​វា​មិនមែនជា​រុស្ស៊ី (​គ្រាន់តែ​និយាយ​លេងសើច​ទេ​!)? តើ​អ្វី​ទៅជា​ភាពខុសគ្នា​របស់ FBI និង DOJ អំពី​ប្រធានបទ​នេះ​? ពិតណាស់ វា​គឺជា​រឿង​ធំ​ណាស់​។ ជា​ដំណឹង​សម្ងាត់​បំផុត​!”​។​

​សារ​ធ្វី​ត​ធឺ​នេះ​ត្រូវបាន​តាម​ពីក្រោយ​ដោយសារ​ធ្វី​ត​ធឺ​មួយទៀត​បន្ទាប់ពី​ពាក់​កណ្តាលអធ្រាត្រ ដែល​គាត់​បាន​និយាយថា “​អ៊ីមែល​របស់​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​ភាគច្រើន​ជា​ព័ត៌មាន​សម្ងាត់ ត្រូវបាន​ហ៊ែ​កដោយ​ចិន​។ ចំណាត់ការ​បន្ទាប់​គឺ​គួរ​ធ្វើឡើង​ដោយ FBI និង DOJ ឬ​មិន​អ៊ីចឹង​ទេ បន្ទាប់ពី​កំហុសឆ្គង​ផ្សេងទៀត​របស់​ពួកគេ (Comey, McCabe, Strzok, Page, Ohr, FISA, Dirty Dossier ជាដើម​) ភាពជឿជាក់​របស់​ពួកគេ​នឹង​បាត់បង់​ជា​រៀងរហូត​!”​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ FBI បាន​និយាយថា “FBI មិនបាន​រកឃើញ​ភស្តុតាង​ណា​ដែលថា​សឺ​វើ​នោះ​ត្រូវបាន​រំខាន​នោះទេ​”​។​

​ទីភ្នាក់ងារសារព័ត៌មាន Associated Press បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមមន្ត្រី FBI និង​ក្រសួងយុត្តិធម៌​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា គ្មាន​ភស្តុតាង​ដែលថា​សឺ​វើ​របស់​គ្លី​ន​តុ​ន​ត្រូវបាន​ហ៊ែ​កដោយ​មហាអំណាច​បរទេស​នោះទេ​។

​អតីត​នាយក FBI លោក ជែ​ម ខូ​មេ (James Comey) បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ថា FBI រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​ថា សឺ​វើ​ត្រូវបាន​ហ៊ែ​ក​នោះទេ ប៉ុន្តែ​គាត់​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា “​ដោយហេតុថា​ចរិត​នៃ​ប្រព័ន្ធ​កុំព្យូទ័រ និង តួអង្គ​ពាក់ព័ន្ធ​” វា​មិន​ទំនង​ឱ្យ​ទីភ្នាក់ងារ​ស៊ើប​ការ​អាច​រកឃើញ​ភស្តុតាង​ដោយផ្ទាល់​ណាមួយ​ឡើយ​។ នេះ​ហើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា ការចោទប្រកាន់​បែបនេះ​គឺ​មិនមែនជា​រឿង​ថ្មី​នោះទេ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុ​ង​យី​ង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​វា​មិនមែនជា​លើក​ទី​១​ទេ ដែល​យើង​ត្រូវបាន​ចោទប្រកាន់​អំពី​រឿង​បែបនេះ​”​។​

​លោកស្រី​ហួ​បាន​និយាយថា សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​គឺជា​បញ្ហា​សកល​ទាក់ទង​នឹង​ផលប្រយោជន៍​របស់​ប្រទេស​ទាំងអស់ និង​ត្រូវតែ​ទទួលបាន​ការការពារ​ដោយ​សហគមន៍​អន្តរជាតិ​។

​លោកស្រី​ហួ​បាន​និយាយថា “​ប្រទេស​ចិន​គឺជា​អ្នកគាំទ្រ​ដ៏​មុតមាំ​ដល់​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត និង​ប្រឆាំង​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់​និង​បង្ក្រាប​រាល់​ទម្រង់​នៃ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​និង​សកម្មភាព​ចារកម្ម​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន