ចិន​បដិសេធ​ទិដ្ឋាការ​និង​បណ្តេញ​អ្នកសារព័ត៌មាន​របស់​កាសែត Wall Street Journal

516
ចែករម្លែក

​អាជ្ញាធរ​ចិន​បាន​បដិសេធ​ក្នុង​ការបន្ត​ផ្តល់​ប័ណ្ណសម្គាល់ខ្លួន​ដល់​អ្នកសារព័ត៌មាន​ម្នាក់​របស់​កាសែត Wall Street Journal ប្រចាំ​ទីក្រុង​ប៉េកាំង ដោយ​បណ្តេញ​អ្នកសារព័ត៌មាន​រូបនេះ​ចេញពី​ប្រទេស​តែម្តង ដែល​កន្លងមក​គាត់​តែងតែ​គ្របដណ្តប់​លើ​ព័ត៌មាន​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង​និង​នយោបាយ​បក្ស​កុម្មុយនីស្ត​។​

​ការបណ្តេញចេញ​អ្នកយកព័ត៌មាន​ជនជាតិ​សិង្ហ​បុរី​លោក​ជុន ហាន​វង់ កាលពី​ថ្ងៃ​សុក្រ​ទី​៣០​សីហា បាន​កើតឡើង​មួយខែ​គត់​បន្ទាប់ពី​គាត់​និង​អ្នកយកព័ត៌មាន​របស់ WSJ ម្នាក់ទៀត​បាន​សរសេរ​រឿងរ៉ាវ​លម្អិត​អំពី​ការស៊ើបអង្កេត​របស់​អូស្ត្រាលី​ទៅលើ​ការជាប់​ទាក់ទង​របស់​បងប្អូន​ជីដូនមួយរ​បស់​លោក​ស៊ី​ចំពោះ​ការលេង​ល្បែងស៊ីសង​ភ្នា​ក់​ធំៗ ការលាង​លុយកខ្វក់ និង ឧក្រិដ្ឋកម្ម​ចាត់តាំង​សង្ស័យ​មួយ​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​ការឆ្លើយតប​តាម​ទូរសារ​ទៅនឹង​សំណួរ​អំពី​ស្ថានភាព​របស់លោក​វង់​ថា “​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​គោលបំណង​អាក្រក់​របស់​អ្នកសារព័ត៌មាន​បរទេស​ដើម្បី​លាប​ពណ៌​និង​វាយប្រហារ​ចិន​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា អ្នកសារព័ត៌មាន​បែបនេះ​មិន​ត្រូវបាន​ស្វាគមន៍​ទេ​។​

​ក្រុមហ៊ុន Dow Jones ដែលជា​ក្រុមហ៊ុនមេ​របស់​កាសែត WSJ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អាជ្ញាធរ​ចិន​បាន​បដិសេធ​ក្នុង​ការបន្ត​ផ្តល់​ប័ណ្ណសម្គាល់ខ្លួន​របស់លោក​វង់​។ សេចក្តីថ្លែងការណ៍​បាន​និយាយថា​ក្រុមហ៊ុន​កំពុង​ពិនិត្យមើល​បញ្ហា​នេះ​ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​ទេ​។ លោក​វង់​អាយុ ៣៣ ឆ្នាំ ដែល​បាន​រាយការណ៍​នៅក្នុង​ប្រទេស​ចិន​តាំងពី​ឆ្នាំ ២០១៤ បាន​បដិសេធ​ផ្តល់​អត្ថាធិប្បាយ​។​

​អ្នកសារព័ត៌មាន​បរ​ទេស​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ត្រូវការ​ប័ណ្ណសម្គាល់ខ្លួន​សារព័ត៌មាន​ដែលមាន​សុពលភាព​ដើម្បី​បន្ត​ទិដ្ឋាការ​អ្នកសារព័ត៌មាន​របស់​ពួកគេ​។ ទិដ្ឋាការ​និង​ប័ណ្ណសម្គាល់ខ្លួន​របស់​អ្នកយកព័ត៌មាន មាន​រយៈពេល​នៃ​សុពលភាព​ដូចគ្នា ហើយ​ជាទូទៅ​ត្រូវតែ​បន្ត​ជាថ្មី​មួយ​លើក​ក្នុង​មួយឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ស៊ី​ជីន​ពីង​អង្គុយ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាល​ប្រជាជន​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១៩
#