ចិន​បដិសេធ​របាយការណ៍​ដែលថា​ខ្លួន​សាងសង់​មូលដ្ឋានទ័ព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

498
ចែករម្លែក

ចិនកាលពីថ្ងៃពុធទី២៩សីហាបានបដិសេធរបាយការណ៍សារព័ត៌មានមួយដែលថាខ្លួនមានផែនការសង់មូលដ្ឋានទ័ពមួយនៅអាហ្វហ្គានីស្ថាន ក្រោយពីកាសែតហុងកុងមួយបាននិយាយថារដ្ឋាភិបាលក្រុងប៉េកាំងកំពុង​សាងសង់ជំរំហ្វឹកហាត់មួយសំរាប់ទាហានអាហ្វហ្គានីនិងក៏អាចបញ្ជូនទាហានរបស់ខ្លួនមកឈរជើងនៅទីនោះផងដែរ។

កាសែតThe South China Morning Post (SCMP)ដែលបាននិយាយយោងតាមប្រភពមិនបញ្ជាក់មួយបាននិយាយថា ចិនបាននិងកំពុងសាងសង់ជំរំមួយនៅរបៀង Wakhan Corridor ដែលភ្ជាប់ប្រទេសទាំងពីរ។ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន ហួ ជុនយីង បានច្រានចោលរបាយការណ៍នេះដោយថា”ក្រោយពិនិត្យវា របាយការណ៍នេះមិនពិត”។

ហួបានបន្ថែមថា” មិនមានការសាងសង់និងហ្វឹកហាត់ទេ វាមិនពិត”។

វាមិនមែនជារបាយការណ៍លើកដំបូងទេដែលនិយាយអំពីចិនស្វះស្វែងបង្កើតវត្តមានយោធានៅអាហ្វហ្គានីស្ថាន តែចិនបានបដិសេធរហូត។កាលពីខែមករា ក្រសួងការពារជាតិចិនបានបដិសេធរបាយការណ៍ស្រដៀងគ្នាមួយដែលថា ខ្លួនមានផែនការសាងសង់មូលដ្ឋានយោធាមួយនៅអាហ្វហ្គានីស្ថាន។

តាមពិតចិនមានការព្រួយបារម្ភជាយូរមកហើយអំពីអស្ថិរភាពនៅអាហ្វហ្គានីស្ថានអាចរាលចូលក្នុងតំបន់រំជើបរំជួលស៊ីនជាំងរបស់ខ្លួន ។នៅប៉ុន្មានឆ្នាំមកនេះ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ខាងលិចនេះក្នុងអំពើហិង្សាដែលចិនបន្ទោសលើពួកសកម្មប្រយុទ្ធអ៊ីស្លាម៕ដោយ៖វាសនា

ព័ត៌មានពាក់ព័ន្ធ៖ចិន​សាងសង់​មូលដ្ឋាន​ហ្វឹកហាត់​យោធា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​