ចិន​បន្ទោស​អាម៉េរិក​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម ប៉ុន្តែ​ចិន​នឹងមិន​ធ្វើឱ្យ​ជម្លោះ​នេះ​រីក​រាលដាល​ធំ​នោះទេ​

605
ចែករម្លែក

​ចិន​បាន​វាយបក​លើ​នៅ​អាម៉េរិក​វិញ​កាលពី​ថ្ងៃអាទិត្យ​ទី​២​មិថុនា​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដោយ​ចេញ​របាយការណ៍​មួយ ដែល​ស្តីបន្ទោស​ជម្លោះ​នេះ​ទៅលើ​នៅ​រដ្ឋបាល​ត្រាំ ប៉ុន្តែ​បាន​ទប់ស្កាត់​មិនឱ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រីក​រាលដាល​ឡើយ​។​

​របាយការណ៍​របស់​កា​រិ​យា​ល័យ​អ្នកនាំពាក្យ​របស់​គណៈរ​ដ្ឋ​មន្ត្រី​ចិន​បាន​និយាយថា ចិន​នឹងមិន​ចុះ​ញ៉ម​នឹង​បញ្ហា​គោលការណ៍​សំខាន់ៗ​នោះទេ ប៉ុន្តែ​មិនបាន​បកស្រាយ​ថា​តើ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​លើ​ពិភពលោក​នេះ​អាច​នឹង​សងសឹក​ប្រឆាំងនឹង​ពន្ធ​លើ​ទំនិញ​របស់​អាម៉េរិក​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន​ដោយ​របៀប​ណា​ឬ​យ៉ាងណា​នោះទេ​។​

​របាយការណ៍​នេះ​បាន​និយាយថា ចិន​បាន​រក្សា​ពាក្យសន្យា​របស់ខ្លួន​នៅ​ទូទាំង​ការចរចា ១១ ជុំ ហើយនឹង​គោរព​តាម​ការប្តេជ្ញា​របស់ខ្លួន ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​។ ចិន​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​ត្រឡប់​ទៅក្រោយ​៣​ដង​ក្នុងអំឡុងពេល​នៃ​ការចរចា​នេះ ដោយ​ណែនាំ​ពន្ធ​ថ្មី​និង​លក្ខខណ្ឌ​ផ្សេងទៀត​ហួស​ពី​អ្វីដែល​ត្រូវបាន​ព្រមព្រៀងគ្នា​។​

​របាយការណ៍​នោះបាន​និយាយថា “​ប៉ុន្តែ​ការដែល​រដ្ឋាភិបាល​អាម៉េរិក​ត្រូវបាន​ផ្តល់ជូន​កាន់តែច្រើន ពួកគេ​កាន់តែ​ចង់បាន​ច្រើនជាង​នេះ​” ដោយ​ចោទ​ពួក​អ្នកចរចា​របស់​អាម៉េរិក​ថា​បាន​ងាក​មក​ប្រើ “​ការបំភិតបំភ័យ​និង​ការបង្ខិតបង្ខំ​”​។​

​របាយការណ៍​បានឱ្យដឹងថា “​អធិបតេយ្យភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេសមួយ​ត្រូវតែ​គោរព​ហើយ​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំងពីរ​សម្រេចបាន​ត្រូវតែ​ផ្អែកលើ​សមភាព​និង​ផលប្រយោជន៍​ទៅវិញទៅមក​”​។​

​របាយការណ៍​ដែល​បាន​លើក​មក​និយាយ​នៅឯ​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ហាក់ដូចជា​ការប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​អំណះអំណាង​របស់​ចិន​និង​បង្ហាញ​ពី​ជំហរ​របស់ខ្លួន​ក្នុងការ​ប្រឈមមុខ​នឹង​អ្វីដែល​មើលទៅ​ដូចជា​ជម្លោះ​អូសបន្លាយ​ពេល​យូរ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ចិន​បាន​ប្រមូល​តំណាង​របស់ខ្លួន​នៅ​បរទេស​ដើម្បី​ពន្យល់​ពី​ជំហរ​របស់ខ្លួន​ដល់​ប្រិយមិត្ត​ជនបរទេស ខណៈដែល​ក្រុម​ឃោសនា​ក្នុងស្រុក​បានធ្វើការ​បន្ថែម​ម៉ោង​ដើម្បី​បញ្ចុះបញ្ចូល​សាធារណជន​អំពី​សេចក្តី​សុចរិត​នៃ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​។​

​លោកស្រី​លីន​ដា លីម សាស្ត្រាចារ្យ​នៅ​សាលា​ជំនាញ​ធុរកិច្ច​រ៉ូ​ស​នៅ​សាកលវិទ្យាល័យ​មី​ស៊ី​ហ្គែ​ន បាន​និយាយថា របាយការណ៍​នេះ​មិន​តំណាងឱ្យ​ការពង្រីក​ជម្លោះ​ពី​ខាង​ចិន​នោះទេ ប៉ុន្តែ​វា​ជាការ​ទទូច​ម្តង​ទៀតថា គោលជំហរ​របស់​រដ្ឋា​ភិ​បាល​ចិន​គឺ​ច្បាស់លាស់ និង​ស្ថិតក្នុង​មា​គា​អាច​វាស់វែង​បាន ដែល​ទុក​ផ្លូវ​សម្រាប់​ការចរចា​។

​លោកស្រី​និយាយថា “​របាយការណ៍​នេះ​គឺ​ដូច​បោះ​បាល់​ទៅខាង​ទីលាន​របស់​អាម៉េរិក​វិញ​”៕ ដោយ៖ កញ្ញាដាលីស

អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​លោក​វ៉ាង ស៊ូ​វិ​ន និយាយ​អំឡុង​សន្និសីទ​អំពី​បញ្ហា​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក​នៅ​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ