ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍​បន្ថែមទៀត​ទៅ​ដង​តារាវិថី​

420
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ​បាន​រាយការណ៍​ថា ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Yaogan-30 ចំនួន ៣ គ្រឿង​បន្ថែមទៀត​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ី​ចាង​នៅ​ភាគ​និរតី​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៦​កក្កដា​។​

​របាយការណ៍​បានសរសេរថា ផ្កាយរណប ដែល​ដឹក​ទៅ​ដា​ក់នៅ​ដង​តារាវិថី​ដោយ​រ៉ុក្កែត Long March-2C នឹងត្រូវ​ប្រើ​ជា​ចម្បង​សម្រាប់​ការស្វែងរក​អេ​ឡិច​ត្រូ​ម៉ាញេទិក និង “​ការធ្វើ​តេ​ស្តិ៍​បច្ចេកវិជ្ជា​ពាក់ព័ន្ធ​”​។​

​ផ្កាយរណប Yaogan-30 ត្រូវគេ​ជឿ​ជាទូទៅ​ថា​ត្រូវបាន​រចនា​ឡើង​សម្រាប់​គោលបំណង​ស៊ើបការណ៍​ផ្នែក​យោធា ហើយ​អាច​កំណត់​ទីតាំង​ភូមិសាស្ត្រ​សម្រាប់​យោធា ជាពិសេស​នាវាចម្បាំង ដោយ​ស្ទាក់​រំខាន​ការបញ្ជូន​រលក​អេ​ឡិច​ត្រូ​ម៉ាញេទិក ដូចជា រ៉ា​ដា​។​

​ផ្កាយរណប​ទាំងនេះ​ត្រូវ​បានដាក់​នៅក្នុង​គន្លង​ផែនដី​ទាប ដែលមាន​រយៈកម្ពស់ ៦០០ គីឡូម៉ែត្រ​លើ​ផែនដី និង មាន​ជម្រាល ៣៥ ដឺ​ក្រេ​។​

​បួន​ក្រុម​ដំបូង​នៃ​ផ្កាយរណប Yaogan-30 ត្រូវបាន​បាញ់​បង្ហោះ​អំឡុង​រយៈពេល ៤ ខែ គឺ​ចាប់ពី​ខែកញ្ញា​ឆ្នាំ ២០១៧ ដល់​ខែមករា​ឆ្នាំ ២០១៨​។ ការបាញ់​បង្ហោះ​ក្រុម​ចុងក្រោយ​បំផុត​នេះ​បាន​បង្កើន​ចំនួន​ផ្កាយរណប​នៅក្នុង​ដង​តារាវិថី​រហូតដល់ ១៥ គ្រឿង​ហើយ​៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប Yaogan-30 សរុប ១៥ គ្រឿង​ហើយ​ត្រូវបាន​បង្ហោះ​ទៅ​ដង​តារាវិថី