ចិន​បើក​រថយន្តបុក​មនុស្ស​ស្លាប់​, ចៅក្រម​ខេត្តស្ទឹងត្រែង​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​

2102
ចែករម្លែក

ដោយៈ សុខុម / ស្ទឹងត្រែង​៖ ករណី​ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ចៅក្រម នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​។ ការដោះលែង​នេះ បង្ក​ឲ្យ​មានការ​សង្ស័យ​ចំពោះ​លោក​ចៅក្រម​រូបនោះ​។ រឿងនេះ​គួរតែ​ក្រសួងយុត្តិធម៌​បើក​ការស៊ើបអង្កេត​ឡើងវិញ​។​

​បើតាម​ការ​សួរ​ទៅ​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បានឱ្យដឹងថា រឿ​នេះ​លោក​បានសម្រេច​ដាក់​បណ្តឹងឧទ្ធរណ៍ រួច​ហើយដោយ​ផ្អែកទៅលើ​មូលហេតុ​មួយចំនួន ដូចជា​ជន​ត្រូវ​ចោទ បើកបរ​រថយន្ត​ដោយ​គ្មាន​ប័ណ្ណបើកបរ​បាន​បង្ក គ្រោះថ្នាក់​ចរាចរ បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​។ ជន​ត្រូវ​ចោទ​គ្មាន​ទីលំនៅ​ក្នុង​ដែនដី​ខេត្តស្ទឹងត្រែង មិនអាច​ធានាបាន​ថា នឹង​ចូលខ្លួន​ចំពោះមុខ​តុលាការ​បានឡើយ​។ ដូច្នេះ​ការយល់ឃើញ​របស់​ចៅក្រម​ស៊ើបសួរ មិន​សម​ហេតុផល​ឡើយ​។ ម្យ៉ាងទៀត នៅពេល​អនុវត្ត​នីតិវិធី នៃ​ការ​បង្ហាញខ្លួន​លើកដំបូង និង​ការសាកសួរ​ចម្លើយ​ជន​ត្រូវ​ចោទ​ចៅក្រម​ស៊ើបសួរ មិនបាន​ជូនដំណឹង មក​តំណាង​អយ្យការ ចូលរួម​និង​ធ្វើ​សេចក្តីសន្និដ្ឋាន​អំពី​ហេតុផល ដែល​តំណាង​អយ្យការ​ស្មើ​សុំ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​នោះឡើយ​។​

​សំណុំរឿង​មួយ​នេះ អាច​នឹងមាន​ហេតុផល​ណាមួយ ទើបបានជា​លោក​ចៅក្រម​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​។ ក៏ប៉ុន្តែ​បើ​យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​បញ្ជាក់ថា ជន​ណា​ដែល​គ្មាន​ប័ណ្ណបើកបរ បង្កឱ្យមាន​មនុស្ស​ស្លាប់​ត្រូវ​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ និង​ពិន័យ​ប្រាក់​រាប់សែន​រៀល​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៨ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៩ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង មាន​ករណី​គ្រោះថ្នាក់​ចរាចរ មួយ​បាន​កើតឡើង រវាង​រថយន្ត​និង​ម៉ូតូ​បុក​គ្នា បណ្តាលឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់ថា ឈ្មោះ ឈៀន ហួយ​ជែង ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជនជាតិ​ចិន មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន សៀង ហៃ​(​ធ្វើ​ផ្លូវ​) ស្នាក់នៅ​ការដ្ឋាន​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ​។ ជនជាតិ​ចិន​រូបនេះ បាន​បើករថយន្ត​ម៉ាក​ហ្វ​ត រ៉េ​ង​ជឺ (FORD RANGER) ពណ៌​ទឹកមាស ស្លាក​លេខ AT17.2-0323 បើកបរ​ពី​ទិសខាងកើត​ទៅ​លិច បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ​ស្លាក​លេខ​ស្ទឹងត្រែង​1B.2956 បើកបរ​ពី​ទិស​លេចទៅ​កើត​បត់​ឆ្វេង​ទៅ​ទិស​ខាងជើង​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ពេជ្រ គ្រឿន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កាំ​ង​មេម៉ាយ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់ពី​ជនជាតិ​ចិន​បើករថយន្ត​បុក​។​
​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ប៉ូលិស​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ដកហូតយក​រថយន្ត​រួមទាំង​ម៉ូតូ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ឈ្មោះ ឈៀន ហួយ​ជែង អ្នកបើករថយន្ត​ពិតជា​បាន​ល្មើសច្បាប់​ចរាចរណ៍ ដោយសារ​បើកបរ ល្បឿន​លឿន​និង​គ្មាន​ប័ណ្ណបើកបរ​។ ចំណែក ជនរងគ្រោះ​ជិះ​ម៉ូតូ​ក៏បាន​ល្មើសច្បាប់​ចរាចរណ៍ ដោយ​បើក​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​។​

​ប៉ូលិស​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ហើយ​ក្រោយមក​នៅ​ថ្ងៃទី​១៤​ខែមីនា ជន​ជាតិចិន​ត្រូវបាន​លោក គង់ កូ​មិ​ន្ទ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង សម្រេច​មិន​ឃុំខ្លួន​ភាគី​រថយន្ត​នោះឡើយ ដោយមាន​ហេតុផល​ថា ជន​ត្រូវ​ចោទ​មាន​អាសយដ្ឋាន​ច្បាស់លាស់​។​

​ទាក់ទង​ទៅនឹង​រឿងនេះ​នៅ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៨ រស្មី​កម្ពុជា​បាន​ទាក់ទង​សួរ​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​បញ្ជាក់ថា ក្រុមគ្រួសារ​ជនរងគ្រោះ​ទទួលបាន​ប្រាក់​ចំនួន​បួន​ពាន់​ដុល្លារ ពី​ជន​ជាតិចិន​ដើម្បី​បញ្ចប់រឿង​។ ប៉ុន្តែ​ម៉ូតូ​របស់​ជនរងគ្រោះ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​មិនទាន់​យកទៅ​មកប្រើប្រាស់​បាន​នៅឡើយ​ទេ​។​

​យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មាត្រា​៨៥​បាន​ចែងថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទបញ្ញត្តិ ស្តីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក​តម្រូវឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១៥​លាន​រៀល និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន​ជាងនេះទៀត​។ បើ​ទោស​ធ្ងន់​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចាប់​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ចាប់ពី​១០​លាន​រៀល​ទៅ​២៥​លាន​រៀល​។ រឿង​ជនជាតិ​ចិន​នេះ បើកបរ​រថយន្ត​ដោយ​គ្មាន​ប័ណ្ណ បើកបរ បង្កឱ្យមាន​មនុស្ស​ស្លាប់​តាម​មាន​ត្រា​៨៥​កថាខណ្ឌ​ទី​២​ចំណុច ក​។ បើកបរ​ដោយ​គ្មាន​ប័ណ្ណ បើកបរ​ឬ​មាន​ប័ណ្ណបើកបរ តែ​មិន​ត្រឹមត្រូវ តាម​ប្រភេទ​រថយន្ត​។ ហេតុផល​នេះ ជនជាតិ​ចិន​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់ បើទោះបីជា​បាន​បង់ប្រាក់​សំណង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​យ៉ាងណាក៏ដោយ​៕L

#