ចិន​ប្តេជ្ញា​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​អាម៉េរិក​ដែល​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​

447
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ខែ​សីហា​នេះ​បាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការលក់​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក​ទៅឱ្យ​តៃវ៉ាន់​ដោយ​ហៅ​វា​ថា​ជា​ការរំលោភ​លើ​សេចក្តីប្រកាស​រួម​ចិន​-​អាម៉េរិក​ទាំង​៣​។ ចំណាត់ការ​នេះ​នឹង​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​។​

​លោក Ma Xiaoguang អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុមប្រឹក្សា​រដ្ឋ​បាន​ទទូច​ដល់​សហរដ្ឋ​អាម៉េរិក​ឱ្យ​បញ្ឈប់​ការគាំទ្រ​ដល់​កងកម្លាំង​”​ឯករាជ្យ​តៃវ៉ាន់​”​ដែល​ព្យាយាម​​បំបែក​កោះ​តៃវ៉ាន់​ចេញពី​ប្រទេស​ចិន ដោយ​បន្ថែម​ថា​ចេតនា​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការលក់​យន្តហោះ​ចម្បាំង​F-16 ច្រើន​គ្រឿង​ទៅឱ្យ​តៃវ៉ាន់ ប្រឆាំង​នឹង​គោលនយោបាយ​​ចិន​តែមួយ​។​

​កាលពី​ពេលមុន​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang​ក៏​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាម៉េរិក​បញ្ឈប់​ការលក់​អាវុធ​និង​បញ្ចប់​ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់​​ផងដែរ​។​

​លោក Geng Shuang បាន​និយាយថា​ចិន​នឹង​ដាក់​ទណ្ឌកម្ម​លើ ក្រុមហ៊ុន​អាម៉េរិក​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការលក់​យន្តហោះ​ចម្បាំង F-16 ជាច្រើន​គ្រឿង​ទៅឱ្យ​កោះ​តៃវ៉ាន់​​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​។​

​លោក​បាន​បន្ថែមថា ” សកម្មភាព​របស់​អាម៉េរិក​រំលោភ​លើ ច្បាប់​អន្តរជាតិ​និង​គោលការណ៍​ចិន​តែមួយ​។ វា​ជា​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​យើង​បាន​​ធ្វើការ​តវ៉ា​ដល់​ភាគី​អាម៉េរិក​។ ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ដោយយោង​តាម​ការវិវត្ត​ណាមួយ​ដែល​ទាក់ទង​នឹង​បញ្ហា​នេះ​”៕​ប្រែ​សម្រួល​៖​សុខា/sn​

អាម៉េរិក​នៅតែ​បន្ត​លក់​យន្តហោះ​អោយ​តៃវ៉ាន់​ទៅ​ជា​ចិន​បាន​ព្រមាន

#