ចិន​ប្តេជ្ញា​វាយ​ពន្ធ​សងសឹក​លើ​ទំនិញ​អាមេរិក​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​

894
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​១១​កក្កដា​បាន​សន្យាថា​នឹង “​ចាត់វិធានការ​វាយបក​វិញ​” បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​និយាយថា​ខ្លួន​នឹង​វាយ​ពន្ធ​ចំនួន ១០ ភាគរយ​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ដូច​សព្វមួយដង រដ្ឋាភិបាល​ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាត់វិធានការ​វាយបក​ចាំបាច់​វិញ​នោះឡើយ​”​។​

​ក្រសួង​បាន​និយាយថា​ខ្លួន “​តវ៉ា​យ៉ាង​មុតមាំ​” ចំពោះ​បញ្ជី​ពន្ធ​ចុងក្រោយ​បំផុត​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដោយ​ហៅ​បញ្ជី​នោះ​ថា “​មិនអាច​ទទួលយកបាន​ទាំងស្រុង​”​។​

​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា “​ប្រភេទ​នៃ​ឥរិយាបថ​មិន​សម​ហេតុផល​បែបនេះ​គឺ​មិនមាន​ប្រជាប្រិយភាព​នោះទេ​” ដោយ​បន្ថែមថា ចិន​នឹង​ដោះស្រាយ​រឿងក្តី​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។​

​ការស្នើ​វាយ​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​ទំនិញ​ចិន​ចុងក្រោយ​បំផុត​នេះ​បានបង្ហាញ​ពី​ការកើនឡើង​ខ្លាំង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​២​លើ​សកលលោក ដែល​បានចាប់ផ្តើម​វាយ​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក ២៥ ភាគរយ​លើ​ទំនិញ​ដែលមាន​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃទី ៦ កក្កដា ជាមួយ​ការ​វាយ​ពន្ធ​មួយទៀត​លើ​ទំនិញ​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​កំពុង​ជិត​ធ្វើឡើង​ឆាប់ៗ​នេះ​។

​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃ​អង្គារ (​ថ្ងៃទី ១០ កក្កដា​) បានឱ្យដឹងថា ការ​វាយ​ពន្ធ​ដែល​ស្នើឡើង​របស់​អាមេរិក​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​អាច​នឹង​ចូល​ជា​ធរមាន បន្ទាប់ពី​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​បញ្ចប់​នៅ​ថ្ងៃទី ៣០ ខែសីហា​ខាងមុខ​។​

​បញ្ជី​នៃ​ទំនិញ​ដែល​បានដាក់​ស្នើឱ្យ​វាយ​ពន្ធ​រួមមាន​សម្ភារៈប្រើប្រាស់​ដូចជា​សម្លៀកបំពាក់ គ្រឿង​ទូរទស្សន៍​និង​ទូទឹកកក​ក៏ដូចជា​សម្ភារៈ​បច្ចេកវិជ្ជា​ផ្សេងៗ​ទៀត​ជាច្រើន ប៉ុន្តែ​វា​បានដាក់​បញ្ចូល​ផលិតផល​ល្បីៗ​មួយចំនួន ដូចជា ទូរស័ព្ទ​ចល័ត​ជាដើម​៕ ដោយ៖ កញ្ញាដាលីស

ការ​វាយ​ពន្ធ​ដែល​ស្នើឡើង​របស់​អាមេរិក​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​អាច​នឹង​ចូល​ជា​ធរមាន បន្ទាប់ពី​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​បញ្ចប់​នៅ​ថ្ងៃទី ៣០ ខែសីហា​ខាងមុខ