ចិន​ប្តេជ្ញា​សងសឹក​បើ​អាម៉េរិក​បន្ត​យក​ពន្ធ​លើ​ទំនិញ​ចិន​បន្ថែម​

330
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បានប្រកាសថា លោក​សម្លឹង​ទៅ​រក​ការពន្យារពេល​ដាក់ចេញ​ពន្ធ​ថ្មី​លើ​ទំនិញ​នៅ​សេសសល់​របស់​ចិន ដែល​នាំចូល​អាម៉េរិក​ក្នុង​បំណង​​បញ្ចៀស​ការ​ធ្វើ​អោយ​ប៉ះពាល់​អ្នក​ទិញ​ទំនិញ​នៅ​អាម៉េរិក​មុន​បុណ្យ​គ្រី​សម៉ាស​។​

​តែ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក​ហ្កា​វ ហ្វេ​ង បាន​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​សីហា​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនបាន​កែ​តំរូវ​«​អំពើ​ខុសឆ្គង​»​របស់ខ្លួន នោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ចាត់វិធានការ​តប​។​

​លោក​ហ្វេ​ង​បាន​បន្ថែមថា ពន្ធ​ថ្មី​ជៀស​មិន​ផុតពី​នាំ​អោយ​សភាពការណ៍​កាន់​តែ​អាក្រក់​ឡើង មិន​ថា​អាម៉េរិក​ពន្យារ​ពេល​អនុ​វត្ត​វា ដូច​ការ​ប្រកាស​ឡើង​ដោយ​លោក​ត្រាំ​ដែរ​ឬ​​អត់​ទេ​។​ទោះជា​យ៉ាងណា មន្ត្រី​ចិន​រូបនេះ​សង្ឃឹមថា អាម៉េរិក​នឹង​បញ្ឈប់​និន្នាការ​បច្ចុប្បន្ន​របស់​ខ្លួន​ប្រឆាំង​ចិន​។​

​ពួក​អ្នក​នាំចេញ​កំពុង​ត្រៀម​ខ្លួន​ចំពោះ​ការដំឡើង​ពន្ធ​ពី​សំណាក់​អាម៉េរិក​នៅ​ថ្ងៃ​០១​កញ្ញា លើ​ទំនិញ​ចិន​ជាង​១០០​ពាន់​លាន​ដុល្លារ​។​

​កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី​អាម៉េរិក បានប្រកាស​ខ្លួនឯង​ថា​លោក​ជា​«​ជំរើស​មួយ​» ដើម្បី​ដាក់ទោស​ចិន​ចំពោះ​ការបោកប្រាស់​អស់​ពេល​រាប់​ឆ្នាំ​។​ត្រាំ​បាន​និយាយថា ពួក​អ្នក​​ដឹកនាំ​អាម៉េរិក​មុនៗ មិន​បាន​ប្រឈម​មុខ​ជាមួយ​ចិន​ខាង​ពាណិជ្ជកម្ម ជាហេតុ​នាំ​អោយ​ផលវិបាក​ស្មុគស្មាញ​បន្សល់​ដល់​សព្វថ្ងៃ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​និង​ចិន​បាន​ជាប់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​មួយ​ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​២០១៨ នៅពេល​ត្រាំ បានប្រកាស​យក​ពន្ធ​លើ​ទំនិញ​ចិន​នាំចូល​អាម៉េរិក​តំលៃ​៥០​ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើអោយ​ឱនភាព​ពាណិជ្ជកម្ម​មាន​តុល្យភាព​ឡើងវិញ​។​ចាប់តាំងពី​ពេលនោះ​មក ប្រទេស​ទាំង​ពីរ​បាន​វាយ​ពន្ធ​សងសឹក​គ្នា​ទៅវិញទៅមក ហើយ​នៅ​ខែ​នេះ​​រដ្ឋបាល​ត្រាំ​បានសំរេច​ពន្យារ​ពេល​យ​ក​ពន្ធ​លើកមុខ​ទំនុញ​ចិន​ដែល​នៅ​សេសសលើ​ពី​ការយកព​ន្ធ​ពិន័យ​មុនៗ ដើម្បី​កុំអោយ​ប៉ះពាល់​អ្នក​ទិញ​ទំនិញ​នៅ​អាម៉េរិក​មុន​បុណ្យ​គ្រីស​​ម៉ាស​៕​ដោយ​៖​វាសនា​

​ហ្កា​វ ៖​យើង​សង្ឃឹមថា អាម៉េរិក​និង​ចិន​អាច​ជួប​និយាយ​គ្នា​និង​រក​ដំណោះស្រាយ​មួយ​។​លោក​គំរាម​ចាត់វិធានការ​សងសឹក បើ​ការ​គំរាម​ដំឡើង​ពន្ធ​របស់​ត្រាំ​ត្រូវបាន​អនុវត្ត​

#