ចិន​ប្រកាស​ករណី​ឆ្លង​វីរុស​រលាក​សួត​ថ្មី​៤​ករណី​ទៀត តែ​អ្នកវិទ្យាសាស្ត្រ​សង្ស័យ​ថា​អាច​ពាន់​នាក់​

216
ចែករម្លែក

​អាជ្ញាធរ​សុខាភិបាល​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​មករា​បាន​និយាយថា គេ​បាន​រកឃើញ​អ្នក​កើត​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​ថ្មី​ចំនួន​៤​ករណី​ទៀត តែ​ពួក​​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា មនុស្ស​ដល់​ទៅ​៤.៥០០​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​នេះ​នៅ​ចិន​។​

​មនុស្ស​៤​នាក់​ត្រូវបាន​រកឃើញ​រោគសញ្ញា​រលាក​សួត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ពួក​គេ​ស្ថិតក្នុង​ស្ថានភាព​នឹងន​រ នេះ​បើ​តាម​គណៈកម្មាធិការ​សុខាភិបាល​ក្រុង​វូ​ហាន​​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ បង្ហាញ​ករណី​ឆ្លង​ថ្មី​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​នៅ​១​ថ្ងៃ​បន្ទាប់ពី​ខ្លួន​បាន​​អះអាង​ការស្លាប់​អ្នក​ជម្ងឺ​ទី​២​។​

​ជា​ផ្លូវការ​មនុស្ស​ជិត​៥០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​វីរុស​រលាក​សួត​ដែលមាន​ប្រភព​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​​ថា​អាច​មាន​ការឆ្លង​រាលដាល​ធំ​ឡើង​។​ប្រជាជន​ចិន​រាប់លាន​នាក់​ត្រូវ​ធ្វើដំណើរ​ទៅ​ស្រុក​និង​វិល​មក​កាន់​កន្លែង​ធ្វើការ​វិញ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​នៅ​ចុងខែ​​នេះ ជាហេតុ​ន​នាំអោយ​មាន​ការព្រួយបារម្ភ​អំពី​ការឆ្លង​វីរុស​នេះ​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ចិន​។​

​ជម្ងឺ​រលាក​សួត​បច្ចុប្បន្ន បង្កឡើង​ដោយ​វីរុស​មួយ​ក្នុង​ក្រុម​កូរ៉ូណា​វីរុស ដែល​បាន​បង្ក​ការផ្ទុះ​ជម្ងឺសា​(SARS)​នៅ​ចិន​និង​អាស៊ី​កាលពី​ឆ្នាំ​២០០២-២០០៣ ដែល​បាន​​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ទូទាំង​ពិភពលោក​។​កូរ៉ូណា​វីរុ​សមួយ​ប្រភេទក៏​បាន​បង្ក​ជម្ងឺ​មឺ​ស​(MERS)​នៅ​មជ្ឈិមបូព៌ា​។

​​សន្តិសុខ​ត្រួតពិនិត្យ​ផ្សារ​អាហារ​សមុទ្រ​នៅ​ក្រុង​វូ​ហាន ដែល​គេ​សង្ស័យថា​ជា​ប្រភព​នៃ​ការផ្ទុះ​ជម្ងឺ​រលាក​សួត​បង្កឡើង​ពី​វីរុស​ថ្មី​

​មន្ត្រី​សុខាភិបាល​ក្រុង​វូ​ហាន បាន​អះអាង​ថា បូក​រួម​ទាំង​ករណី​ថ្មី​៤​ទៀត សរុប​មាន​មនុស្ស​៤៨​នាក់​បាន​ឆ្លង​វីរុស​នេះ តែ​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាល័យ Imperial College London​និយាយថា ចំនួន​នេះ​អាច​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​។​

​ពួក​អ្នកជំនាញ​និយាយថា អ្នកទេសចរ​មក​ពី​ចិន​៣​នាក់​ដែល​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​វីរុស្ស​នេះ នៅក្រៅ​ទីក្រុង​វូ​ហាន វា​បង្ហាញ​ថា​ចំនួន​អ្នក​កើត​ជម្ងឺ​នេះ​អាច​​ខ្ពស់​ជាង​របាយការណ៍​។​ពួកគេ​និយាយថា​វា​អាច​លើ​៤​ពាន់​ករណី​។​

​ថៃ​បាន​ប្រកាស​រកឃើញ​ករណី​អ្នក​ផ្ទុក​វីរុស​នេះ​ទី​២​លើ​ស្ត្រី​ម្នាក់​មក​ពី​ចិន ខណៈ​ជប៉ុន​ក៏​រាយការណ៍​ថា បុរស​ជប៉ុន​ម្នាក់​ដែល​ទើប​មកពី​ដើរលេង​នៅ​ចិន​ក៏​ឆ្លង​វីរុស​​នេះដែរ​។​

​ប្រឈម​នឹង​ការប្រកាស​រកឃើញ​ករណី​ថ្មីៗ អាម៉េរិក​បាន​និយាយថា​ខ្លួន​នឹង​ចាប់ផ្តើម​ពិនិត្យ​អ្នកដំណើរ​ចូល​មក​ពី​ចិន នៅ​អាកាសយានដ្ឋាន​ចំនួន​៣ នៅ​ញូវយ៉ក​​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ និង​ឡូ​ស អ៊ែន​ជើ​ឡេស​៕​ប្រែ​សម្រួល​៖​វាសនា​

ថៃ វៀតណាម ហុងកុង និង​ជប៉ុន​បង្កើន​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​មក​ពី​ចិន​។​អាម៉េរិក​ជា​ប្រទេស ចុងក្រោយ​គេ​ដែល​ប្រកាស​ធ្វើការ​ត្រួតពិនិត្យ​​ខុស​ភាព​ភ្ញៀវ​មក​ពី​ចិន​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ធំ​ចំនួន​៣