ចិន​ប្រកាស​សង់​នាវា​ដឹក​យន្តហោះ​ទី​៣ តែមួយ​នេះ​ធំ​ជាង​និង​ខ្លាំង​ជាង​

969
ចែករម្លែក

ចិននិយាយថាខ្លួនចាប់ផ្តើមការងារស្ថាបនានាវាផ្ទុកយន្តហោះទី៣ ជានាវាជំនាន់ថ្មីមួយដែលធំនិងខ្លាំងជាងនាវាមុនៗរបស់ខ្លួន។

ការនិយាយស្មានៗបានកើឡើងអស់មួយរយៈពេលមកហើយអំពីការផលិតនាវានេះ តែទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានបញ្ជាក់អះអាងថាពិតជាមានការផលិតនាវាផ្ទុកយន្តហោះទី៣មែន។


ចិនបច្ចុប្បន្ន មាននាវាផ្ទុកយន្តហោះ២ មួយជានាវាសម័យអតីតសូវៀតកែកុនថ្មី ឈ្មោះLiaoningដែល​ទិញ​យក​មក​កាលពី​ចុងទសវត្សរ៍១៩៩០ ដោយចិនពីដំបូងអះអាងថាដើម្បីយកមកធ្វើកាស៊ីណូបណ្តែតទឹក។

មុននេះក្នុងឆ្នាំ២០១៨ ចិនបានបញ្ចេញនាវាផ្ទុកយន្តហោះផលិតដោយក្រុមហ៊ុនចិនមួយនៅក្រុងសៀងហៃ។

អត្ថបទដែលបញ្ជាក់ផ្លូវការលើកដំបូងនៃការស្ថាបនានាវានេះ មិនបាននិយាយលម្អិតទេ ដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរគ្រាន់តែផ្សាយលើបណ្តាញសង្គមWeChatដើម្បីរំលេចខួបទី៦នៃការទិញយកនិងដាក់ដំណើរការនាវាLiaoning។

នាវាផ្ទុកយន្តហោះទី២របស់ចិនបច្ចុប្បន្នកំពុងធ្វើការសាកល្បងមុនដាក់ប្រើក្នុងកងទ័ពជើងទឹកនៅឆ្នាំក្រោយ។ទោះជាយ៉ាងណាវានៅមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ។

ពួកនាយកក្រុមហ៊ុនផលិតនាវាចិនCSICបង្ហាញរូបក្នុងកុំព្យូទ័រនូវអ្វីដែលទំនងជានាវាផ្ទុកយន្តហោះថ្មីដែលខ្លួនត្រូវស្ថាបនា

ពួកអ្នកសង្កេតការណ៍បានហៅនាវាដែលកំពុងត្រូវស្ថាបនានេះថាType 002 តែមិនដឹងថាតើវាដំណើរការដោយថាមពលនុយក្លេអ៊ែរដូចនាវាអាមេរិកឬអត់។

ស៊ិនហួរ និយាយថានាវានេះកំពុងត្រូវសាងសង់តាមកាលវិភាគ និងសារព័ត៌មានរដ្ឋចិនChina Dailyនិយាយថា «វានឹងជានាវាធំនិងមានអំណាចខ្លាំងជាងនាវាផ្ទុកយន្តហោះពីរមុន»។

Liaoningត្រូវបានដាក់ដំណើរការជានាវាហ្វឹកហាត់ចាប់តាំងពីឆ្នាំ២០១២និងនៅឆ្នាំ២០១៦ សារព័ត៌មានចិនបានប្រកាសថាវាត្រូវបានចាត់ទុកជានាវាដែលត្រៀមប្រយុទ្ធនិងប្រតិបត្តិការពេញលេញ។ត្រូវបានចាត់ទុកជាមេក្រុមនៃកងទ័ពជើងទឹកចិន វាបានចូលរួមក្នុងសមយុទ្ធយោធាជាច្រើននៅសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើតព្រមទាំងជិតកោះតៃវ៉ាន់។

នាវាផ្ទុកយន្តហោះទី២របស់ចិនដែលឈ្មោះបណ្តោះអាសន្នType 001Aបានធ្វើការសាកល្បង២លើកមកហើយក្នុងសមុទ្រ។វាត្រូវរំពឹងថានឹងដាក់បញ្ចូលក្នុងកងទ័ពជើងទឹកចិននៅខែតុលាឆ្នាំក្រោយ៕ដោយ:វាសនា