ចិន​ប្រគល់​គ្រឿងចក្រ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​

1224
ចែករម្លែក

(​ភ្នំពេញ​)៖​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ព្រឹក​ថ្ងៃទី​២១ កក្កដា ឆ្នាំ​២០១៧​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​និង​ទទួល​សម្ភារ​បរិក្ខារ​គ្រឿង​ចក្រ ពី​ក្រុមហ៊ុន​វិនិយោគ​ដឹកជញ្ជូន​ហឺ​ណាន​នៃ​សាធារណរដ្ឋ​ប្រជា​​មានិត​ចិន​។​

​ពិធី​ប្រគល់​និង​ទទួល​ដែល​ធ្វើឡើង​នៅ​មូលដ្ឋាន​ស្ថាបនា​ផ្លូវថ្នល់ (​អូរ​ដឹ​ម​) ស្ថិតនៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក ឆឹង យឹ​សឹង ប្រធាន​ក្រុមហ៊ុន​វិនិយោគ​និង​ដឹកជញ្ជូន​ហឺ​ណាន នៃ​ប្រទេស​ចិន​ដែលមាន​វត្តមាន​ក្នុង​ពិធី​បាន​មានប្រសាសន៍ថា ប្រទេស​ចិន​និង​កម្ពុជា​គឺជា​អ្នកជិតខាង​ដែលមាន​មិត្ត​ភាពជា​យូរ​មកហើយ​។ តាមរយៈ យុទ្ធសាស្ត្រ «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​»​ទំនាក់​​ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ផ្នែក​ផ្សេងៗ​ដូចជា ទំនាក់ទំនង​គោលនយោបាយ តំណ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ លំហូរ​ពាណិជ្ជកម្ម លំហូរ​សាច់ប្រាក់ និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​របស់​ប្រទេស​ទាំងពីរ​គឺ​កាន់តែ​ស៊ីជម្រៅ​ត​ទៅមុខទៀត​។ ជាក់ស្តែង​ក្រោម​​ការសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ភាគី​ទាំងពីរ ក្រុមហ៊ុន​វិនិយោគ​ដឹកជញ្ជូន​ខេត្ត​ហឺ​ណាន​សូម​ប្រគល់ជូន​ក្រសួង​សាធារណការ​កម្ពុជា នូវ​រថយន្ត​ត្រួតពិនិត្យ​ស្ពាន​មួយគ្រឿង រថយន្ត​ពង្រាយ​ក្រួស និង​asphalt ១​គ្រឿង រថយន្ត​ស្ទួ​ច​មួយគ្រឿង រថយន្ត​សំអាត​មួយគ្រឿង ព្រមទាំង​បរិក្ខារ​ថែទាំ​ផ្លូវ​កៅស៊ូ​ខ្នាតតូច​ចំនួន​៤​ឈុត​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ជាខ្លាំង​ចំពោះ ក្រុមហ៊ុន​វិនិយោគ​និង​ដឹកជញ្ជូន​ហឺ​ណាន និង អគ្គទីប្រឹក្សា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អម​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ដែល​បាន​ជួយ​សហការ​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​ថែទាំ ស្តារ សាងសង់​ហេ​រដ្ឋា​រចនាសម្ព័ន្ធ នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ផ្លូវ​ជាង​២​ពាន់​គីឡូម៉ែត្រ​នៅ​កម្ពុជា​ត្រូវបាន​សាងសង់​រួចរាល់ ដោយសារ​តែមាន​ការជួយ​ផ្តល់ប្រាក់​កម្ចីសម្បទាន​របស់​ប្រទេស​ចិន ក្នុងនោះ ក៏មាន​ស្ពាន​ឆ្លងទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់ និង​ទន្លេសេកុង​ផងដែរ​។ ក្រៅពីនេះ កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​នៅ​កៀនស្វាយ ក៏​សាងសង់​រួចរាល់ តាមរយៈ​កម្ចី​ពី​ប្រទេស​ចិន​ហើយ​មាន​គម្រោង​៤​ទៀត​ដែល​កំពុង​សាងសង់ មានដូចជា ស្ពាន​និង​ផ្លូវ​ជាដើម​។ លើសពីនេះ​ទៀត នៅ​ខែសីហា​ខាងមុខ នឹងមាន​ការចរចា​ជាមួយនឹង​ភាគី​ចិន ឈានទៅរក​សាងសង់​ផ្លូវ​ពីរ​ខ្សែ​ទៀត​នៅ​កម្ពុជា​។ ក្រៅពីនេះ មិត្ត​ចិន​ក៏បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​របស់​ក្រសួង​សាធារណការ​ជា​រៀងរាល់ឆ្នាំ និង​បាននិងកំពុង​ជំរុញ​វិនិយោគិន​ចិន​មក​បណ្តាក់ទុន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​។​

​លោក ស៊ុន ចាន់ថុល​បញ្ជាក់ទៀតថា ក្រៅពី​ផ្តល់ជូន​ក្រសួង​សាធារណការ​នូវ​សម្ភារៈ​ដ៏​ច្រើន​នាពេលនេះ ក្រុមហ៊ុន​ហឺ​ណាន​ក៏បាន​បណ្តុះបណ្តាល​មន្ត្រី​ក្រសួង ប្រមាណ​២០​នាក់​អំពី​របៀប​នៃ​ការគ្រប់គ្រង​ថែទាំ​ង​ផ្លូវ​ល្បឿន​លឿន និង​កសាង ថែ​ទាំង​ផ្លូវថ្នល់​គ្រប់បែបយ៉ាង​នៅ​កម្ពុជា ព្រមទាំង​មានការ​ជួយ​ឲ្យ​កម្ពុជា​ឲ្យ​មាន​ប្លង់​មេ​ផ្លូវ​ល្បឿន​លឿន និង​ប្លង់​មេ​បណ្តាញ​ផ្លូវថ្នល់​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​

​លោក ស៊ុន ចាន់ថុល ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន ហឺ​ណាន ពិនិត្យ​លទ្ធភាព​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ការកសាង​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា ហើយ​យក​បទពិសោធន៍​ល្អៗ ដែល​ក្រុមហ៊ុន​មាន មកជួយ​បណ្តុះបណ្តាល​បន្ថែមទៀត​ដល់​មន្ត្រី​កម្ពុជា ក្នុង​ការកសាង​ផ្លូវ​ល្បឿន​លឿន ធ្វើ​ឲ្យ​កម្ពុ​ជាមាន​លទ្ធផល​ត​ភ្ជាប់​រវាង​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង ស្របតាម​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​១ វិថី​១ ដែលជា​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​របស់​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ភីង​៕​ដោយៈ​សុផល​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​និង​ទទួល​សម្ភារ​បរិក្ខារ​គ្រឿង​ចក្រ ពី​ក្រុមហ៊ុន​វិនិយោគ​ដឹកជញ្ជូន ហឺ​ណាន ប្រទេស​ចិន​