ចិន​ប្រយុទ្ធ​ប្រឆាំងនឹង​ផ្សែង​អ័ព្ទ​ក្រាស់ៗ ជាមួយ​ប៉ម​បន្សុទ្ធ​ខ្យល់​ខ្នាត​យក្ស​

1528
ចែករម្លែក
  • 41
    Shares

​ចិន​បាន​រកឃើញ​នូវ​វិធី​ថ្មី​សន្លាង​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់អាកាស​ពុល​ដ៏​ធំ​របស់ខ្លួន គឺ ដាក់​ឧបករណ៍​បន្សុទ្ធ​ខ្យល់​ខ្នាត​យក្ស ប៉ុន​បំពង់ផ្សែង​ឧស្សាហកម្ម នៅ​ចំ​កណ្តាល​ទីក្រុង ដែល​ញាំញី​ដោយ​ផ្សែង​អ័ព្ទ​តែម្តង​។​

​ជំនួស​ឱ្យ​ការបាញ់​ចេញ​នូវ​ផ្សែងខ្មៅ​អ័ព្ទ​ប្រៀប​ដូច​ម៉ាស៊ីន​បាញ់​ខ្យល់​អាក្រក់​ចេញពី​រោងចក្រ​នៅ​ខត្ត​សាអាន​ស៊ី​ភាគ​ខាងជើង សំណង់​កម្ពស់ ៦០ ម៉ែត្រ​ស្ថិតនៅ​ជាយក្រុង​ស៊ី​អាន​មួយ​នេះ បាញ់​នូវ​ខ្យល់​ស្អាត​ចេញមកក្រៅ​វិញ​។​

​ដោយ​ឈរ​នៅ​ចន្លោះ​អគារ​ខ្ពស់ ២ ខ្នង ប៉ម​បន្សុទ្ធ​ខ្យល់​មួយ​នេះ​មាន​សមត្ថភាព​សម្អាត​ខ្យល់​ពី​ចន្លោះ ៥ លាន​ទៅ ១៨ លាន​ម៉ែត្រគូប​រៀងរាល់ថ្ងៃ ដោយ​អាស្រ័យ​លើ​អាកាសធាតុ រដូវ និង​កម្រិត​នៃ​ការបំពុល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​វេ​ប​សាយរ Thecover.cn របស់​ចិន​។​

​វេ​ប​សាយ​នេះ​និយាយថា ប៉ម​នេះ​អាច​កាត់បន្ថយ​ដង់ស៊ីតេ​ខ្យល់ពុល PM 2.5 ជា​ភាគល្អិត​ខ្យល់​ដ៏​តូច​ដែល​ចាត់ទុកថា​មាន​គ្រោះថ្នាក់​បំផុត​ដល់​សុខភាព បាន​ពី​ចន្លោះ ១០ ទៅ ១៩ ភាគរយ​នៅក្នុង​តំបន់ ១០ គីឡូម៉ែត្រ​ការ៉េ​។​

​ខ្យល់ពុល PM 2.5 អាច​ដើរតួ​ក្នុងការ​បង្ក​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​សួត ដូចជា ជំងឺ​ស្ទះ​សួត និង ជំងឺមហារីក​សួត​។​

​សម្រាប់​ពេល​ឥឡូវនេះ ប៉ម​បន្សុទ្ធ​ខ្យល់ ដែល​សង់​កាលពី​ខែមិថុនា​ឆ្នាំ ២០១៦ គ្រាន់តែ​ជាការ​សាកល្បង​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​អ្នក​រចនា​ប៉ម​នេះ សង្ឃឹមថា នឹង​សាងសង់​ប៉ម​ស្រដៀង​គ្នា​នេះ​នៅ​ទូទាំង​ទីក្រុង​ស៊ី​អាន​។​

​លោក​កៅ ជុន​ជី អ្នកជំនាញ​ផ្នែក​ការពារ​បរិស្ថាន​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា គេ​ត្រូវការ​ប៉ម​បែបនេះ​ប្រហែល ១០០ ដើម្បី​គ្របដណ្តប់​លើ​ទីក្រុង​ទំហំ ១.០០០ គីឡូម៉ែត្រ​ការ៉េ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ប៉ុ​ម​បន្សុទ្ធ​ខ្យល់​នៅ​ទីក្រុង​ស៊ី​អាន