ចិន​ប្រាប់​កុំអោយ​អាម៉េរិក​ល្បង​លេង​ជាមួយ​ភ្លើង​អំពី​បញ្ហា​តៃវ៉ាន់​

661
ចែករម្លែក

រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា​ថា អាម៉េរិក​មិនគួរ​«​លលេង​ជាមួយ​ភ្លើង​»​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​​បំណង​លក់​សព្វាវុធ​តំលៃ​២,២​ពាន់​លាន​ដុល្លារ​ទៅ​អោយ​កោះ​សេរីនិយម​នេះ​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ប្រទេស​ហុងគ្រី លោក​រដ្ឋមន្ត្រី វ៉ាង យី បាន​និយាយថា ប្រទេស​របស់​លោក​មាន​ការព្រួយបារម្ភ​អំពី​ការឈប់​ចំ​ចត​របស់​ប្រធានាធិបតី​តៃវ៉ាន់ ត្សាយ​​អ៊ីង​-​វិន នៅ​អាម៉េរិក​ទាំង​មុន​និង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​។​

​តៃវ៉ាន់​មិនមាន​ទំនាក់ទំនង​ការទូត​ជាមួយ​អាម៉េរិក​ទេ តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​អោយ​កោះ​តៃវ៉ាន់ ដែល​បាន​បែក​ចេញពី​ចិនដីគោក​ក្រោយ​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៤៩ នូវ​ការគាំទ្រ​យោធា​និង​ការគាំទ្រ​ផ្សេងៗ​ទៀត​។​ចិន​ប្រឆាំង​ជំទាស់​នឹង​ការគាំទ្រ​ដូច្នេះ ដោយ​ចាត់ទុក​វា​ជា​ការជ្រៀតជ្រែក​នៅក្នុង​អ្វី​ដែល​ចិន​គិត​ថា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ និង​កំពុង​ស្វះស្វែង​នាំ​កោះ​ស្វ័យគ្រប់គ្រង​នេះ​មក​នៅក្រោម​ការត្រួតត្រារ​បស់​ខ្លួន និង​អាច​ប្រើ​កម្លាំង​ក្នុង​ករណី​ចាំបាច់​។​

​លោក​វ៉ាង បាន​និយាយថា​« បើ​ភាគី​អាម៉េរិក​ចង់​បង្កើត​បញ្ហា​ថ្មី នៅក្នុង​ទំនាក់ទំនង​ចិន​-​អាម៉េរិក ទី​បំផុត​ទៅ​អំពើ​របស់​គេ​នឹង​ឡង​ត្រឡប់​វិញ​។​យើង​ទទូច​អោយ​អាម៉េរិក​ទទួល​​ស្គាល់​ទម្ងន់​នៃ​បញ្ហា​តៃវ៉ាន់​នេះ​និង​គោរព​ការសន្យា​របស់​ខ្លួន​ថា​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ​»​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​អាទិត្យ​មុន ក្រសួងការបរទេស​អាម៉េរិ​ក​បាន​ប្រកាស​ការលក់​អាវុធ​ទៅ​អោយ​តៃវ៉ាន់ រួម​មាន​រថក្រោះ​Abrams​ចំនួន​១០៨​គ្រឿង​និង​កាំជ្រួច​បាញ់​យន្ត​​ហោះ​ធុន​Stinger ចំនួន​២៥០​ដើម​៕​ដោយ​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ចាប់រ​លាក់​ដៃ សម​ភាគី​ហុងគ្រី ក្នុងជំនួប​នៅ​ក្រុង​ប៊ុយ​ដា​ប៉េស​កាលពី​ថ្ងៃ​១២​កក្កដា​