ចិន​ប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ឱ្យ​បញ្ឈរជើង​បុគ្គលិក​ដែល​គាំទ្រ​ការតវ៉ា​នៅ​ហុងកុង

338
ចែករម្លែក

​និយតករ​អាកាសចរ​ណ៍​របស់​ចិន​កាលពី​ថ្ងៃ​សុក្រ ទី​៩ សីហា បានទាមទារ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific Airways បញ្ឈរជើង​បុគ្គលិក ដែល​ចូលរួម​នៅក្នុង​ការតវ៉ា​ខុសច្បាប់​នៅក្នុង​ទីក្រុង​ហុងកុង ពី​ការបំពេញ​កិច្ចការ​លើ​ជើងហោះហើរ​របស់ខ្លួន​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​១០​សីហា​នេះ​តទៅ​។​

​ហុងកុង​បាន​ជាប់ផុង​ក្នុង​ការតវ៉ា​ហិង្សា​តាម​ដងផ្លូវ​ប្រឆាំងនឹង​រដ្ឋាភិបាល​កាន់តែខ្លាំង​ឡើង​ក្នុង​រយៈពេល​ពីរ​ខែ​កន្ល​ង​មកនេះ ដែល​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​បាន​ពណ៌នា​នៅ​សប្តាហ៍​នេះ​ថា​ជា​វិបត្តិ​ដ៏​ធំ​បំផុត​ចាប់តាំងពី​ការប្រគល់​ទឹកដី​នេះ​ពី​ចក្រភព​អង់គ្លេស​ឱ្យទៅ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧ ។​

​កាលពី​សប្តាហ៍​មុន អ្នកបើក​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន Cathay បាន​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាង ៤០ នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​កុបកម្ម​សម្រាប់​ការចូលរួម​ក្នុងការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​ប៉ូលិស​នៅក្បែរ​ការិយាល័យ​តំណាង​សំខាន់​របស់​ប៉េកាំង​នៅក្នុង​ទីក្រុង​ហុងកុង​។​

​កាលពី​យប់​ថ្ងៃ​សុក្រ រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន​បាន​និយាយថា បុគ្គលិក​របស់​ក្រុមហ៊ុន Cathay ដែល​បាន​ចូលរួម​ក្នុង​ការតវ៉ា បាន​បង្ក​ការគំរាមកំហែង​ដល់​សុវត្ថិភាព​អាកាសចរណ៍​នៅក្នុង​ចិនដីគោក​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​របស់​រដ្ឋបាល​នេះ​។​

​អាជ្ញាធរ​អាកាសចរណ៍​ចិន​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Cathay ផ្តល់ព័ត៌មាន​អត្តសញ្ញាណ​សម្រាប់​ក្រុម​បុគ្គលិក​យន្តហោះ​របស់ខ្លួន​នៅលើ​ជើងហោះហើរ​ដែល​ហោះ​មក​ចិនដីគោក​។​

​សមាជិក​អាកាសយានិក ដែល​មិន​បានទទួល​ការយល់ព្រម​ពី​អាជ្ញាធរ​ចិន នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ក្នុង​ដែនអាកាស​របស់ខ្លួន​ទេ​រួមទាំង​នៅលើ​ជើងហោះហើរ​ដែល​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ផ្សេងទៀត​។​

​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​រៀបចំ​សំណើ​ដើម្បី​ពង្រឹង​សុវត្ថិភាព​និង​សន្តិសុខ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ចិន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific Airways បញ្ឈរជើង​បុគ្គលិក ដែល​ចូលរួម​ការតវ៉ា​នៅ​ហុង
#