ចិន​ប្រារព្ធ​ខួប​ទី​៤០​នៃ​កំណែទម្រង់សេដ្ឋកិច្ច​

791
ចែករម្លែក

​នៅ​ថ្ងៃ​អង្គារ​ទី​១៨​ធ្នូ​នេះ ចិន​ប្រារព្ធ​ខួប​លើក​ទី ៤០ នៃ​គោលនយោបាយ “​កំណែទម្រង់​និង​ការបើក​ទូលាយ​” របស់ខ្លួន ដែល​បានប្រែក្លាយ​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​បំផុត​របស់​ពិភពលោក​ទៅជា​មហា​យក្ស​សេដ្ឋកិច្ច​មួយ ដែល​ឥឡូវនេះ​កំពុង​ប្រឈម​នឹង​កំណើន​យឺតយ៉ាវ​និង​ការ​ប្រឈម​ដ៏​តឹងរ៉ឹង​ជាមួយ​សហរដ្ឋអាមេរិក​។​

​ជា​គំនិត​ដំបូង​របស់​មេដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​លោក​តេង សៀវ​ពីង កម្មវិធី​កំណែទម្រង់​នេះ​ត្រូវ​បានផ្តល់​សច្ចាប័ន​នៅឯ​សន្និបាត​គណបក្ស​កុម្មុយនីស្ត​នៅ​ថ្ងៃទី ១៨ ខែធ្នូ​ឆ្នាំ ១៩៧៨ ដោយបាន​ផ្តាច់​ចេញពី​គោលនយោបាយ​វឹកវរ​របស់​មេដឹកនាំ​ជំនាន់​មុន គឺ​លោក​ម៉ៅ សេទុង​។​

​កំណែទម្រង់​នេះ​បាន​លុបបំបាត់ចោល​នូវ​សមូហ​នីយកម្ម​តាមបែប​ម៉ៅ​និយម​ដែល​ធ្វើឱ្យ​ប្រទេសជាតិ​ក្រីក្រ​និង​ដើរ​ថយក្រោយ ដោយ​ចាប់ផ្តើម​បើក​នូវ​យុគ​សម័យថ្មី​មួយ​ដែល​នាំឱ្យមាន​កំណើន​ប្រចាំឆ្នាំ​២​ខ្ទង់ ដែល​ទាញ​មនុស្ស​រាប់លាន​នាក់​ចេញពី​ភាពក្រីក្រ និង​ប្រែក្លាយ​ចិន​ឱ្យ​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ២ លើ​ពិភពលោក​។​

​យោងតាម​ទស្សនា​វ​ដ្តី Hurun Report ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ​បានឱ្យដឹងថា ប្រទេស​ចិន​ឥឡូវនេះ​មាន​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ច្រើន​នាក់​បំផុត​នៅលើ​ពិភពលោក គឺ​រហូតដល់ ៦២០ នាក់​។​

​ប៉ុន្តែ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច​មិនបាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​គ្រប់គ្រង​ដោយ​បក្ស​កុម្មុយនីស្ត​ទេ ជាមួយ​អាជ្ញាធរ​បាន​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ការតវ៉ា​នៅ​ទីលាន​ធៀន​អាន​មេន​ក្នុង​ឆ្នាំ ១៩៨៩ និង​សកម្មជន​ជាច្រើន​បាន​ត្អូញត្អែរ​អំពី​ការធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ក្រោម​កំណែទម្រង់សេដ្ឋកិច្ច​រយៈ​ពេល​៤០​ឆ្នាំ​របស់លោក​តេង​សៀវ​ពីង សេដ្ឋកិច្ច​ចិន​បាន​ប្រែ​មុខមាត់​ក្លាយជា​មហា​យក្ស​ទី​២​លើ​លោក