ចិន​ផ្តល់ជំនួយ​ដល់ គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ​

252

(​ភ្នំពេញ​) ៖ ចិន​បានសម្រេច​ផ្តល់ជំនួយ​ជា​សម្ភារៈ​បរិក្ខា​ដល់​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​សម្រាប់​ប្រើប្រាស់​ក្នុង​​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ ការផ្តល់​ជំនួយ​នេះ គឺធ្វើឡើង​តាម​ការស្នើសុំ​ពី គ​.​ជ​.​ប ដោយផ្ទាល់​។​
​ ​
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ជំនួយ​ជា​ជំ​ហ៊ាន​ដំបូង ដែល​ភាគី​ចិន បានផ្ដល់​ដល់ គ​.​ជ​.​ប គឺ​សម្ភារៈ​បរិក្ខា​ចំនួន​៣០​មុខ ដែល​គ​.​ជ​.​ប នៅ​មិនទាន់​អាច​វាយតម្លៃ​ជា​ទឹកប្រាក់​បាន​នៅឡើយ​ទេ​។ សម្ភារៈ​ទាំងនោះ​មានដូចជា កុំព្យូទ័រ វិទ្យុទាក់ទង កាមេរ៉ា ម៉ាស៊ីន​បោះ​ពុ​ម្ភ និង​សម្ភារៈ​ការិយាល័យ​មួយចំនួនទៀត​។​
​ ​
​គ​.​ជ​.​ប អះអាងថា ចិន​បាន​សន្យា​ផ្ដល់​ការគាំទ្រ​ជា​បន្តទៀត សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​៕ដោយៈវិបុល/sn