ចិន​ផ្តល់​រថយន្ត​ចំនួន​៥២​គ្រឿង និង​ម៉ូតូ​៣០០​គ្រឿង តម្លៃ​ជាង​២​លាន​ដុល្លារ ដល់​គណៈកម្មាធិការ​ជំរឿន​រាជធានី​-​ខេត្ត​

1059
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​រថយន្ត​ចំនួន​៥២​គ្រឿង និង​ម៉ូតូ ចំនួន​៣០០​គ្រឿង រួមទាំង​សម្ភា​រៈកា​រិ​យា​មួយចំនួនទៀត សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា ២​លាន ៥​សែន​ដុល្លារ ដល់​គណៈកម្មាធិការ​ជំរឿន​រាជធានី ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព​លោក​ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​។​

ពិធី​ប្រគល់​រថយន្ត និង​ម៉ូតូ​ដល់​គណៈកម្មាធិការ​ជំរឿន​រាជធានី ខេត្ត​

​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​គណៈកម្មាធិការ​ជំរឿន​រាជធានី ខេត្ត និង​ពិធី​ប្រគល់​-​ទទួល​សម្ភារៈ ជំរឿន​ថា រាល់​សម្ភារៈ​ជំរឿន​ទាំងអស់​មាន រថយន្ត ៥២​គ្រឿង ម៉ូតូ ៣០០​គ្រឿង កុំព្យូទ័រ​លើ​តុ ៤៥០​គ្រឿង កុំព្យូទ័រ​យួរដៃ​៥០​គ្រឿង ម៉ាស៊ីនបោះពុម្ព​ឯកសារ ៣០​គ្រឿង ម៉ាស៊ីន​បញ្ចាំង Slide៣០​គ្រឿង ម៉ាស៊ីនថតចម្លង ១០​គ្រឿង Tablet ២០០​គ្រឿង និង Server ៣ គ្រឿង ជា​អំណោយ​យ៉ាង​ធំធេង និង​ថ្លៃថ្លា​បំផុត​របស់​រដ្ឋាភិបាល​នៃ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដឹកនាំ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩​។ រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន គឺជា មហាមិត្ត​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​យូរលង់​មកហើយ ហើយ​ធ្លាប់តែ​ជួយ​គាំទ្រ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​។ សម្ភារៈ​ជំរឿន​ទាំងអស់នេះ​នឹង​បំរើ​ឲ្យ​ការរៀបចំ​ត្រៀម​កិច្ចការ​ជំរឿន​ជាក់ស្តែង​នា​ថ្ងៃទី​០៣ ដល់ ១៣ ខែមីនា ឆ្នាំ ២០១៩ ដែល​នឹង​ខិតជិត​កម​ដល់​ក្នុង​រយៈពេល ៥ ខែ​ទៀត​។​

​លោក​បាន​បន្តថា លទ្ធផល​ការងារ​ជំរឿន​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ មកដល់​ថ្ងៃនេះ មាន​ដូចតទៅ​៖ គណៈកម្មាធិការ​ជំរឿន​រាជធានី ខេត្ត បានចាប់ផ្តើម​រៀបចំ​តាំ​ពីក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី​ពីរ កាលពី​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨​។​មកដល់ពេលនេះ​គ្រប់​រាជធានី ខេត្ត​ទាំង ២៥ បានរៀបចំ​រួចរាល់​។ គ្រប់​មន្ទីរ​ផែនការ រាជធានី ខេត្ត នឹង​ទទួលបាន​សម្ភារៈ​ជំរឿន​ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បំរើកា​រងារ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១៩​។ ដំណើរការ​ត្រៀម​រៀបចំ​ជំរឿន បានចាប់ផ្តើម​តាំងពី​ចុងឆ្នាំ​២០១៥ ក្រោយពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ក្រសួងផែនការ បានរៀបចំ​ជា​ផែនការ​សកម្មភាព​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជា​បន្តបន្ទាប់ យើង​មាន​អនុក្រឹត្យ​ស្តីពី​ការកំណត់​បរិច្ឆេទ ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ង​ទី​២២ ខែឧសភា ឆ្នាំ​២០១៧​។ បន្ទាប់ពីនោះ​គណៈកម្មការ បច្ចេកទេស​ជំរឿន​ទូទៅ​ប្រជាជន​ត្រូវបាន​បង្កើតឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ ហើយ​ត្រូវបាន​ចុះហត្ថលេខា ដោយ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លើសពីនេះទៅទៀត ការធ្វើជំរឿន​នៅតាម​រាជធានី ខេត្ត​នឹងត្រូវ​អនុវត្តតាម​សេចក្តីសម្រេច​នានា​របស់​គណៈកម្មាធិកា​រ​ជាតិ​ជំរឿន​។ អំពី​ការងារ​បច្ចេកទេស គណៈកម្មការ​បច្ចេកទេស​បាន​អនុវត្តន៍​ការងារ​របស់ខ្លួន​យ៉ាងសកម្ម ក្នុងការ​សម្រប សម្រួល​ជាមួយ​អង្គការ UNFPA ដែល​ជួយ​គាំទ្រ​ការងារ​បច្ចេកទេស​ព្រមទាំង​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ធំៗ ដែល​កើតមានឡើង​ក្នុងការ​អនុវត្ត​ការរៀបចំ​ត្រៀម​ជំរឿន​។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មការ បច្ចេកទេស​ជំរឿន​បាន​ប្រជុំ​ចំនួន​បី​លើក ដោយបាន​ដោះស្រាយ​បញ្ហា​សម្របសម្រួល​ថវិកា សម្រាប់​ជំរឿន ការទំនាក់ទំនង​ស្នើសុំ​ការឧបត្ថម្ភ បច្ចេកទេស សម្ភារៈ ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ការអនុម័ត លើ Logo ជំរឿន ការអនុម័ត​លើ​តារាង​សំនួរ ការចុះ​ធ្វើ​ជំរឿន​សាកល្បង ការរៀបចំ​ស្ព័ត​ឃោសនា​ជំរឿន និង​សម្លេង​ឃោសនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ការវិភាគ​លទ្ធផលរ​បស់​ជំរឿន​សាកល្បង និង​ការត្រៀម​ការងារ​ជំហាន​បន្ទាប់​។​

​នៅក្នុង​រយៈពេល ៥ ខែ​ទៀត​នេះ មាន​កិច្ចការ​ជាច្រើន​បន្ទាន់ ដែល​ក្រុមការងារ​បច្ចេកទេស​ជំរឿន ត្រូវ អនុវត្ត​ដោយ​ប្រើប្រាស់​សម្ភារៈ​ជំនួយ​ប្រទេស​ចិន​។ ទីមួយ គឺ​ការងារ​ថតចម្លង​ផែនទី​មណ្ឌល​ជំរឿន​ជិត ៤​ម៉ឺន​សន្លឹក​ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​ខ្លះទៀត​។ ទី​ពីរ គឺ​ការ​វេច​ខ្ជ​ប់​តារាង​សំណួរ​ជំរឿន​ជិត ៤​លាន​តារាង ជា ៤​ម៉ឺន​កញ្ចប់ និង​ដឹកជញ្ជូន​ទៅតាម​មណ្ឌល​ជំរឿន​រាជធានី​ខេត្ត ទាំង​២៥​។ ទី​បី គឺ​ការជ្រើសរើស​មន្ត្រី​ជំរឿន ៥​ម៉ឺន​នាក់ ការបើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ជំរឿន ការឃោសនា​ជំរឿន និង​ការងាររដ្ឋបាល​ផ្សេងៗ​ច្រើន​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការខ្វះ​ប្រភពធនធាន​ថវិកា គឺជា​បញ្ហា​របស់​ការងា​រ​ស្ថិតិ​នៅ​កម្ពុជា​។ ទោះបី​ប្រទេស​កម្ពុ​ជាមាន​កំណើន សេដ្ឋកិច្ច​ខ្ពស់ មាន​ចំណូល​ផលិតផល​ក្នុងស្រុក​លើសពី ១០០ ដុល្លារ ដែល​អាច​កំណត់ថា​ជា​ប្រទេសមួយ ឈាន​ចាក​ចេញពី​ប្រទេស​មាន​ចំណូល​តិចតួច ចូលដល់​កំរិត​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប​ហើយ​ក្តី សម្រាប់​បន្ទុក​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ប្រមែប្រមូល​ចងក្រង​ស្ថិតិ ផ្តល់ជូន​រាជរដ្ឋាភិបាល និង​បណ្តា​អ្នកប្រើប្រាស់​ទិន្នន័យ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ នៅតែ​ជា​បញ្ហា​នៅឡើយ​។

តម្រូវការ​ទិន្នន័យ​ស្ថិតិ​ក៏​កាន់តែ​មានការ​កើនឡើង ដើម្បី​វាស់វែង​ការអនុវត្ត​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព SDGs ដែលមាន ១៨ គោលដៅ​(​សម្រាប់​កម្ពុជា​) ១៦៩ ចំណុច​ដៅ និង ២៣០ សូចនាករ​នៃ​របៀបវារៈ ឆ្នាំ​២០៣០​។ យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍ​ស្ថិតិ ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​កំពុង​រៀបចំ​សម្រាប់ ឆ្នាំ​២០១៩-២០២៣ នឹង​ផ្តល់​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ​ដែល​ត្រូវការ​ថវិកា​សមស្រប ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង និង​ដំណើរការ​អនុវត្ត​ន៍ស​កម្ម​ភាព​ស្ថិតិ​របស់​ប្រព័ន្ធ​ស្ថិតិ​ជាតិ​ទាំងមូល​។ ការអភិវឌ្ឍ​សមត្ថភាព​ស្ថិតិ ជាពិសេស​ទាក់ទង​នឹង​អ្នកជំនាញការ​ពី​ខាងក្រៅ​គួរ​ត្រូវមាន​ការយកចិត្តទុកដាក់​។ សមាសធាតុ​គន្លឹះ​សម្រាប់​ការ​សាង​សមត្ថភាព​ស្ថិតិ គឺ​ការបណ្តុះបណ្តាល​។
​ក៏ប៉ុន្តែ​ធាតុ​ចូល​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ត្រូវតែ​តម្រូវ​តាម​គោលបំណង​ជាទូទៅ នៃ​ការអភិវឌ្ឍ​សមត្ថភាព​របស់​ប្រព័ន្ធ​ស្ថិតិ​ជាតិ​ជាជាង​ផ្តល់​ជា​ចំណែក​តាម​ផ្នែក​នីមួយៗ​។ លើសពីនោះ​ទៀត វគ្គ​បណ្តុះបណ្តាល​ផ្នែក​ការគ្រប់គ្រង​ក៏ត្រូវ​តែ ផ្តល់​បន្ថែម​លើ​វគ្គ​បច្ចេកទេស​ស្ថិតិ​ផងដែរ​។​

​រយៈពេល​បួន​ឆ្នាំកន្លងមក​ពី​ឆ្នាំ ២០១៥ ដល់ ២០១៨ ការិយាល័យ​ស្ថិតិ​ជាតិ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​ជំរឿន​ប្រជាជន​ដល់​មន្ត្រី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ចំនួន ២០​នាក់ រៀងរាល់ឆ្នាំ​លើក​លេង​តែ​ឆ្នាំ​២០១៧ មាន​ចំនួន ៤១​នាក់​។ វគ្គ​បណ្តុះបណ្តាល​ទាំងអស់នោះ​បានផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ច្រើន​ពី​ការងារ​ជំរឿន​ប្រជាជន​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​រួមមាន ការត្រៀម​រៀបចំ ការបណ្តុះបណ្តាល​មន្ត្រី​ជំរឿន ការវិភាគ​ទិន្នន័យ និង​ការផ្សព្វផ្សាយ​លទ្ធផល​ជាដើម​។​ល​៕ ល​