ចិន​ផ្តល់​សម្ភារៈ​អេ​​ឡិច​ត្រូ​និក​និង​ព័ត៌មានវិទ្យា តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ ដល់​វិទ្យាស្ថាន​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​

1055
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​សម្ភារៈ​អេ​​ឡិច​ត្រូ​និក និង​ព័ត៌មានវិទ្យា ដែលមាន​តម្លៃ​ប្រហែល ៧៥.៥៨៥​ដុល្លារ ដល់​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ តាម​រយៈ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក​ស្យុ​ង ប៉ូ (Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ការប្រគល់​សម្ភារៈ​នេះ បានធ្វើ​ឡើង​តាម​សំណើ​របស់​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ទៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ការទូត និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បន្ទាប់ពី​វិទ្យាស្ថាន​នេះ ត្រូវ​បាន​សម្ភោ​ធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា អំណោយ​របស់​ប្រទេស​ចិន​នាពេលនេះ ចូលរួម​ចំណែក​ដល់​ការធ្វើ​ឲ្យ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ចីរភាព និង​ពង្រឹងសមត្ថភាព​ដំណើរការ​របស់​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។ ការគាំទ្រ​របស់​ប្រទេស​ចិន​នេះ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិទ្យាស្ថាន ក្នុងការ​ពង្រឹងសមត្ថភាព​អ្នកការទូត​អាជីព​របស់​កម្ពុជា លើ​ផ្នែក ICT Digital Economy និង​ការទូត ព្រមទាំង​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ពង្រឹង​សកម្មភាព​ទំនាក់ទំនង​សាធារណៈ និង​សកម្មភាព​បណ្តុះបណ្តាល​ស្តីពី Communication Skill (​បំ​និ​ន​ខាង​គមនាគមន៍​) ការ​ថ្លែង​ជា​សាធារណ និង​ភាសាបរទេស​។​

ក្រសួង​បាន​បញ្ជាក់ថា អំណោយ​របស់​ប្រទេស​ចិន​នេះ គឺជា​សក្ខីភាព នៃ​ការគាំទ្រ​របស់​មិត្ត​ចិន នៅ​ក្នុ​ង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច របស់​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ការ​គាំទ្រ​នេះ ចូលរួមចំណែក​ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន នៅ​ឆ្នាំ​២០១៨ នេះ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​ការបរទេស​​ នៅ​ខែមេសា ឆ្នាំ​២០១៦។ លោក​ បាន​ផ្តួច​ផ្តើមគំនិត​ឲ្យ​មានការ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​អ្នកកា​រ​ទូត​នេះ​ឡើង​។ គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​អនុម័ត​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការបង្កើត​វិទ្យាស្ថាន​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការធ្វើ​ការកែទម្រង់​ផ្ទៃក្នុង​ក្រសួង​ការ​បរ​ទស ក្នុងនោះ​មានការ​កែសម្រួល​រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់​ក្រសួង​ឡើងវិញ ដើម្បី​ឲ្យ​ក្រសួង​អាចឆ្លើយតប​ទៅនឹង​ការត្រៀម​លក្ខណៈ​សម្បត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ការបរទេស ដែលមាន​ការប្រែប្រួល​ឥត​ឈប់ឈរ និង​មិនអាច​ប្រមើមើល​ជាមុន​បាន ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។

​វិទ្យាស្ថាន​នេះ គឺជា​ស្ថាប័ន​បណ្តុះបណ្ដាល​អ្នកការទូត​ដំបូង​គេ នៅក្នុង​ប្រវត្តិ​វិស័យ​ការទូត​របស់​ប្រទេស​កម្ពុជា ហើយ​ដែល​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ គោលបំណង​សំខាន់​របស់​វិទ្យាស្ថាន គឺ​កសាង​សមត្ថភាព​វិជ្ជាជីវៈ​ក្នុង​ជួរ​មន្ត្រីការទូត​កម្ពុជា​ឲ្យ​ក្លាយជា​យុទ្ធជន​ដ៏​មុត​ស្រួច ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ នៃ​ការងារ​ការទូត​ពិភពលោក ដែលមាន​លក្ខណៈ​កាន់តែ​ស្មុ​គ្រ​ស្មាញ​ឡើង ជាពិសេស​ដើម្បី​លើកកម្ពស់​ភាពជា​ម្ចាស់ការ និង​តួនាទី​ដ៏​សំខាន់​និង​សកម្ម​របស់​កម្ពុជា​ក្នុង​កិច្ចការ​តំបន់ និង​ពិភពលោក​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ ប្រជាជន និង​កិត្យានុភាព​ជាតិ ដើម្បី​ឲ្យ​បាន​ស្មើភាព​និង​ស្មើ​សិទ្ធិ​នៅលើ​វេទិកា​អន្តរជាតិ​។

​កាលពី​ទី​១២ ខែកក្កដា  កន្លងទៅនេះ ឯកអគ្គរដ្ឋទូត​ចិន​បាន​អញ្ជើញ​មក​ទស្ស​និច្ច​នៅ​វិទ្យាស្ថាន និង​បានផ្តល់​កិត្តិយស​ធ្វើជា​វាគ្មិន​នៃ​បាឋកថា​ស្តីពី​ទំនាក់ទំនង​កម្ពុជា​-​ចិន ជូន​ដល់​មន្ត្រី​ក្រសួងការបរទេស​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផង នៅក្នុង​ឱកាស​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​៕ ល​/សរន

#