ចិន​ផ្តល់​សិទ្ធិ​រស់នៅ​ជា​អចិន្ត្រៃយ៍​ដល់​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​Tesla

407
ចែករម្លែក

​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ខែមករា​ថា លោក​អេ​ឡុ​ន ម៉ាស​( Elon Musk )​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​Tesla ត្រូវបាន​ផ្តល់ឱ្យ កាត​ខៀវ (green card) ដែលជា​ការផ្តល់​សិទ្ធិ​រស់នៅ​ជា​អចិន្ត្រៃយ៍​ដល់​ក្រុម​ពាណិជ្ជករ​បរទេស​សំខាន់ៗ​សម្រាប់​ការរស់នៅ​ក្នុង​ប្រទេស​នេះ​ជា​អាទិភាព​ដែល​ត្រូវបាន​ផ្តល់ជូន​​ជ័យលាភី​រង្វាន់​ណូបែល​ច្រើន​នាក់ និង​អតីត​តារា​បាល់បោះ​NBA​ម្នាក់​។​

​លោក Elon Musk បាន​និយាយប្រាប់​នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង​( Li Keqiang )​ថា “​ខ្ញុំ​សង្ឃឹមថានឹង​សាងសង់​រោងចក្រ​របស់​ក្រុមហ៊ុន​Tesla នៅ​ទីក្រុង​​សៀង​ហៃ ឱ្យទៅជា​គំរូ​ពិភពលោក​” ។ ខ្ញុំ​ពិតជា​ស្រឡាញ់​ប្រទេស​ចិន​ ​ខ្ញុំ​ចង់​មក​ទស្សនា​នៅទីនេះ​ឱ្យបាន​ច្រើនដង ” ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​។​

​លោក Li Keqiang បាន​ឆ្លើយតប​ថា “​ប្រសិនបើ​នេះ​គឺជា​អ្វីដែល​លោក​ពិតជា​គិត​មែន​នោះ យើង អាច​ផ្តល់ឱ្យ​លោក​នូវ​”​កាត​ខៀវ​ចិន “​។

​ក្រុមហ៊ុន​Tesla​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការផ្តល់​កាត​ខៀវ​នេះ​ទេ​។​

​ចំនួន​ជនបរទេស​ដែល​បានទទួល​បានការ​រស់នៅ​អចិន្ត្រៃយ៍​នៅ​ចិន គឺមាន​ចំនួន​១០.០០០​នាក់​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើ​យោងតាម​កាសែត​រដ្ឋ​ចិន​China Daily​។​

​ក្រុមហ៊ុន​Tesla​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​California បាន​និយាយថា រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​Tesla​នៅ​ចិន នឹង​អាច​ផលិត​រថយន្ត​ប្រចាំឆ្នាំ​បាន​ចំនួន​៥០០.០០០​គ្រឿង ៕​ដោយ​៖​សុខា​/sn

លោក Elon Musk ប្រធាន​ក្រុមហ៊ុន​Tesla (​រូប​ឆ្វេង​)​និង នាយករដ្ឋមន្ត្រី​ចិន Li Keqiang