ចិន​ផ្អាក​ការនាំ​ចូល​ដែក​និង​គ្រឿង​អាហារ​សមុទ្រ​ពី​កូរ៉េខាងជើង​

1021
ចែករម្លែក

​ក្រសួងពាណិជ្ជកម្ម​ចិន​បា​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​ខែសីហា​ថា ចិន​នឹង​បញ្ឈប់​ការនាំ​ចូល​ដែក និង​រ៉ែ ព្រមទាំង​គ្រឿង​អាហារ​សមុទ្រ​ពី​ប្រទេស​កូរ៉េខាងជើង ដោយ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​អង្គារ​ទី​១៥​សីហា​ដោយសារ​ខ្លួន​(​ចិន​) អនុវត្ត​ការដាក់ទណ្ឌកម្ម​ជាថ្មី​របស់​អង្គការសហប្រជាជាតិ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សន្យា​អនុវត្ត​ពេញលេញ​នូវ​ការដាក់ទណ្ឌកម្ម​ចុងក្រោយ​បំផុត​ទាំងនេះ​ប្រឆាំង​កូរ៉េខាងជើង​ដែលជា​ប្រទេស​សម្ព័ន្ធមិត្ត​ការទូត​នេះ បន្ទាប់ពី​មានការ​គាបសង្កត់​ពី​សហរដ្ឋអាមេរិក​ដើម្បី​ខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​បង្ខំ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ទម្លាក់ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ការប្រកាស​នេះ បានធ្វើ​ឡើង គឺ​តែ​ប៉ុន្មាន​ថ្ងៃ ដែលមាន​សង្គ្រាមពាក្យសម្តី​ខ្លាំង​ឡើង​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ដែល​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​រួមទាំង​ចិន ជា​សមាជិក​អចិន្ត្រៃយ៍​នេះ បានសម្រេច​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​ប្រឆាំង​កូរ៉េខាងជើង កាលពី​ថ្ងៃទី​៦​ខែសីហា ។

​ការដាក់ទណ្ឌកម្ម​នេះ គឺ​ឆ្លើយតប​ទៅនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចំនួន​២​ដោយ​កូរ៉េខាងជើង កាលពី​ខែ​មុន​៕ ដោយ៖ សុខា

​រូបថត​(​កាលពី​ថ្ងៃទី​២២​ខែកក្កដា​) បង្ហាញ​សកម្មភាព​ផលិត​ដែក​នៅ​រោងចក្រ Chollima នៅ​ភាគ​និរតី​នៃ​ទីក្រុង​ព្យុងយ៉ាង