ចិន​ផ្អាក​ដំណើរ​ទស្សនកិច្ច​នៃ​នាវាចម្បាំង​និង​យន្តហោះ​អាម៉េរិក​មកកាន់​ទឹកដី​ហុងកុង ដោយសារ​តែ​ច្បាប់​អាម៉េរិក​ដែល​គាំទ្រ​បាតុករ​ហុងកុង​

580
ចែករម្លែក

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​បាន​និយាយថា ខ្លួន​បាន​ផ្អាក​ពិនិត្យ​សំណើ​របស់​យោធា​អាម៉េរិក​ដើម្បីអោយ​វា​នា​និង​យន្តហោះ​ចម្បាំង​អាម៉េរិក​ចូល​ចត​នៅ​កំពង់​​ផែ​ហុងកុង ក្នុង​ការឆ្លើយតប​នឹង​ការ​ដែល​សភា​អាម៉េរិក​អនុម័ត​ច្បាប់​គាំទ្រ​អ្នកប្រឆាំង​តវ៉ា​នៅ​ក្នុង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ចិន​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង លោកស្រី ហួរ ជុន​យី​ង

​អ្នកនាំពាក្យ​ក្រសួង លោកស្រី ហួរ ជុន​យី​ង បាន​និយាយថា​«​ក្នុង​ការឆ្លើយតប​នឹង​អាកប្បកិរិយា​មិន​សម​ហេតុផល​នៃ​ភាគី​អាម៉េរិក រដ្ឋាភិបាល​ចិន​បានសំរេច​ផ្អាក​ការពិនិត្យ​​សំណើសុំ​អោយ​នាវាចម្បាំង​អាម៉េរិក​ចូល​ចត​នៅ​ហុងកុង​»​។​

​លោកស្រី​បាន​បន្ថែមថា រដ្ឋាភិបាល​ចិន ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​អាម៉េរិក​ចំពោះ​ការគាំទ្រ​សកម្មភាព​ហិង្សា​​ជ្រុលនិយម​នៅ​ហុងកុង​។​ទណ្ឌកម្ម​ក៏​នឹង​ដាក់​លើ​អង្គការក្រៅរដ្ឋាភិបាល​ដ​ទៃ​ទៀត រួមមាន​អង្គការ National Endowment for Democracy និង Freedom House​។​

​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់​២ ដែល​គាំទ្រ​អ្នក​ប្រឆាំង​តវ៉ា​នៅ​ហុងកុង និង​បាន​គំរាម​ដាក់ទណ្ឌកម្ម​ចិន​អំពី​​រឿង​សិទ្ធិមនុស្ស​។​

​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង គាំពារ​យ៉ាង​ពិសេស​ពី​អាម៉េរិក​សំរាប់​សេរីភាព​របស់​ប្រជាជន​ហុងកុង គឺ​ធ្វើ​យ៉ាងណា​រក្សា​ស្វ័យភាព​របស់​ហុងកុង​ពី​រដ្ឋាភិបាល​ក្រុង​​ប៉េកាំង​។​ច្បាប់​មួយទៀត​ហាមប្រាម​នាំចេញ​គ្រាប់រំសេវ​សំរាប់​គ្រប់គ្រង​ហ្វូងមនុស្ស រួម​មាន​គ្រាប់​បែកផ្សែង​គ្រាប់កាំភ្លើង​ជ័រ​កាំភ្លើង​បាញ់​អោយ​វង្វេង​និង​កាំភ្លើង​ឆក់​ទៅអោយ​​ប៉ូលិស​ហុងកុង​។​

​បន្ទាប់ពី​លោក​ត្រាំ​ចុះហត្ថលេខា​លើ​ពង្រាង​ច្បាប់​នេះ​អោយ​ក្លាយជា​ច្បាប់ ចិន​បាន​និយាយថា ខ្លួន​នឹង​ចាត់​«​វិធានការ​តប​យ៉ាង​មុតមាំ​» បើ​សហរដ្ឋ​អាម៉េរិក​បន្ត​ជ្រៀតជ្រែក​នៅ​​ក្នុង​កិច្ចការ​ហុងកុង​៕​ដោយ​៖​វាសនា​