ចិន​ពង្រីក​ច្បាប់​ស្តីពី​ការគោរព​ទង់ជាតិ​ដល់​ទឹកដី​ហុងកុង ដែល​នឹង​ដាក់គុក​អ្នក​មិន​គោរព​ភ្លេងជាតិ ១៥ ថ្ងៃ​

367

​រដ្ឋសភា​ចិន​បាន​ពង្រីក​ជា​ផ្លូវការ​នូវ​ច្បាប់​ហាមឃាត់ “​ការមិន​គោរព​ភ្លេងជាតិ​” កាលពី​ថ្ងៃ​សៅរ៍​ទី ៤ វិច្ឆិកា​ដើម្បី​គ្របដណ្តប់​លើ​ហុងកុង ដែលជា​ចំណាត់ការ​មួយ​ត្រូវបាន​ក្រុម​អ្នក​រិះគន់​និយាយថា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស្វ័យភាព​និង​សេរីភាព​របស់​ទីក្រុង​គ្រប់គ្រង​ដោយ​ចិន​នេះ​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ អ្នកគាំទ្រ​បាល់ទាត់​ហុងកុង​មួយចំនួន​បាន​ចម្អក​ឱ្យ​ភ្លេងជាតិ​អំឡុងពេល​ប្រកួត​ជម្រុះ​វើ​ល​ខាប់ (World Cup) និង​ការប្រកួត​ផ្សេងៗ​ទៀត ដោយ​យក​ត្រាប់​តាម​ការតវ៉ា​នៅ​សហរដ្ឋអាមេរិក ជាទី​ដែល​កីឡាករ​បាល់ឱប​នាំគ្នា​លុតជង្គង់​អំឡុងពេល​គោរព​ភ្លេងជាតិ ដែល​ការអនុវត្ត​បែបនេះ​ត្រូវបាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថ្កោលទោស​។​

​ចិន​បានអនុម័ត​ច្បាប់​ថ្មី​មួយ​កាលពី​ខែកញ្ញា ដោយ​តម្រូវឱ្យ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រហូតដល់ ១៥ ថ្ងៃ​សម្រាប់​អ្នក​ដែល​ប្រមាថ​បទ​ភ្លេងជាតិ ដែលជា​ច្បាប់​មួយ​ត្រូវបាន​គ្របដណ្តប់​លើទឹក​ដី​ហុងកុង​និង​ម៉ា​កាវ​ដែរ ប៉ុន្តែ​មិនទាន់​ត្រូវបាន​ផ្តល់​ជា​មូលដ្ឋាន​ច្បាប់​ភ្លាមៗ​សម្រាប់​ការអនុវត្ត​នៅ​ទី​នោះទេ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​បាន​និយាយថា ច្បាប់​ភ្លេងជាតិ ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ១ តុលា ឥឡូវ​ត្រូវបាន​បញ្ចូល​ក្នុង​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​ឬ​រដ្ឋធម្មនុញ្ញ​តូច​មួយ​។ ច្បាប់​នេះ​ក៏​នឹង​ត្រូវបាន​បញ្ចូល​ក្នុង​ច្បាប់​មូលដ្ឋាន​របស់​ម៉ា​កាវ​ផងដែរ​។​

​លោក ហ៊ី សៅ​រិ​ន អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ហុងកុង​ដើម្បី​អនុម័ត​ច្បាប់​ក្នុងស្រុក​ដើម្បី​គោរព​តាម​វិសោធនកម្ម​ច្បាប់​របស់​ចិន​ឱ្យទាន់​ពេលវេលា​ប៉ុណ្ណោះ​។​

​មន្ត្រី​ហុងកុង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា​តំបន់​រដ្ឋបាល​ពិសេស​នេះ​នឹង​អនុម័ត​ច្បាប់​បែបនេះ “​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​នីតិប្បញ្ញត្តិ​ជាតិ​របស់​ចិន​កាលពី​ថ្ងៃ​សៅរ៍​ក៏បាន​អនុម័ត​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​របស់ខ្លួន​ផងដែរ ដែល​ពង្រីក​ទណ្ឌកម្ម​ស​ម្រា​ប់​ការមិន​គោរព​ទង់ជាតិ​និង​និមិត្តសញ្ញា​ជាតិ​នៅ​ទីសាធារណៈ​។ ការដាក់ទណ្ឌកម្ម​រួមមាន​ការជាប់គុករ​ហូ​តដល់ ៣ ឆ្នាំ​។ ច្បាប់​ដាក់គុក​ដល់​៣​ឆ្នាំ​បែបនេះ​មិន​ត្រូវបាន​អនុវត្ត​ដល់​ហុងកុង​ឬ​ម៉ា​កាវ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ទង់ជាតិ​ចិន​និង​ហុងកុង​នៅ​ខាងក្រៅ​អគារ​ក្រុមប្រឹក្សា​នីតិប្បញ្ញតិ​របស់​ហុងកុង