ចិន​ពន្លះ​តៃវ៉ាន់​ជុំវិញ​ការផ្តល់ជូន​សិទ្ធិ​ជ្រកកោន​ដល់បាតុករ​ហុងកុង​

291
ចែករម្លែក

​ចិន​បាន​ពន្លះ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ ទី​១៩ សីហា ជុំវិញ​ការផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​អ្នកចូលរួម​ក្នុង​ចលនា​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង គឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​ប្រជាជន​រាប់សែន​នាក់​បាន​ដើរ​ក្បួន​ដោយ​សន្តិវិធី​នៅក្នុង​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ​បំផុត​ក្នុង​ដែនដី​ចិន​មួយ​នេះ​។​

​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ដែលជា​កោះ​ស្វ័យគ្រប់គ្រង ដែល​ចិន​ចាត់ទុកជា​ទឹកដី​របស់ខ្លួន​ដែរនោះ បាន​គាំទ្រ​យ៉ាងខ្លាំង​ដល់​ការតវ៉ា​នៅ​ហុងកុង ហើយ​និស្សិត​ហុងកុង​នៅ​តៃវ៉ាន់​បានរៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​កាលពី​ចុង​សប្តាហ៍​នេះ ដោយ​សម្តែង​ការគាំទ្រ​ដល់​ការតវ៉ា​នោះ​។ ប្រធានាធិបតី​តៃវ៉ាន់​បានផ្តល់​ការសុំ​សិទ្ធិ​ជ្រកកោន​កាលពី​ខែ​មុន ទោះបី​គេ​ដឹង​មិន​ច្បាស់​ថា​តើ​សំណើ​នោះ​ត្រូវ​បានទទួល​ឬ​យ៉ាងណាក៏ដោយ​។​

​តៃវ៉ាន់​ខ្វះ​នូវ​យន្តការ​ច្បាប់​ផ្លូវការ​សម្រាប់​វាយតម្លៃ​និង​ផ្តល់​សំណើសុំ​សិទ្ធិ​ជ្រកកោន ទោះបី​កោះ​នេះ​បានផ្តល់​សិទ្ធិ​ស្នាក់នៅ​ដល់​អ្នកប្រឆាំង​របប​ចិន​ជាច្រើន​នាក់​ក៏ដោយ​។​

​កាលពី​ថ្ងៃ​ចន្ទ លោក ម៉ា សៀវ​គួ​ង អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​នៃ​ខុទ្ទកាល័យ​ចិន បាន​និយាយថា ការផ្តល់ជូន​របស់​កោះ​តៃវ៉ាន់​នឹង “​បិទបាំង​ឧក្រិដ្ឋកម្ម​របស់​ក្រុម​សកម្មប្រយុទ្ធ​ដ៏​ហិង្សា​មួយក្រុម​តូច​” និង​លើកទឹកចិត្ត​ដល់​ភាព​មានះ​របស់​ពួកគេ​ក្នុងការ​ធ្វើបាប​ទីក្រុង​ហុងកុង​និង​ប្រែក្លាយ​តៃវ៉ាន់​ទៅជា​ឋានសួគ៌​សម្រាប់​ពួក​ល្មើសច្បាប់​”​។​

​លោក​ម៉ា​បានទាមទារ​ឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់ “​បញ្ឈប់​ការរំលោភ​លើ​នីតិរដ្ឋ​” នៅ​ហុងកុង បញ្ឈប់​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​ហុងកុង និង “​កុំ​លើកលែងទោស​ដល់​ពួកឧក្រិដ្ឋជន​”​។​

​ក្រុម​អ្នករៀបចំ​កម្មវិធី​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ១,៧ លាន​នាក់​បាន​ចូលរួម​នៅក្នុង​ការជួបជុំ​និង​ការហែក្បួន​កាលពី​ថ្ងៃអាទិត្យ បើទោះបីជា​ការប៉ាន់ស្មាន​របស់​ប៉ូលិស​មាន​ចំនួន​ទាប​ជាង​នេះ​ឆ្ងាយ​ក៏ដោយ​។​

​ប៉ូលិស​បាន​និយាយថា បាតុកម្ម​គឺធ្វើឡើង​ដោយ​សន្តិវិធី​ជាទូទៅ ប៉ុន្តែ​ក្រោយមក​បន្តិច​បាន​ចោទប្រកាន់​ហ្វូងមនុស្ស​មួយក្រុម​ធំ​ពីបទ “​រំលោភបំពាន​សន្តិភាព​សាធារណៈ​” ដោយ​កាន់កាប់​ផ្លូវធំ​មួយ​ខ្សែ និង ប្រើ​ចម្ពាម​ដើម្បី​បាញ់​វត្ថុ “​រឹងៗ​” ដាក់​ទីស្នាក់ការ​កណ្តាល​របស់​រដ្ឋាភិបាល​និង​បាញ់​ពន្លឺ​ឡាស៊ែរ​ទៅលើ​មន្ត្រីប៉ូលិស​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​១,៧​លាន​នាក់​ជួបជុំ​តវ៉ា​នៅ​ហុងកុង​កាលពី​ថ្ងៃអាទិត្យ
#