ចិន​ពិបាក​នឹង​បញ្ឈប់​ការពឹង​ផ្អែកលើ​ទីផ្សារ​និង​អ្នកផ្គត់ផ្គង់​របស់​អាមេរិក​

746
ចែករម្លែក

​ដោយ​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ការបញ្ជាទិញ​ពី​សហរដ្ឋអាមេរិក អ្នក​ផលិត​ស្រោមដៃ​វះកាត់ លោក រិ​ន ជី​ទីង (Ren Jiding) កំពុងតែ​ស្វែងរក​ទីផ្សារ​ថ្មី​ចំ​ពេលដែល​រដ្ឋាភិបាល​ចិន​អំពាវនាវ​ឱ្យ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​ទិញ​ស្រោមដៃ ៦០ ភាគរយ ដែល​បាន​លក់​ឱ្យទៅ​អតិថិជន​អាមេរិក​កាលពី​ឆ្នាំមុន​បាន​នោះឡើយ​។​

​លោ​ករិន ជី​ទីង ដែលជា​សហ​ម្ចាស់​ក្រុមហ៊ុន Hongyeshangqin Medical Science and Technology Co., Ltd. នៅ​ទីក្រុង​ជី​ប៉ាវ ភាគ​ខាងកើត​ប្រទេស​ចិន បាន​និយាយថា “​ប្រទេស​ផ្សេងទៀត​នាំចូល​តិចជាង​សហរដ្ឋអាមេរិក​”​។​

​រាប់​ចាប់ពី​ផលិតផល​ឱសថ​រហូតដល់​បន្ទះ​ឈី​ប​ស្មា​ត​ហ្វូ​ន​និង​សណ្តែកសៀង រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាននិងកំពុង​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​។ ប៉ុន្តែ​មានការ​ជំនួស​តិចតួច​ណាស់​សម្រាប់​សហរដ្ឋអាមេរិក​ក្នុងនាម​ជាទី​ផ្សារ​នាំចេញ​និង​ជា​ប្រភព​នៃ​បច្ចេកវិជ្ជា​សម្រាប់​ឧស្សាហកម្ម​ដែល​រួមមាន​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍ ដែល​មេដឹកនាំ​ចិន​មានបំណង​អភិវឌ្ឍ​ឱ្យ​រីកចម្រើន​។​

​ប៉េកាំង​បានប្រកាស​អំពី​ការកាត់បន្ថយ​ពន្ធ​និង​ការផ្លាស់ប្តូរ​ផ្សេងទៀត​ខណៈ​បដិសេធ​ការទាមទារ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​កាត់បន្ថយ​ផែនការ​ដូចជា “​ផលិត​នៅក្នុង​ប្រទេស​ចិន​ឆ្នាំ ២០២៥” ដែល​អំពាវនាវ​ឱ្យមាន​ការបង្កើត​ច្នៃប្រឌិត​ដឹកនាំ​ដោយ​រដ្ឋ​ដើម្បីឱ្យ​ចិន​ខ្លាំង​ក្នុង​វិស័យ​មនុស្ស​យន្ត ជីវបច្ចេកវិជ្ជា និង​វិស័យ​ដទៃទៀត​។ មេដឹកនាំ​អាមេរិក​បាន​និយាយថា​ផែនការ​ទាំងនោះ​គឺ​រំលោភបំពាន​ការសន្យា​បើកចំហ​ទីផ្សារ​របស់​ប៉េកាំង​និង​អាចធ្វើឱ្យ​ធ្លាក់ចុះ​ការនាំ​មុខ​ខាង​ឧស្សាហកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​។​

​ការឆ្លើយតប​នេះ​បង្ហាញ​ពី​ការខាតបង់​ដែល​គណបក្ស​កុម្មុយនីស្ត​កំពុងកាន់​អំណាច មានបំណង​នឹង​ចំណាយ​ក្នុងការ​បាត់បង់​ការលក់​និង​ការងារ​ដើម្បី​តែ​ផែនការ ដែល​កំពុង​បង្កឱ្យមាន​ជម្លោះ​ជាមួយ​វ៉ាស៊ីនតោន អឺរ៉ុប និង​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​។​

​លោក ធៀន​ជី ហឺ មកពី​សាលា​ជំនាញ​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​អក់​ស្វ៊​ត បាន​និយាយ​នៅក្នុង​អ៊ីមែល​ថា “​ចិន​មើលឃើញ​គោលនយោបាយ​បច្ចេកវិជ្ជា​និង​ឧស្សាហកម្ម​របស់ខ្លួន​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​។ ដូច្នេះ​វា​ពិតជា​ពិបាក​ណាស់​ដែល​រំពឹងថា​ថ្នាក់ដឹកនាំ​ចិន​ប្តេជ្ញា​ធ្វើការ​កែប្រែ​ដ៏​សំខាន់​ណាមួយ​នោះ​”​។​

​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​សរុប​របស់​ចិន​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​រួមមាន​ម៉ាស៊ីន​ស្កែ​ន​អេកូ និង​គ្រឿងបន្លាស់​ឧស្សាហកម្ម ដែល​វ៉ាស៊ីនតោន​និយាយថា​ទទួលបាន​ប្រយោជន៍​ពី​គោលនយោបាយ​មិន​ត្រឹមត្រូវ​។ ចិន​បាន​សងសឹក​វិញ​ជាមួយនឹង​ការពិន័យ​ស្រដៀង​គ្នា​។​

​សហរដ្ឋអាមេរិក​កំពុង​ត្រៀម​បង្កើន​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​ទៀត រួមទាំង​ស្រោមដៃ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​របស់​លោ​ករិន​។ ប៉េកាំង​បានចេញ​បញ្ជី​ទំនិញ​អាមេរិក​សម្រាប់​សងសឹក​រួចរាល់​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

កម្មករ​ចិន​កំពុង​ឈរ​នៅ​កំពុងផែ​ឈី​ង​តាវ នៅ​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី ៨ ខែសីហា