ចិន​ព្រមាន​ការរិះគន់​របស់​អាម៉េរិក​​អំពី​តំបន់​ស៊ីន​ជាំ​ង​ថា​មិន​មាន​ប្រយោជន៍​សម្រាប់​កិច្ចចរចា​ពាណិជ្ជកម្ម​

338
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​ចំនួន ២២ ផ្សេងទៀត​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩ ខែតុលា បាន​ជំរុញ​ចិន​ឱ្យ​បញ្ឈប់​ការ​ឃុំឃាំង​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​និង​​ក្រុម​ជន​អ៊ីស្លាម​ផ្សេងទៀត ដែល​ជំរុញ​ឱ្យ​ប្រេសិត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ព្រមាន​ថា​វា​គ្មាន​ប្រយោជន៍​ដល់​កិច្ច​ចរចា​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ​។​

​ចិន​ត្រូវ​បាន​ថ្កោលទោស​ជា​ទូទៅ​ចំពោះ​ការបង្កើត​ជំរំ​នៅ​តំបន់​ស៊ីន​ជាំ​ង​ដាច់ស្រយាល​ដែល​ខ្លួន​ពណ៌នា​ថា​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​បំបាត់​ភាពជ្រុលនិយម​​និង​ផ្តល់​ឱ្យ​ប្រជាជន​នូវ​ជំនាញ​ថ្មីៗ​។ តែ​អង្គការ​សហប្រជាជាតិ​និយាយថា​យ៉ាងហោច​ណាស់​ជនជាតិ​អ៊ុយ​ហ្គួ​រ​និង​ជន​អ៊ីស្លាម​មួយ​លាន​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​។​

​លោក​ហ្សាង ជុន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​” វា​ពិបាក​ក្នុងការ​ស្រមៃ​ថា នៅ​ដៃ​ម្ខាង អ្នក​កំពុង​ព្យាយាម​ស្វែងរក​​កិច្ចចរចា​ពាណិជ្ជកម្ម​ហើយ​ដៃ​ម្ខាង​ទៀត អ្នក​កំពុង​ប្រើប្រាស់​បញ្ហា​ណាមួយ ជា​ពិសេស​បញ្ហា​សិទ្ធិមនុស្ស​ដើម្បី​ស្តីបន្ទោស​អ្នកដទៃ​”​។​

​លោក​និយាយថា មានការ​ជឿនលឿន ” នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​” ។ ប៉ុន្តែ​លោក​បាន​និយាយ​អំពី​ការរិះគន់​របស់​សហរដ្ឋអាម៉េរិក​ចំពោះ​ចិន​នៅ​អង្គការសហប្រជាជាតិ​ថា “​ខ្ញុំ​មិន​គិតថា វា​មិន​ជួយ​ឱ្យមាន​ដំណោះស្រាយ​ល្អ​ចំពោះ​បញ្ហា​នៃ កិច្ចចរចា​ពាណិជ្ជកម្ម​នោះទេ​”​។​

​ក្រុម​អ្នក​ចរចា​អាម៉េរិក​និង​ចិន​កំពុង​ធ្វើការ​ពិនិត្យ​សំរេច​សំណើ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​សម្រាប់​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ និង ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ចុះហត្ថលេខា​នៅ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​ស៊ី​លី​នៅ​ថ្ងៃទី ១៦ ដល់ ១៧​ខែវិច្ឆិកា​៕​ដោយ​៖​សុខា​/sn

ចិន​និយាយថា​ការបង្កើត​ជំរំ​នៅ​តំបន់​ស៊ីន​ជាំ​ង​សំរាប់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​បំបាត់​ភាពជ្រុលនិយម​និង​ផ្តល់​ឱ្យ​ប្រជាជន​នូវ​ជំនាញ​ថ្មីៗ​