ចិន​ព្រមាន​កុំ​ឲ្យ​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ស្រីលង្កា ខណៈ​ទេសចរ​បរទេស​សម្រុក​ចេញ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ភេរវកម្ម​

312
ចែករម្លែក

ចិន​ព្រមាន​កុំ​ឲ្យពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ស្រីលង្កា ខណៈ​ទេសចរ​បរទេស​សម្រុក​ចេញ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ភេរវកម្ម​។

​ស្ថានទូត​ចិន​នៅ​ស្រីលង្កាបាន​ព្រមាន​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រីលង្កា ក្រោយ​ការបំ​ផ្ទុះ​គ្រាប់បែកជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស​ដែន​កោះ​នេះ​កាលពី​ថ្ងៃអាទិត្យ​​ដែល​សម្លាប់​មនុស្ស​យ៉ាង​តិច​២៩០​នាក់​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​ក្នុង​គេហទំព័រ​របស់​ស្ថានទូត​ ជនជាតិ​ចិន​ត្រូវ​បាន​ណែនាំ​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រីលង្កា​នៅពេល​អនាគត​ឆាប់ៗ​នេះ​និង​ពលរដ្ឋ​ចិន​ដែល​បាន​​នៅ​ស្រីលង្កា​ស្រាប់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​នៅ​ឆ្ងាយៗ​ពី​ហ្វូងមនុស្ស​។​

​កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​អន្តរជាតិ Interpol បាន​ប្រកាសថា​ខ្លួន​នឹង​បញ្ជូន​ក្រុម​ពិសេស​មួយ​ទៅ​ស្រីលង្កាដើម្បី​ស៊ើបអង្កេត​ការវាយប្រហារ​នេះ​។​

​ការព្រមាន​របស់​ស្ថានទូត​ចិន​កើតឡើង​ខណៈ​ក្រុម​អ្នកទេសចរ​បរទេស​កំពុង​ប្រញាប់​ប្រ​ញាល់​ចាកចេញ​ពី​ប្រទេស​ស្រីលង្កា ​ហើយ​សណ្ឋាគារ​ជាច្រើន​កំពុង​ត្រៀម​លុបចោល​ការ​កក់​​បន្ទប់​និង​សេវាកម្ម​របស់​ពួកគេ ហើយ​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​ក៏​បាន​លុបចោល​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​របស់​ពួកគេ​ផង​ដែរ​បន្ទាប់​ពី​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃ​​អាទិត្យ​ដែល​បាន​តម្រង់​គោល​ដៅ​វាយប្រហារ​ទៅ​លើជនបរទេស​និង​ពួក​អ្នក​ចូល​ព្រះវិហារ​គ្រិស្ត​។​

​ក្រុម​អ្នកទេសចរ​រាប់ពាន់នាក់ កំពុង​សម្រុក​ទៅកាន់​អាកាសយានដ្ឋាន ដោយ​កាត់បន្ថយ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​បន្ទាប់ពី​មាន​ការផ្ទុះ​គ្រាប់បែក​ជា​បន្ត​បន្ទាប់​នៅ​ព្រះវិហារ​​និង​សណ្ឋាគារ​ប្រណីត​ជាច្រើន​កន្លែង កាលពី​ថ្ងៃអាទិត្យ​។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ចំនួន​អ្នក​ស្លាប់​ជា​ជនបរទេស បាន​កើត​ឡើង​ដល់​៣៩​នាក់​៕​ដោយ​៖​សុខា​/​វាសនា​/Ha

#