ប្រទេសចិនបានព្រមានកូរ៉េខាងជើងកាលពីថ្ងៃសុក្រទី១១សីហាថា ប្រសិនបើពួកគេវាយប្រហារមីស៊ីលប្រឆាំងនឹងសហរដ្ឋអាមេរិក រដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនជួយពួកគេទេ បន្ទាប់ពីការសងសឹកដែលចៀសមិនរួចពីសហរដ្ឋអាមេរិក។
រដ្ឋាភិបាលក្រុងប៉េកាំងបានអំពាវនាវឱ្យមានការចរចាដើម្បីដោះស្រាយភាពតានតឹងកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ ជាដរាបមក។ ទោះជាយ៉ាងណាក៏ដោយ កាសែត Global Times របស់រដ្ឋចិន បានបោះពុម្ពផ្សាយបទវិចារណកថាមួយ ដោយព្រមានទាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងវ៉ាស៊ីនតោនថា នៅពេលដែលសកម្មភាពរបស់ពួកគេធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍របស់ចិននោះ ប្រទេសចិននឹងធ្វើការឆ្លើយតបជាមួយដៃដ៏រឹងមាំ”។
អត្ថបទនេះក៏បានបញ្ជាក់ផងដែរថា “ប្រសិនបើកូរ៉េខាងជើងបាញ់មីស៊ីលដែលគំរាមកំហែងដល់ទឹកដីអាមេរិកជាមុនហើយអាមេរិកសងសឹកវិញ ចិននឹងនៅអព្យាក្រឹត” ។ ម្យ៉ាងវិញទៀត “ប្រសិនបើអាមេរិកនិងកូរ៉េខាងត្បូងធ្វើការវាយប្រហារហើយព្យាយាមផ្តួលរំលំរបបកូរ៉េខាងជើងនិងផ្លាស់ប្តូរលំនាំនយោបាយនៃឧបទ្វីបកូរ៉េ ចិននឹងរារាំងពួកគេមិនឱ្យធ្វើដូច្នេះទេ”។
សេចក្តីថ្លែងការណ៍របស់ចិនគឺបានសង្ខេបព្រឹត្តិការណ៍រយៈពេលមួយសប្តាហ៍មកនេះ ដែលបានឃើញកូរ៉េខាងជើងនិងអាមេរិកផ្តោះផ្តងសង្គ្រាមពាក្យសម្តី ដែលបានកើនឡើងដល់ការគំរាមកំហែងឥតល្ហែ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលឆ្លងអន្តរទ្វីបដែលកំពុងបន្តរបស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ ដោយគំរាមកំហែងជាមួយនឹង “ភ្លើងនិងកំហឹង ដែលពិភពលោកមិនដែលបានឃើញពីមុនមក” ។
បន្ទាប់ពីសម្តីរបស់ត្រាំ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ជីម ម៉ាតទីស បានព្រមានថា ទីក្រុងព្យុងយ៉ាងមិនគួរចូលរួមក្នុង “សកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបញ្ចប់របបនិងការបំផ្លិចបំផ្លាញប្រជាជនរបស់ខ្លួនទេ” ស្របពេលដែលមន្ទីរបញ្ចកោណបានត្រៀមរៀបចំផែនការសម្រាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ដើម្បីចាប់ផ្តើមវាយប្រហារជាមុននៅលើទីតាំងមីស៊ីលរបស់កូរ៉េខាងជើង។
កូរ៉េខាងជើងបានឆ្លើយតបដោយប្រកាសថានៅពាក់កណ្តាលខែសីហាខ្លួននឹងសម្រេចផែនការមួយដើម្បីបើកការវាយប្រហារលើកោះក្វាមដែលជាទឹកដីរបស់សហរដ្ឋអាមេរិក។
លោកត្រាំបានបង្កើនវោហាសាស្ត្រវាយប្រហារ ដោយសរសេរនៅលើធ្វីតធើ (Twitter) ថា “ដំណោះស្រាយយោធាបានដាក់នៅនឹងកន្លែងទាំងស្រុង ប្រសិនបើកូរ៉េខាងជើងប្រព្រឹត្តទង្វើខ្វះការពិចារណានោះ។ សង្ឃឹមថា [គីម ជុងអ៊ុន] នឹងរកឃើញផ្លូវផ្សេងទៀត!”។
កោះក្វាមមានទំនុកចិត្តថាខ្លួនអាចរួចផុតពីការវាយប្រហារនុយក្លេអ៊ែរ។ ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់អាមេរិកបានកត់សម្គាល់នៅសប្តាហ៍នេះថា ប្រព័ន្ធការពារមីស៊ីលរបស់កោះនេះនឹងការពារកោះក្វាមពីគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង៕ ដោយ៖ កញ្ញាដាលីស