ចិន​ព្រមាន​ចាត់វិធានការ​តប បើ​អាម៉េរិក​ដាក់​កាំជ្រួច​នៅ​មាត់ទ្វារ​របស់ខ្លួន​

398
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៦​សីហា​បាន​ព្រមាន​ថា ខ្លួន​នឹង​ចាត់វិធានការ​ត​តប ប្រសិនបើ​អាម៉េរិក​នៅតែ​បន្ត​ជំរុញ​ផែនការ​ដាក់តាំង​កាំជ្រួច​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ម៉ាក អ៊ី​ស​ភើ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​អូស្ត្រាលី​ថា លោក​គាំទ្រ​ការដាក់​កាំជ្រួច​ចម្ងាយ​មធ្យម​នៅ​អាស៊ី​ក្នុងពេល​ឆាប់ៗ​តាម​ដែល​អាច​​ធ្វើបាន អាច​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ជា​ផ្លូវការ​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​កងកម្លាំង​នុយគ្លេអ៊ែរ​ចម្ងាយ​មធ្យម ដែល​ហាម​ការ​ដាក់​តាំង​កាំជ្រួច​ផ្លោង​នុយគ្លេអ៊ែ​រ កាំជ្រួច​ផ្លោង​ធម្មតា​​និង​កាំជ្រួច​បណ្តែត​ណា​ដែមមាន​ចម្ងាយ​ហោះ​ពី​៥០០​ទៅ​៥.០០០​គីឡូម៉ែត្រ​។​

​មន្ត្រី​អាម៉េរិក​ចោទប្រកាន់​រុស្ស៊ី​ថា​មិន​អនុវត្ត​តាម​សន្ធិសញ្ញា តែ​ការដក​ខ្លួន​នេះ​ក៏​អនុញ្ញាត​អោយ​យោធា​អាម៉េរិក​ផលិត​សព្វាវុធ​ថ្មី​ទប់ទល់​នឹង​ចិន ដែល​អួតអាង​អំពី​កងកម្លាំង​​កាំជ្រួច​តាំង​លើ​ដី​ដ៏​ទំនើប​។​

​ហ្វ៊ុយ​កុង អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​នៃ​ក្រសួង​ការពារ​ជាតិចិន បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​«​នឹង​មិន​ឈរ​នៅ​ស្ងៀម​ហើយ​មើល​អាម៉េរិក​ដាក់តាំង​កាំ​​ជ្រួច​នៅ​អាស៊ី​ឡើយ​។​លោក​ថា «​បើ​អាម៉េរិក​ដាក់ពង្រាយ​កាំជ្រួច​នៅ​ផ្នែក​នៃ​ពិភពលោក នៅ​មាត់ទ្វារ​ចិន ចិន​នឹង​ត្រូវ​បង្ខំ​ចាត់វិធានការ​តប​។​ខ្ញុំ​ទទូច​អោយ​បណ្តា​ប្រទេស​ជិត​​ខាង​ធ្វើ​ការប្រយ័ត្នប្រយែង កុំអោយ​អាម៉េរិក​ដាក់​កាំជ្រួច​ចម្ងាយ​មធ្យម​នៅលើ​ទឹកដី​របស់គេ​»​។​

​លោក​បាន​និយាយ​ចំពោះ​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង​និង​អូស្ត្រាលី ដោយ​ព្រមាន​ថា​វា​មិន​បំរើ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​គេ​ទេ​។​

​លោក​ហ្វុយ មិន​បាន​បញ្ជាក់​ថា​អ្វី​ជា​ចម្លើយ​តប​របស់​ចិន​នោះទេ តែ​ថា​« គ្រប់យ៉ាង​នឹង​ស្ថិតនៅ​លើ​តុ​» បើ​សម្ពន្ធមិត្ត​អាម៉េរិក​អនុញ្ញាតអោយ​តាំង​កាំជ្រួច​។​

​លោក​បាន​បញ្ជាក់​សាជាថ្មី​ថា ចិន​មិន​មាន​បំណង​ចូលរួម​ពិភាក្សា​ត្រី​ភាគី​ណាមួយ​ជាមួយ​អាម៉េរិក​និង​រុស្ស៊ី ដើម្បី​បង្កើត​សន្ធិសញ្ញា​ឬ​លក្ខ​ខណ្ធ​ថ្មី​សំរាប់​សព្វាវុធ​ដូច្នេះ ពីព្រោះ​កាំជ្រួច​​ចិន​ភាគច្រើន​បំផុត​ហោះ​មិន​ដល់​ទឹកដី​អាម៉េរិក​ទេ​។​

​ជុំវិញ​បញ្ហា​នេះ អូស្ត្រាលី​កាលពី​ថ្ងៃ​ចន្ទ​បាន​ច្រាន​ចោល​ការអនុញ្ញាតអោយ​អាម៉េរិក​ដាក់តាំង​កាំជ្រួច​ក្នុង​ទឹកដី​របស់​ខ្លួន ក្រោយ​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​និង​ការទូត​កំពូល​អា​ម៉េ​​រិក​មក​៕​ដោយ​៖​វាសនា​