ចិន​ព្រមាន​អាម៉េរិក​និង​ជប៉ុន​ថា​កុំ​រំខាន​សមយុទ្ធ​របស់​ខ្លួន​ក្រោយ​នាវាចម្បាំង​នៃ​ប្រទេស​ទាំង​ពីរ​តាម​ពីក្រោយ​នាវា​ដឹក​យន្តហោះ​ចិន​

695
ចែករម្លែក

​កាលពី​ថ្ងៃអាទិត្យ នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុងស្រុក​ចិន​លើកដំបូង អម​ដោយ​នាវា​ការពារ​ជា​ច្រើន​គ្រឿង​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ជាហេតុ​នាំ​អោយ​អាម៉េរិក​និង​ជប៉ុន​​បញ្ចេញ​នាវាចម្បាំង​តាមឃ្លាំមើល​ពីក្រោយ​។​តែ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ព្រមាន​កុំអោយ​អាម៉េរិក​និង​ជប៉ុន​បង្ក​ឧបសគ្គ​ដល់​សមយុទ្ធរ​បស់​កងទ័ព​​ជើង​ទឹក​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។​

​និយាយ​ទៅកាន់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​លោក ហ្គេង សួង បាន​និយាយ​សំដៅ​នាវាចម្បាំង​អាម៉េរិក​និង​ជប៉ុន​ដែល​បាន​តាម​ពីក្រោយ​​កង​នាវា​ចិន​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​លោក​បាន​និយាយថា​« ខ្ញុំ​ចង់​បញ្ជាក់ថា កង​នាវា​ចិន​ធ្វើ​សមយុទ្ធ​ជា​ទៀត​ទាត់​នៅ​មាត់ទ្វារ​របស់​ប្រទេស ដូច្នេះ​មិន​ចាំបាច់​បង្ក​សម្លេង​អ៊ូរ​អែ​អំពី​វា​ទេ​។​សកម្មភាព​ទាំងនេះ​របស់​​ភាគី​ចិន ស្រម​តាមច្បាប់​និង​ការប្រតិបត្តិ​អន្តរជាតិ​។​យើង​ទាមទារ​អោយ​ភាគី​ពាក់ព័ន្ធ​ឈប់​ជ្រៀតជ្រែក​សកម្មភាព​យោធា​ធម្មតា​របស់​ចិន​»​។​

​ប្រតិកម្ម​របស់​ក្រសួង​ការពារ​ជាតិចិន​កើត​ឡើង​បន្ទាប់ពី​ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់ បាន​និយាយថា នាវា​ផ្ទុក​យន្តហោះ​ចិន​បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជាហេតុ​នាំ​អោយ​​ខ្លួន​បញ្ចេញ​នាវា​និង​យន្តហោះ​ចម្បាំង​ទៅ​ឃ្លាំមើល​។ អាម៉េរិក​និង​ជប៉ុន ក៏​ត្រូវបាន​គេ​រាយការណ៍​ថា បញ្ជូន​នាវាចម្បាំង​តាម​ពីក្រោយ​នាវា​ចិន​ផងដែរ​។​

​ច្រក​សមុទ្រ​នេះ​ខ័ណ្ឌ​ចែក​មហាចិន​ដីគោក​និង​កោះ​តៃវ៉ាន់ តែ​ចិន​ប៉េកាំង​អះអាងថា​ទាំង​កោះ​តៃវ៉ាន់​និង​ច្រក​សមុទ្រ​នេះ​ជា​ផ្នែក​របស់​ចិន​។​

​អាម៉េរិក​ទោះជា​មិន​អះអាង​កម្មសិទ្ធិ​ដែនទឹក​ឬ​ដី​នៅ​តំបន់​នេះ តែងតែ​បាន​បញ្ជូន​យន្តហោះ​និង​នាវាចម្បាំង​មក​ហោះ​ឬ​បើក​កាត់​តំបន់​នេះ​ដើម្បី​អ្វី​ដែល​ខ្លួន​អះអាងថា​ជា «​សេរី​​ភាព​នាវាចរណ៍ »​ជាហេតុ​នាំ​អោយ​ចិន​ប្រតិកម្ម​ជា​បន្តបន្ទាប់​។​

​បើ​តាម​កងទ័ពជើងទឹក​ចិន នាវា​ផ្ទុក​យន្តហោះ​ចិន​ដែល​ទើប​ចេញពី​កន្លែង​សាងសង់​វា បាន​បន្តដំណើរ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ជាប់​គ្នា​នោះ ដើម្បី​សាកល្បង​និង​ចូលរួម​​សមយុទ្ធ តែ​ថា​«​វា​មិន​សំដៅ​គោលដៅ​ណាមួយ​ទេ និង​មិន​ពាក់ព័ន្ធ​នឹង​សភាពការណ៍​បច្ចុប្បន្ន​ដែរ​។​វា​គ្រាន់តែ​ជា​ការសាកល្បង និង​ហ្វឹកហាត់​ទៅ​តាម​ការណែនាំរ​បស់​ក្រុមហ៊ុន​សាង​​សង់​»៕​ដោយ​៖​វាសនា​

នាវា​ផ្ទុក​យន្តហោះ​ផលិត​នៅ​ចិន​លើកដំបូង​បាន​បើក​សាកល្បង​ចេញពី​កំពង់ផែ​ដា​លៀន​ភាគ​ខាងជើង​ប្រទេស កន្លែង​ផលិត​នាវា​នេះ​