ចិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​ប្រេងនិងឧស្ម័ន​ប្រសិនបើ​ហ្វីលីពីន​ទុក​ការសម្រេច​របស់​តុលាការ​អន្តរជាតិនៅ​ដោយឡែក​

1090
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត បាន​និយាយ​ថា​សម​ភាគី​ចិន​របស់​លោក​បាន​ផ្តល់​ការយល់ព្រម​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ម៉ានីល ក្នុង​ការគ្រប់គ្រង​ភាគហ៊ុន​​រួម​គ្នា​នៃ​ការវិនិយោគទុន​ថាមពល​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​ហ្វីលីពីន​ទុក​មួយ​ឡែក​នូវ​សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្ត​រ​ជាតិ​ដែល​ប្រឆាំង​រដ្ឋា​​ភិបាល​ក្រុង​ប៉េកាំង​។​

​លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត បាន​និយាយថា ប្រធានាធិបតី​ចិន លោក ស៊ី​ជីន​ពីង បាន​ប្រាប់​លោក​ក្នុងជំនួប​កាលពីពេល​ថ្មីៗ​របស់​ពួកគេ​ថា ប្រសិន​បើ​លោក​មិន​អើពើ​នឹង​សេចក្តី​​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​ឆ្នាំ ២០១៦​នោះ ចិន​នឹង​ក្លាយជា​ដៃគូ​នៅក្នុង​ការវិនិយោគទុន​រួមគ្នា​ដើម្បី​រុករកប្រេងនិងឧស្ម័ន​នៅ​តំបន់​កោះ Reed Bank​ដែល​ស្ថិតនៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីន​។​

​លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត ដែល​ត្រូវបាន​ដកស្រង់​សម្តី​នៅពេល​និយាយ​ទៅកាន់​ក្រុម​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ខែ​កញ្ញា ហើយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១១​ខែ​កញ្ញា​​នេះ​ថា “​ទុក​សេចក្តីសម្រេច​របស់​តុលាការ​នេះ មួយអន្លើ​សិន​”​។

​ដោយ​ដកស្រង់​សម្តី​របស់​លោក​ស៊ី ជីន​ពីង លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែតបាន​និយាយថា លោក​ស៊ី​ជីន​ពីង​និយាយថា ” ទុក​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​របស់​អ្នក មួយអន្លើ​សិន​ទៅ ហើយ​បន្ទាប់មក ឱ្យ​គេ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ចិន​។ ពួក​គេ​ចង់​ធ្វើការ​ស្រាវជ្រាវ​និង​រុករក​។ បើ​សិន​បាន​រកឃើញ​អ្វី​មួយ​នោះ យើង​រីករាយ​នឹង​ផ្តល់ឱ្យ​អ្នក​៦០​ភាគរយ ហើយ​៤០​ភាគរយ​នឹង​ក្លាយជា​របស់​ពួកគេ​។ នោះ​ជា​ការសន្យា​របស់ លោក ស៊ី​ជីន​ពីង “​។​

​ក្រសួងការបរទេស​ចិន​និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ម៉ានីល​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ធ្វើការ​អត្ថាធិប្បាយ​លើ​ការលើកឡើង​របស់​លោក​រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត​នេះ​។​

​តុលាការ​ក្រុងឡាអេ​នេះ បាន​បញ្ជាក់​អំពី​ព្រំដែន​សមុទ្រ​និង​សិទ្ធិ​អធិបតេយ្យភាព​របស់​ហ្វីលីពីន​ហើយ​នៅក្នុង​សេចក្តីសម្រេច​នេះ តុលាការ​នេះ​បាន​សម្រេច​ថា ការអះអាង​សិទ្ធិ​​កាន់កាប់​ទឹកដី​ដោយ​ចិន​លើ​សមុទ្រ​ខាងត្បូង​ទាំងស្រុង​នោះ ត្រូវបាន​ទុកជាមោឃៈ តែ​ចិន​មិន​ទទួលស្គាល់​សេចក្តីសម្រេច​នេះ​ទេ​៕​ដោយ​៖​សុខា​/sn

លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត ស្ថិត​នៅក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក​Li Keqiang នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​៣០​ខែ​សីហា​ឆ្នាំ​២០១៩

#