ចិន​មាន​សុទ្ធតែ​ជម្រើស​លំបាក​បំផុត​ដើម្បី​ដោះស្រាយ​កោលាហល​នៅ​ហុងកុង​

545
ចែករម្លែក
បាតុករ​កំពុង​ប្រមូលផ្តុំ​នៅ​កណ្តាល​ក្រុង​ហុងកុង

​ចិន​មាន​សុទ្ធតែ​ជម្រើស​លំបាក​បំផុត ខណៈដែល​ប្រទេស​នេះ​សម្លឹង​រក​ការបញ្ចប់​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រយៈពេល​ជាង​ពីរ​ខែ​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​របស់ខ្លួន​នៅ​ភាគខាងត្បូង គឺ ហុងកុង​។​

​ក្រុមអ្នកតវ៉ា​មិនបាន​បង្ហាញ​សញ្ញា​នៃ​ការដកថយ​ឡើយ ទោះបី​មានការ​ប្រឈមមុខ​ដាក់​គ្នា​កាន់តែខ្លាំង​ឡើង ដែល​ក្នុងនោះ​ប៉ូលិស​ហុងកុង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​ជាប្រចាំ​ក៏ដោយ​។​

​ការតវ៉ា​នេះ​ត្រូវបាន​បង្កឡើង​ដោយ​ការប្រឆាំង​ទៅនឹង​ច្បាប់​ដែល​បានគ្រោង​ទុក​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក បន្ទាប់មក​បាន​វិ​វត្ត​ទៅជា​ចលនា​កាន់តែ​ទូលំទូលាយ​ដើម្បី​ឱ្យមាន​កំណែទម្រង់​ប្រជាធិបតេយ្យ​និង​បញ្ឈប់​ការធ្វើឱ្យ​រេចរឹល​សេរីភាព​។​

​នេះ​គឺជា​ជម្រើស​ដែល​អាច​នឹង​យកមកប្រើ​សម្រាប់​រដ្ឋាភិបាល​កណ្តាល ខណៈ​ចិន​ព្យាយាម​បញ្ចប់វិបត្ដិ ៖

១. រង់ចាំ​មើល​តិច​ទៀត​សិន​

​វិធីសាស្ត្រ​បច្ចុប្បន្ន​របស់​ប៉េកាំង​គឺ​ត្រូវ​បង្ហាញ​ការគាំទ្រ​ជា​សាធារណៈ​យ៉ាង​មុតមាំ​ដល់​ប៉ូលិស​ហុងកុង​និង​នាយក​ប្រតិបត្តិ​របស់​ទីក្រុង លោកស្រី ខា​រី ឡាំ ខណៈ​ព្រមាន​ដល់​ក្រុមបាតុករ​ថា សកម្មភាព​របស់​ពួកគេ​គឺ “​ពុំ​អាច​ទ្រាំ​អត់ឱន​ឱ្យបាន​ទៀតឡើយ​”​។​

​អ្នកវិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង លោក ឌិ​ក​សុន ស៊ី​ង បាន​និយាយថា “​ប៉េកាំង​បាន​អនុវត្ត​យុទ្ធសាស្ត្រ​បំភិតបំភ័យ​និង​កំពុង​ព្យាយាម​រង់ចាំ​មើល​រហូតដល់​យ៉ាងហោចណាស់​ដើមខែ​កញ្ញា នៅពេលដែល​ឆមាស​ថ្មី​ចាប់ផ្តើម​នៅតាម​សាលា​នានា ព្រោះ​អ្នក​តវ៉ា​ភាគច្រើន​គឺជា​សិស្ស​វិទ្យាល័យ​និង​និស្សិត​សាកលវិទ្យាល័យ​”​។​

​បក្ស​កុម្មុយនីស្ត​ចិន​ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ប្រទេស​ចិន​ទំនើប ហើយ​ទំនងជា​មិន​ចង់​ចាត់វិធានការ​ក្តៅ នៅមុន​ខួប​នេះ​ទេ​។​

​វិធីសាស្ត្រ​រង់ចាំ​មើល​សិន គឺ​ស្រដៀង​គ្នា​ទៅនឹង​របៀប​ដែល​ចិន​ដោះស្រាយ “​ចលនា​ឆត្រ​” គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ២០១៤ នៅ​ហុងកុង​ដែរ​។​

​ព្រឹត្តិការណ៍​ឆ្នាំ ២០១៤ បានឃើញ​ក្រុមអ្នកតវ៉ា​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​អស់​រយៈពេល​ជាង​ពីរ​ខែ ប៉ុន្តែ​បាន​សាបរលាប​ទៅវិញ ដោយ​មិន​ទទួលបាន​សម្បទាន​ពី​ក្រុង​ប៉េកាំង​នោះឡើយ បន្ទាប់ពី​មេដឹកនាំ​សំខាន់ៗ​របស់​បាតុករ​ត្រូវបាន​ចាប់ខ្លួន​។​

​ប៉ុន្តែ​នេះ​ប្រហែលជា​មិនទាន់​គ្រប់គ្រាន់​ទេ​។​

​តាមរយៈ​ការរង់ចាំ​បែបនេះ វា​បង្ក​ភាពអាម៉ាស់​បន្ថែមទៀត​សម្រាប់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ដែល​មិនចេះ​អត់ឱន​ឱ្យ​រឿង​បែប​នេះឡើយ​។​

​លោក ម៉ៃ​ឃើ​ល រ៉ា​ស្កា ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាលា​ជំនាញ​សិក្សា​អន្តរជាតិ S. Rajaratnam ក្នុងប្រទេស​សិង្ហ​បុរី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ការតវ៉ា​នៅ​ហុងកុង​គឺជា​ការបាក់មុខមាត់​ធ្ងន់ធ្ងរ​សម្រាប់​ទីក្រុង​ប៉េកាំង និង​បង្ហាញ​នូវ​ការលំបាក​ខាង​នយោបាយ​និង​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ចិន មិនដឹងថា​ត្រូវធ្វើ​អន្តរាគមន៍​នៅពេលណា​និង​ដោយ​របៀប​ណា​?”​។​

២. ចុះចាញ់​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹងដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ហុងកុង​ឱ្យប្រើ​សំឡេង​ផ្សះផ្សា​ជាង​មុន​និង​ស្វែងរក​មធ្យោបាយ​ដើម្បី​សម្របសម្រួល​ជាមួយ​ក្រុមបាតុករ​។​

​ការទាមទារ​របស់​ពួកគេ​រួមមាន​ការស៊ើបអង្កេត​ឯករាជ្យ​ទាក់ទង​នឹង​វិធីសាស្ត្រ​របស់​ប៉ូលិស និង ការលុបចោល​ជា​អចិន្ត្រៃយ៍​នៃ​សេចក្តីព្រាងច្បាប់​បត្យាប័ន​។​

​រដ្ឋាភិបាល​ចិន​ក៏​អាច​នឹង​រៀបចំ​ចាត់ចែង​ការលាលែង​របស់លោក​ស្រី​ឡាំ​ផងដែរ ដែលជា​ការទាមទារ​សំខាន់​មួយទៀត​របស់​ក្រុមអ្នកតវ៉ា​។​

​លោក​ស៊ី​ង​បាន​និយាយថា “​លោកស្រី​ឡាំ​បាន​ក្លាយជា​អ្នកទទួលខុសត្រូវ​ខាង​នយោបាយ​ដ៏​ទូលំទូលាយ​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​”​។​

​ទោះយ៉ាងណា ការទទួលខុសត្រូវ​បែបនេះ​ច្បាស់​ជា​ឃើញ​គាត់​ត្រូវ​ចុះចាញ់​បាតុករ​និង​លាលែង​ពី​តំណែង​ដើម្បី​បំពេញ​ការទាមទារ​រប​ស់​ពួកគេ​។​

​អ្នកវិភាគ​នយោបាយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​លោក​វី​ល​លី ឡាំ បាន​ប្រាប់ AFP ថា “​លទ្ធភាព​ដែល​ប៉េកាំង​ទទួលយក​វិធានការ​ផ្សះផ្សា​និង​អហិង្សា​គឺមាន​ទាប​ណាស់​”​។​

៣. ប្រើ​ធម៌​ក្តៅ​

​រដ្ឋាភិបាលកណ្តាល​អាច​បង្កើន​សម្ពាធ​និង​វិធីសាស្ត្រ​បំភិតបំភ័យ​របស់ខ្លួន​ប្រឆាំងនឹង​ក្រុមបាតុករ​។​

​មានការ​ថ្កោលទោស​ខ្លាំង​ឡើងៗ​ពី​សំណាក់​អាជ្ញាធរ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រួចទៅហើយ​។​

​យោធា​ចិន​កាលពី​សប្តាហ៍​មុន​បាន​ពណ៌នា​ចលាចល​នេះ​ថា “​មិនអាច​អត់ទ្រាំ​ឱ្យបាន​ទៀតឡើយ​” និង​បាន​បញ្ចេញ​វីដេអូ​ឃោសនា​ដ៏​រំជើបរំជួល​មួយ ដោយ​បង្ហាញ​ពី​សមយុទ្ធ​របស់​កង​ប្រដាប់អាវុធ​កំពុង​ធ្វើជា​រារាំង​ការតវ៉ា​នៅ​ហុងកុង​។​

​លោកស្រី​ឡាំ​បាន​មានប្រសាសន៍ថា “​នៅ​ដំណាក់កាល​នេះ (​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​) កំពុង​តម្រង់ទិស​ទៅរក​ជំហរ​កាន់តែ​តឹងរ៉ឹង​ថែមទៀត​”​។​

​ប៉ុន្តែ​ប្រសិនបើ​ប៉េកាំង​មិនមាន​គម្រោង​អនុវត្ត​ការគំរាមកំហែង​បែបនេះ​ទេនោះ វា​នឹងមាន​ហានិភ័យ​ច្រើន​ថែមទៀត​។ នេះ​អាច​បង្កឱ្យមាន​លំហូរ​ប្រាក់​និង​ក្រុមហ៊ុន​ចេញពី​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​នេះ​តែម្តង​។​

៤. បញ្ជូន​ទ័ព​

​យុទ្ធសាស្ត្រ​គ្រោះថ្នាក់​បំផុត​សម្រាប់​រដ្ឋាភិបាលកណ្តាល​គឺ បញ្ជូន​ទ័ព​។​

​មាន​បន្ទាយ​ផ្ទុក​កងទ័ព​រាប់ពាន់នាក់​មកពី​កងទ័ព​រំដោះប្រជាជន (PLA) ឈរជើង​នៅ​ហុងកុង​រួចទៅហើយ ទោះបីជា​ពួកគេ​ពុំដែល​បង្ហាញ​ភាពលេច​ធ្លោ​ក៏ដោយ​។​

​ខណៈដែល​ច្បាប់​ហុងកុង​ចែងថា កងទ័ព PLA “​នឹងមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃ​ក្នុងនៃ​តំបន់​” ច្បាប់​នោះ​ក៏​ចែង​ដែរ​ថា កងទ័ព​ចិន​អាច​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី “​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​”​។​

​ប៉ុន្តែ​វិធី​ចុងក្រោយ​នេះ​អាច​បង្ក​គ្រោះមហន្តរាយ​ហិរញ្ញវត្ថុ​សម្រាប់​ហុងកុង​និង​ការ​ថ្កោលទោស​ទូទាំង​ពិភពលោក​ចំពោះ​គណបក្ស​កុម្មុយនីស្ត​ចិន​។​

​លោក​រ៉ា​ស្កា​បាន​និយាយថា “​វា​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​ភាពស្របច្បាប់​ខាង​នយោបាយ​យ៉ាងធ្ងន់ធ្ងរ​របស់លោក​ស៊ី ជីន​ពីង​និង​គណបក្ស CCP ទាំង​ក្នុង​និង​ក្រៅប្រទេស ជាមួយនឹង​ការ​ថ្កោលទោស​ជា​អន្តរជាតិ ដែល​រំលឹក​ឡើងវិញ​នូវ​ការបង្ក្រាប​បាតុកម្ម​នៅ​ទីលាន​ធៀន​អាន​ម៉េ​ន​ក្នុង​ឆ្នាំ ១៩៨៩”៕ ដោយ៖ កញ្ញាដាលីស

ប្រភព ៖ ដេលី​មែ​ល​