ចិន​មាន​អាវុធ​ច្រើន​នៅក្នុង​សង្គ្រាម​ពន្ធ​ជា​មួយ​អាមេរិក​

1298
ចែករម្លែក

​ដោយ​សម្លឹង​រក​វិធី​វាយបក​អាមេរិក​ខណៈ​សង្គ្រាម​ពន្ធ​កាន់តែ​ពុះកញ្ជ្រោល​ឡើង ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​មេ​សេដ្ឋកិច្ច​របស់​លោក​បាន​ទៅ​ទស្សនា​រោងចក្រ​ចិន​មួយ​​ដែល​កែច្នៃ​បង្កើត​លោហធាតុ​«​ដី​កម្រ​» ជា​ធាតុ​រ៉ែ​ម្យ៉ាង​សំរាប់​ប្រើ​នៅក្នុង​រថយន្ត​អគ្គិសនី ទូរស័ព្ទ​ចល័ត​និង​បច្ចេកវិទ្យា​ដទៃទៀត​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បាន​ស្រង់​សម្តី​លោក​ស៊ី​ដែល​ថា ដី​កម្រ​គឺជា​«​ប្រភព​ធនធាន​យុទ្ធសាស្ត្រ​ដ៏​សំខាន់​»​មួយ​។​

​សារ​នេះ​ច្បាស់លាស់​ណាស់​គឺ​ថា តួនាទី​របស់​ចិន​ជា​អ្នក​ផ្គត់ផ្គង់​លោហធាតុ​«​ដី​កម្រ​»​ប្រើ​ក្នុង​ស្មា​ត​ហ្វូន ដែក​ឆក់ អាគុយ​និង​គ្រឿងផ្សំ​ដទៃទៀត ជា​ប្រៀប​មួយ​លើ​អាមេរិក​។​ការបិទ​​ខ្ទប់​វត្ថុ​ធាតុ​ផ្សំ​នេះ​ពី​ចិន​អាច​ប៉ះពាល់​វិស័យ​បច្ចេកវិទ្យា​អាមេរិក និយាយ​ដោយឡែក​ចំពោះ​ក្រុមហ៊ុន​Apple​និង​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​ពឹង​លើ​វត្ថុធាតុដើម​ចិន​។​

​មកទល់​ឥឡូវនេះ ចិន​បាន​ព្យាយាម​អត់ធ្មត់​នៅក្នុង​ការប្រយុទ្ធ​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ របស់​អាមេរិក​អំពី​បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម​។​ចិន​បាន​ឆ្លើយតប​នឹង​ការដំឡើង​​ពន្ធ​របស់​អាមេរិក​ដោយ​វាយ​ពន្ធ​ពិន័យ តែ​ក្នុង​បរិមាណ​តិចជាង​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​។​

​ខណៈ​ភាគី​ទាំង​២​ទំនង​ជា​ជាប់​ក្នុង​សមរភូមិ​អូសបន្លាយ​មួយ ដំណើរ​របស់​ស៊ី​បានបង្ហាញ​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​ស្វែងរក​វិធី​ថ្មី​ដើម្បី​ដាក់​សម្ពាធ​លើ​អាមេរិក​អោយ​ចូល​ខ្លួន​​ដោះស្រាយ​។​

​ពួក​អ្នកវិនិយោគ​មាន​ការព្រួយបារម្ភ​រួចជាស្រេច​ថា នៅ​ទី​បំផុត​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ព្យាយាម​កំហិត​ឬ បិទ​ខ្ទប់​ដង្ហើម​ផលិតកម្ម​ទូរស័ព្ទ​iPhone​របស់​ក្រុមហ៊ុន​Apple​និង​ការលក់​របស់​វា​នៅ​ចិន​។​ការ​គំរាម​នេះ​បណ្តាលអោយ​ក្រុមហ៊ុន​ខាតបង់​៨០​ពាន់​លាន​ដុល្លារ​ជា​តំលៃ​ភាគហ៊ុន​តាំងពី​ដើម​ខែ​មក​ទល់​ពេល​នេះ​។​

​ដា​ញែល អ៊ី​វេស នៅ​ក្រុមហ៊ុន​មូលបត្រ​Wedbush Securities​បាន​និយាយថា​« មាន​ការព្រួយបារម្ភ​ជាទូទៅ​ថា Apple ជា​គោលដៅ​មួយ​នៃ​ការ​វាយបក​របស់​ចិន ។​ចិន​ត្រៀម​បាញ់​​ចេញ​»​។​

​ចិន​ឥឡូវ​ជាទី​ផ្សារ​ធំ​បំផុត​ទី​៣​របស់​Apple​បន្ទាប់​ពី​អាមេរិក​និង​អឺរ៉ុប ឬ​ស្មើ​២០​ភាគរយ​នៃ​ការលក់​របស់​ក្រុមហ៊ុន​នៅ​រយៈពេល​មួយ​ឆ្នាំ​មកនេះ​។​តាំងពី​មុន​មក iPhone​នៅ​មិន​​ទាន់​រងគ្រោះ​ពី​សង្គ្រាម​ពន្ធ​នៅ​ឡើយ​ទេ ទាំង​នៅ​អាមេរិក​និង​ចិន​។​

​ខណៈ​ចិន​មាន​ជំរើស​ច្រើន​ដើម្បី​រំខាន​ពាណិជ្ជកម្ម​របស់​អាមេរិក ខ្លួន​ក៏​ប្រឈម​ការខាតបង់​សេដ្ឋកិច្ច​និង​នយោបាយ​ធំធេង​ផងដែរ​។​បណ្តា​រោងចក្រ​Apple​នៅ​ចិន​ជួល​កម្មករ​​ប្រមាណ​១,៤​លាន​នាក់​។​កាលពី​ឆ្នាំ​២០១៧ Apple​បាន​វាយ​តំលៃ​ថា អាជីវកម្ម​របស់​ខ្លួន​បង្កើត​ការងារ​ប្រមាណ​៤,៨​លាន​នាក់​នៅ​ចិន ។​

​ការវាយប្រហារ​ដោយ​ផ្ទាល់​ណា​មួយ​លើ Apple ក៏​ប្រហែស​ជា​ការបង្អាក់​ទឹកចិត្ត​ក្រុមហ៊ុន​និង​អ្នកវិនិយោគ​អាមេរិក​ផ្សេងៗ​មិន​អោយ​ដាក់​លុយ​រកស៊ី​នៅ​ចិន នេះ​បើ​តាម​លោក​​ម៉ៃ​ឃើ​ល ហៀ​សុន ធ្វើការ​នៅ​ក្រុមហ៊ុន​Eurasia Group​។​

​លោក​បន្តថា រដ្ឋាភិបាល​ក៏​អាច​បំផ្លាញ​Apple​នៅ​ពីក្រោយ​ឆាក ដោយ​លើក​ទឹកចិត្ត​អោយ​អ្នក​ប្រើ​ឈប់​ប្រើ​និង​ងាក​មក​ប្រើ​ផលិតផល​ក្នុងស្រុក​ដូចជា Huawei និង Xiaomi​។​

​រឿង​មួយ​ទៀត​ដែល​ចិន​អាច​យក​មក​សងសឹក​បាន​ដែរ​នោះ​គឺ​បំណុល​អាមេរិក​ជំពាក់​ចិន​១.១២៣.០០០​លាន​ដុល្លារ តាមរយៈ​ការទិញ​ទុក​សញ្ញាប័ណ្ណ​រដ្ឋ​អាមេរិក​កន្លងមក​។​ចិន​​អាច​ក្រឡុក​ទីផ្សារ​អាមេរិក​ដោយ​លក់​ចោល​ប័ណ្ណបំណុល​សន្ធឹកសន្ធាប់​នេះ​ក្នុង​តំលៃថោកៗ ជាហេតុ​ន​នាំ​អោយ​សញ្ញាប័ណ្ណ​ធ្លាក់​ថ្លៃ​និង​បង្ខំ​អោយ​រដ្ឋាភិបាល​បង្កើន​ប្រាក់ភាគ​លាភ​។​​ជា​លទ្ធផល វា​នឹង​ធ្វើអោយ​ឥណទាន​សំរាប់​ក្រុមហ៊ុន​អាមេរិក​ថ្លៃ ដែល​នាំ​ដល់​ឧបសគ្គ​នៃ​កំណើន​សេដ្ឋកិច្ច​។​

​ការទម្លាក់​ថ្លៃ​ប្រាក់​យ័ន​ទល់នឹង​ដុល្លារ​ក៏​ជា​មធ្យោបាយ​មួយ​ទៀត ដើម្បី​ទូទាត់​នឹង​ផល​បង្កឡើង​ពី​ការដំឡើង​ពន្ធ​ខាង​អាមេរិក​៕​ប្រែ​សម្រួល​៖​វាសនា​

នាយក​ក្រុមហ៊ុន Apple លោក​ធី​ម ឃុក ចូលរួម​កិច្ចប្រជុំ​សេដ្ឋកិច្ច​មួយ​នៅ​ចិន​។​ក្រុមហ៊ុន​អាមេរិក​នេះ ពឹង​លើ​រោងចក្រ​នៅ​ចិន​ដើម្បី​ដំឡើង​ទូរស័ព្ទ​iPhones

#