ចិន​មិនមាន​ចំណូលចិត្ត​ក្នុងការ​បំផ្លាញ​ជំនួប​កំពូល​ទេ​

5692
ចែករម្លែក

​ទាំង​មន្ត្រី​ចិន​និង​អ្នកវិភាគ​សុទ្ធតែ​បាន​ច្រានចោល​សញ្ញាណ​ដែលថា ចិន​មាន​តួនាទី​មួយ​នៅក្នុង​ការពង្រឹង​គោលជំហ​រ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុ​អ៊ុន ចំពោះ​ជំនួប​​របស់លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​ពួកគេ​និយាយថា នេះ​ដោយសារ​មួយផ្នែក​ចិន​នឹង​ទទួលបាន​ផល​ពី​ជំនួប​កំពូល​ណាមួយ​រវាង​មេដឹកនាំ​ទាំងពីរ ដែល​បានគ្រោង​ធ្វើ​នៅ​សិង្ហ​បុរី​នា​ថ្ងៃ​១២​មិថុនា​។​

​នៅពេល​ត្រូវបាន​សួរ​អំពី​ការលើកឡើង​របស់​ត្រាំ​ថា​គីម បាន​បន្តឹង​ឥរិយាបទ​របស់លោក​ក្រោយ​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​ជា​លើក​ទី​២​នៅ​ខែ​នេះនោះ អ្នក​នាំ​​ពាក្យ​ក្រសួងការបរទេស​ចិន លូ កាំ​ង បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​ឧសភា​ថា​” យើង​មិនមាន​ហេតុផល​អាថ៌កំបាំង​ណាមួយ​ទេ​”​។​

​លោក​លូ​បាន​បន្ថែមថា ចិន​ប្រកាន់​គោលជំហរ​របស់ខ្លួន​ដដែល​អំពី​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ គឺថា វា​ត្រូវ​ដោះស្រាយ​តាម​ការចរចា​គ្នា​។​

​សាស្ត្រាចារ្យ ស៊ី យីន​ហុង នៅ​សកល​វិទ្យាល័យ​Renmin University បាន​ហៅ​ការអះអាង​របស់​ត្រាំ​អំពី​ឥទ្ធិពល​របស់​ចិន​នោះ​ថា​”​គ្មាន​ន័យ​” ព្រោះថា ការបំផ្លាញ​ជំនួប​​កំពូល​វា​គ្រាន់តែ​នាំអោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ចិន និង​បង្កើន​ភាព​តានតឹង​លើ​ឧបទ្វីប​នេះ​ថែមទៀត​។​

​យល់ស្រប​នឹង​គំនិត​ខាងលើ​ផងដែរ សាស្ត្រាចារ្យ ស៊ូ ហាវ នៅ​សកល​វិទ្យាល័យ​កិច្ចការបរទេស​ចិន បាន​និយាយថា វា​គឺជា​គោលការណ៍​គ្រឹះ​របស់​ចិន​ដែល​ត្រូវ​ធ្វើអោយ​ឧបទ្វីប​កូរ៉េ​គ្មាន​សព្វាវុធ​នុយក្លេអ៊ែរ​។​”​រឿងនេះ​វា​សំខាន់​ណាស់​សំរាប់​សន្តិសុខ​ចិន​”​។​

​ហេតុផល​មួយទៀត​ដែល​ចិន​ចង់អោយ​ជំនួប​កំពូល​នេះ​កើតឡើង និង​ទទួលជោគជ័យ គឺ​វា​ជា​គោលដៅ​យូរ​មកហើយ​របស់ខ្លួន​សំរាប់​កូរ៉េខាងជើង​។​

​បើតាម​លោក​ហ្សា​វ តុង អ្នកជំនាញ​ខាង​កូរ៉េខាងជើង​ម្នាក់ មកពី​មជ្ឈមណ្ឌល​Carnegie-Tsinghua​សំរាប់​គោលនយោបាយ​សកល ជោគជ័យ​នៃ​ជំនួប​កំពូល​នេះ​នឹង​ជួយ​​ធ្វើអោយ​ប្រសើរ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​និង​អាមេរិក​។​ជា​ថ្នូរ​មកវិញ​វា​ធ្វើអោយ​ចិន​ងាយស្រួល​ឡើង​ក្នុង​ការជួយ​កូរ៉េខាងជើង​ផ្លាស់ប្តូរ​ខ្លួន​ពីរ​ដ្ឋ​ឯកោ​ក្រីក្រ​មកជា​រដ្ឋ​​ធម្មតា​មួយ​នៅក្នុង​ពិភពលោក​។​

​ហ្សា​វ បាន​ពន្យល់ថា ហេតុផល​ឬ​សគល់​នៃ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គឺ របប​នេះ​យល់ថា​ខ្លួនឯង​មិនមាន​សន្តិសុខ ដោយសារតែ​ភាព​ឯកោ​របស់ខ្លួន​និង​ការ​យល់ច្រឡំ​លើ​ចេតនា​របស់លោក​ខាងលិច​។​

​ទោះជា​យ៉ាងណា ពួក​អ្នកវិភាគ​លោកខាងលិច​យល់ឃើញ​ផ្សេង​បន្តិច​ពី​ទស្សនៈ​ចិន​។​

​បុ​ន​នី ក្លាស​សឺ មកពី​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​អាមេរិក បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា លោក​ស៊ី​អាច​ប្រា​ប់លោក​គីម​អោយ​យក​សមយុទ្ធ​​យោធា​អាមេរិក​-​កូរ៉េខាងត្បូង​មក​ដា​ក់លើ​តុ​ចរចា​។​លោកស្រី​បាន​បន្ថែមថា លោក​ស៊ី​អាច​ព្យាយាម​កាច់ចង្កូត​នៃ​កិច្ចប្រជុំ​ទៅរក​ទិសដៅ​មួយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ចិន​។​

​ហ្សា​វ​បានបញ្ជាក់​បន្ថែមថា ប្រសិនបើ​ជំនួប​កំពូល​នេះ​នៅតែ​លុបចោល នោះ​វា​នឹង​នាំអោយ​ចិន​រឹតតែ​ប្រកាន់យក​ជំហរ​រឹង​ជាមុន​មួយ​ដោយសារ​កូរ៉េខាងជើង​នឹង​ស្នើសុំ​​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ជាមួយ​ចិន ក្នុងពេលដែល​អាមេរិក​ចង់អោយ​ចិន​បន្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​

​តែ​សាស្ត្រាចារ្យ​ស៊ី បាន​និយាយថា អ្វីដែល​ប្រាកដ​នោះ​គឺថា ចិន​នឹងមិន​លេង​តួនាទី​ជា​អ្នកសម្របសម្រួល ដោយសារតែ​ស្ថានភាព​ដ៏​លំបាក​ដែល​កូរ៉េខាងត្បូង​ជួប​ស្រាប់​​ដោយសារតែ​តួនាទី​អន្តរការី​នេះ​។​ផ្ទុយទៅវិញ ចិន​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​ផ្តល់ជំនួយ​សេដ្ឋកិច្ច​ក្រោម​ក្របខណ្ឌ​របស់​អង្គការសហប្រជាជាតិ​៕​ដោយ​៖​វាសនា​

​ជំ​នួន​របស់​មេដឹកនាំ​កូរ៉េខាងជើង​(​ឆ្វេង​)​និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង នៅ​ក្រុង​ដា​លៀន​កាលពី​ថ្ងៃ​៨​ឧសភា នាំអោយ​ត្រាំ​លើកឡើងថា ការប្រកាន់​ជំហរ​តឹងរឹង​ឡើង​​របស់​គីម អាចមកពី​លោក​ឥទ្ធិពល​ចិន​