ចិន​មិន​ឈរ​ឱបដៃ​មើល​បើ​សភាពការណ៍​ហុងកុង​ធ្លាក់​ដល់​កំរិត​គ្រោះថ្នាក់ ហើយ​ឋានៈ​របស់​ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ក៏​មិន​អាច​ពិភាក្សាបាន​

384
ចែករម្លែក

​ឋានៈ​របស់​ហុងកុង​ជា​ផ្នែក​នៃ​ទឹកដី​ចិន​មិន​អាច​ដាក់​សំរាប់​ការពិភាក្សា​តថ្លៃ​ណាមួយ​ឡើយ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​មិន​ឈរ​ឱបដៃ​មើល​ដែរ​បើសិនជា​សភាពការណ៍​ឈាន​​ដល់​គំរាម​សន្តិសុខ​ជាតិ នេះ​បើ​តាម​ការបញ្ជាក់​ពី​ការរិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវរ​បស់​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​កញ្ញា​។​

​លោកស្រី​ស៊ូ លូ​យី​ង អ្នកនាំពាក្យ​ការិយាល័យ​ខាងលើ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា រដ្ឋាភិបាលកណ្តាល​មានជំនឿថា​រដ្ឋាភិបា​ល​ហុងកុង​មានឆ​ន្ទៈ​និង​លទ្ធភាព​បញ្ចប់​អំពើ​ហិង្សា​​បាន​ឆាប់ៗ ហើយ​«​ការបញ្ចប់​អំពើហិង្សា​និង​ភាពវឹកវរ ក៏ដូចជា​ស្តារ​សណ្តាប់ធ្នាប់​ជា​ភារកិច្ច​បន្ទាន់​បំផុត​នៅ​ហុងកុង​។​រដ្ឋាភិបាលកណ្តាល​នឹងមិន​ទុក​អោយ​សភាពការណ៍​នៅ​​ហុងកុង​បន្ត​កញ្ជ្រោល​បក់បោក​គ្មាន​ពេល​ថមថយ​ទេ​»​។​

អ្នកនាំពាក្យ​លោកស្រី​ស៊ូ លូ​យី​ង​(​ស្តាំ​)​និង​លោក​លោក​យ៉ាង ហ្គួ​ន​(​កណ្តាល​)​ក្នុង​សន្និសីទ​កាសែត​ស្តីពី​ហុ​ង​កុង​

​លោកស្រី​បាន​បន្ថែមថា​«​បើ​សភាពការណ៍​កាន់តែ​អាក្រក់​ទៅ និង​ធ្លាក់​ក្នុង​ចលាចល​ដែល​គ្រោះថ្នាក់​ដល់​អធិបតេយ្យ​និង​សន្តិសុខ​ជាតិ គឺ​ហួស​ពី​សមត្ថភាព​ដោះស្រាយ​គ្រប់គ្រង​​របស់​រដ្ឋាភិបាល​តំបន់​រដ្ឋ​បាន​ពិសេស​(SAR) រដ្ឋាភិបាលកណ្តាល​នឹងមិន​ឈរ​ឱបដៃ​មើល​ឡើយ​»​។​

​ចំណែក​លោក​យ៉ាង ហ្គួ​ន អ្នកនាំពាក្យ​ការិយាល័យ​ដដែល​នេះ​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំទ្រ​មេដឹកនាំ​ហុងកុង ការី ឡា​ម បន្ទាប់​ពី​ខ្សែអាត់​សម្លេង​លេច​ធ្លាយ​ចេញ​​ពី​កិច្ចប្រជុំ​បិទទ្វារ​មួយ​បង្ហាញ​ថា​លោកស្រី​ចង់​លាឈប់​ពី​នាយក​ប្រតិបត្តិ​ហុងកុង នៅពេល​រង​សម្ពាធ​កាន់តែ​ខ្លាំង​ក្រោយ​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នៅ​៣​ខែ​មកនេះ​។​

​លោក​យ៉ាង ហ្គួ​ន បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ​ថា «​យើង​គាំទ្រ​នាយក​ប្រតិបត្តិ​ហុងកុង​យ៉ាង​មុតមាំ​ចំពោះ​ការដឹកនាំ​រដ្ឋាភិបាល​តំបន់​រដ្ឋ​បាន​ពិសេស​។​

​តាំងពី​មុន​មក ចិន​ប៉េកាំង​បានអនុញ្ញាត​រដ្ឋាភិបាល​និង​ប៉ូលិស​ហុងកុង​ប្រឈម​ដោះស្រាយ​ជាមួយនឹង​ការប្រឆាំង​តវ៉ា​ជា​បន្តបន្ទាប់​ដែល​មួយ​រយៈពេល​ចុងក្រោយ​នេះ​កើតមាន​​អំពើហិង្សា​ជាប់​។​តែ​ខ្លួន​ក៏​ដាក់​ប៉ូលិស​ប្រដាប់​អាវុធ និង​រថពាសដែក​អោយ​ត្រៀមខ្លួន​ជាស្រេច​នៅ​ក្រុង​សេន​ចិន​ជាប់​ហុងកុង បន្ថែម​លើ​កងទ័ព​រាប់ពាន់​នៅ​បន្ទាយ​នៅ​ហុងកុង​​ដែល​មាន​សិទ្ធិ​តាម​ផ្លូវច្បាប់​ចូល​អន្តរាគមន៍ បើ​រដ្ឋាភិបាល​ហុងកុង​ស្នើសុំ​។​

​សូមបញ្ជាក់​ថា ហុងកុង​រង​ការប្រឆាំង​តវ៉ា​អស់​ពេល​ជាង​៣​ខែ​មក​ហើយ ដោយ​ពីដំបូង​បង្ក​ឡើង​ពី​ការដែល​លោក​ស្រី​ឡា​ម​ដាក់​ពង្រាង​ច្បាប់​បត្យាប័ន​អោយ​សភា​ពិភាក្សា​អនុម័ត​​ដើម្បី​អាច​នាំ​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលាការ​ចិនដីគោក​។​

​បាតុកម្ម​ជា​បន្តបន្ទាប់​មក​បាន​ប្រែក្លាយ​ជា​យុទ្ធនាការ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​ឡើង​នៅ​ហុងកុង និង​ការប៉ះទង្គិច​រវាង​បាតុករ​និង​ប៉ូលិស ដែល​ជា​ការ​ប្រឈម​ដ៏​ធំ​ចំពោះ​​ការគ្រប់គ្រង​របស់​ចិន​នៅ​ហុងកុង​ចាប់តាំងពី​វា​ត្រូវបាន​អង់គ្លេស​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧៕​ដោយ​៖​វាសនា​

ឡាំ បាន​អះអាង​ថា លោកស្រី​មិន​មាន​បំណង​លាឈប់​ទេ និង​ថា​ការចុះ​ចេញពី​តំណែង​មិន​ជា​ការងាយស្រួល​