រដ្ឋាភិបាលក្រុងប៉េកាំងបានប្រាប់ប្រធានាធិបតីហ្វីលីពីនដែលកំពុងធ្វើទស្សនកិច្ចថា ជំហររបស់ខ្លួនស្តីពីសមុទ្រចិនខាងត្បូងមិនអាចលើកយកមកចរចាបានឡើយ។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែត បាននិយាយថាក្នុងជំនួបរបស់លោកឌុយទែតជាមួយប្រធានាធិបតីចិន ស៊ី ជីនពីងកាលពីថ្ងៃ២៩សីហា សមភាគីចិនបានបញ្ជាក់អះអាងជាថ្មីអំពីគោលជំហររបស់រដ្ឋាភិបាលលោកអំពីការមិនទទួលស្គាល់ការសំរេចរបស់តុលាការអន្តរជាតិមួយពាក់ព័ន្ធសមុទ្រចិនខាងត្បូង ហើយក៏មិនងាកចេញពីជំហររបស់ខ្លួន។
ទោះជាយ៉ាងណា មេដឹកនាំទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នាដើម្បីគ្រប់គ្រងបញ្ហា និងបានទទួលស្គាល់អំពីសារសំខាន់នៃការអត់ធ្មត់និងគោរពសេរីភាពនាវាចរណ៍នៅក្នុងសមុទ្រនិងការហោះលើសមុទ្រចិនខាងត្បូង។
យោងតាមក្រសួងការបរទេសចិនចេញផ្សាយកលាពីថ្ងៃ៣០សីហា លោកស៊ីបាននិយាយថាប្រទេសទាំងពីរគួរ”ទុកជម្លោះទៅម្ខាង បំបាត់អន្តរាគមន៍មកពីក្រៅ”អំពីបញ្ហាសមុទ្រចិនខាងត្បូង និងខិតខំអភិវឌ្ឍរួមគ្នាលើការធ្វើអាជីវកម្មប្រេងនិងហ្គាសនៅឯនាយសមុទ្រក្នុងតំបន់។
ទោះជាមានបញ្ហាទឹកដីជាមួយគ្នា រដ្ឋាភិបាលក្រុងម៉ានីលនិងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ស្តីពីកិច្ចសហការរួមគ្នាក្នុងវិស័យជាច្រើន ហើយលោកឌុយទែត បានអបអរមិត្តភាពនេះនិងតំលៃនៃចំណងទាក់ទងរវាងប្រទេសទាំងពីរ។
លោក រ៉ូឌ្រីហ្គោ ឌុយទែត កាលពីថ្ងៃព្រហស្បតិ៍ទី២៩សីហាបានជួបពិភាក្សាជាមួយសមភាគីចិនរបស់លោក គឺ លោក ស៊ី ជីនពីង ដែលនៅក្នុងជំនួបនោះ បញ្ហាពីសមុទ្រចិនខាងត្បូងត្រូវបានលើកមកនិយាយ
សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលក្រុងឡាអេឆ្នាំ ២០១៦ បានសម្រេចថា ការអះអាងសិទ្ធិកាន់កាប់របស់ចិនលើសមុទ្រចិនខាងត្បូងទាំងស្រុងនោះ ត្រូវបានចាត់ទុកជាមោឃៈនិងបានរកឃើញថាវាបានរំលោភលើអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ជម្លោះដែនទឹកដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់និងសម្បូរប្រេងនិងឧស្ម័ននេះបានធ្វើឱ្យទំនាក់ទំនងចិនជាមួយហ្វីលីពីននិងបណ្តាប្រទេសជិតខាងផ្សេងទៀតមានភាពល្អក់កករដោយមានការទាមទារសិទ្ធិកាន់កាប់ទឹកដីសមុទ្រនោះជាន់គ្នា។
រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានគេចោទប្រកាន់ថាកែប្រែប្រជុំកោះថ្មប៉ប្រះទឹកដែលមានជម្លោះទៅជាមូលដ្ឋានយោធាទោះយ៉ាងនេះក្តី លោក រ៉ូឌ្រីហ្គោ ឌុយទែត បានធ្វើបំភ្លេចចោលប្រធានបទនេះដើម្បីស្វែងរកទំនាក់ទំនងកក់ក្តៅជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
ក្រុមអ្នកជាតិនិយមហ្វីលីពីននិងក្រុមឆ្វេងនិយមបានរិះគន់ប្រធានាធិបតីនេះចំពោះការមិនទាមទារឱ្យចិនគោរពតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលដែលការសម្រេចរបស់តុលាការនេះបានធ្វើឡើងនៅឆ្នាំតែមួយ ដែល លោក រ៉ូឌ្រីហ្គោ ឌុយទែត ចូលកាន់តំណែង៕ដោយ៖វាសនា
លោក រ៉ូឌ្រីហ្គោ ឌុយទែត (រូបឆ្វេង) និង លោក ស៊ី ជីនពីង (រូបស្តាំ)ជួបគ្នានៅក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍