ចិន​យល់ព្រម​ធ្វើការ​ជាមួយ​អាមេរិក​ឆ្លងកាត់ “​ព្យុះភ្លៀង​” បន្ទាប់ពី​ត្រាំ​និយាយថា​មាន​វឌ្ឍនភាព​ធំៗ​ក្នុងការ​ចរចា​ខាង​ពាណិជ្ជកម្ម​

514
ចែករម្លែក

​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​ធ្នូ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ជាមួយ​វ៉ាស៊ីនតោន​ឆ្លងកាត់​ព្យុះភ្លៀង​នៃ​ទំនាក់ទំនង​របស់​ពួកគេ​តាំង​នាម​ឱ្យ​សន្ដិសុខ​ពិភពលោក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​លូ កាង​បាន​និយាយថា ទំនាក់ទំនង​ចិន​-​អាមេរិក​ឥឡូវនេះ “​ឈរ​នៅ​ចំណុច​ចាប់ផ្តើម​ជា​ប្រវត្តិសាស្ត្រ​” ហើយ​ថា​ភាគី​ទាំងពីរ​ត្រូវគោរព​អធិបតេយ្យភាព​សន្តិសុខ​និង​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​របស់​គ្នា​ទៅវិញទៅមក និង គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​ឱ្យ​បានល្អ​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ភាគី​ទាំងពីរ​គួរតែ​ប្រកាន់យក​នូវ​គោលបំណង​យុទ្ធសាស្ត្រ​របស់​ភាគី​ទាំងសងខាង​ដោយមាន​ហេតុផល ពង្រឹង​ការទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ និង​លើកកម្ពស់​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ដើម្បី​ទប់ស្កាត់​ការវិនិច្ឆ័យ​ខុស​ជា​យុទ្ធសាស្ត្រ​ណាមួយ​”​។​

​ការផ្តល់ជូន​របស់​ប៉េកាំង​បានកើត​ឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា “​វឌ្ឍនភាព​ធំៗ​” កំពុង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ការចរចា​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ដើម្បី​បន្ថយ​ការផ្ទុះ​រាលដាល​បន្ថែមទៀត​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ពេញ​មួយឆ្នាំ​មកនេះ​។​

​លោក​ត្រាំ​បាន​និយាយថា លោក​មាន “​ការសន្ទនា​តាម​ទូរស័ព្ទ​យ៉ាងយូរ​និង​ល្អ​មែន​” ជាមួយ​ប្រធានាធិបតី​ចិន​ស៊ី​ជីន​ពីង​ដើម្បី​ពិភាក្សា​អំពី​កិច្ចចរចា​ដែល​កើតចេញពី​ការជួបគ្នា​នៅ​ដើមខែ​នេះ​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន​។​

​លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា “​កិច្ចព្រមព្រៀង​កំពុង​ធ្វើឡើង​យ៉ាង​រលូន​។ ប្រសិនបើ​ធ្វើបាន​មែន​នោះ វា​នឹងមាន​ភាព​គ្រប់​ជ្រុងជ្រោយ ដោយ​គ្របដណ្តប់​លើ​គ្រប់​ប្រធានបទ វិស័យ និង​ចំណុច​នៃ​ជម្លោះ​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ក៏បាន​និយាយ​ផងដែរ​ថា​លោក​ស៊ី​និង​លោក​ត្រាំ​បាន​និយាយ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​ហើយ​បាន​ដកស្រង់​សម្តី​របស់លោក​ស៊ី​ដោយ​និយាយថា​ក្រុមការងារ​មកពី​ប្រទេស​ទាំងពីរ​បានធ្វើ​ការដើ​ម្បី​អនុវត្ត​ការឯកភាព​គ្នា​មួយ​ដែល​បានសម្រេច​ជាមួយ​លោក​ត្រាំ​។​

​បណ្តាញសារព័ត៌មាន​ចិន​ក៏បាន​ដកស្រង់​សម្តី​លោក​ស៊ី​ដោយនិយាយ​យ៉ាង​ដូច្នេះ​ថា លោក​ស៊ី​សង្ឃឹមថា​ភាគី​ទាំងពីរ​អាច​ជួបគ្នា​នៅ​ពាក់​កណ្តាលផ្លូវ​គ្នា​និង​សម្រេចបាន​កិច្ចព្រមព្រៀង​ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី​និង​លោក​ត្រាំ​ជួបគ្នា​នៅ​អា​ហ្ស​ង់​ទីន​ក្នុង​កិច្ចប្រជុំ G20