ចិន​រក្សា​សិទ្ធិ​សងសឹក​ចំណាត់ការ​របស់​អាមេរិក​លើ​ការវិនិយោគ​របស់​ចិន​

1173
ចែករម្លែក

​វិធានការ​របស់​អាមេរិក​លើ​ការវិនិយោគ​របស់​ចិន គឺ​ប្រឆាំងនឹង​ក្បួនច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហើយ​ចិន​រក្សា​សិទ្ធិ​ត​តប​វិញ នេះ​បើតាម​ការព្រមាន​របស់​​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ឧសភា​។​

​អ្នកនាំពាក្យ ហ្កា​វ ហ្វេ​ង បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅក្នុង​សន្និសីទកាសែត​ជា​ទៀងទាត់​មួយ​ថា ចិន​គ្មាន​បំណង​ចង់ឃើញ​ការបែកបាក់​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​កាន់តែ​​អាក្រក់​ឡើង​ទេ និង​ជឿថា​ប្រទេស​ទាំងពីរ​មាន​សក្កា​នុព​ល​ដ៏​ធំ​សំរាប់​កិច្ចសហការ​។

​បន្ទាប់ពី​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ហាក់​ធូរស្រាល​ក្រោយ​ការជួបពិភាក្សាគ្នា​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅក្នុង​ខែឧសភា អាមេរិក​កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា​ខ្លួន​នៅ​​តែ​រក្សា​ការ​គំរាម​វាយ​ពន្ធ​និង​ជំរុញ​ទៅមុខ​ការ​កំហិត​លើ​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​នៅក្នុង​សហរដ្ឋអាមេរិក​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​បានអោយ​សញ្ញា​ថា លោក​មានបំណង​វាយ​ពន្ធ​លើ​ទំនិញ​តំលៃ​៥០​ពាន់​លាន​ដុល្លារ​មកពី​ចិន​និង​ទប់​ការវិនិយោគ​ខាង​វិស័យ​​ដែល​អាចមាន​បញ្ហា ដូចជា​បច្ចេកវិទ្យា ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​២៩​ឧសភា សេត​វិមាន​បាន​និយាយថា ពន្ធ​២៥​ភាគរយ​នឹងដាក់​លើ​ទំនិញ​នាំចូល​ពី​ចិន​ណា​ដែល​ពាក់ព័ន្ធ​បច្ចេកវិទ្យា​សំខាន់​​រួមមាន​ទំនិញ​ពាក់ព័ន្ធ​នឹង​កម្មវិធី​អភិវឌ្ឍន៍​Made-in-China 2025​របស់​ចិន​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​” អាមេរិក​នឹង​បន្ត​ខិតខំ​ការពារ​បច្ចេកវិទ្យា​ក្នុងស្រុក​និង​ទ្រព្យសម្បត្តិ​បញ្ញា បញ្ឈប់​ការផ្ទេរ​មិន​សេដ្ឋកិច្ច​នៃ​បច្ចេកវិទ្យា​ឧស្សាហកម្ម​និង​​ទ្រព្យ​កម្មសិទ្ធិបញ្ញា​ទៅ​ចិន ហើយ​ជំរុញ​ការចូល​ក្នុង​ទីផ្សារ​ចិន​។​អាមេរិក​នឹង​ស្នើអោយ​ចិន​ដកចេញ​រាល់​របាំង​ពាណិជ្ជកម្ម រួមមាន​របាំង​ពាណិជ្ជកម្ម​មិនជា​រូបិយវត្ថុ …”​។​

​ចំណាត់ការ​របស់​អាមេរិក​នេះ​បាន​កើតឡើង​មិន​ដល់​១០​ថ្ងៃ​ផង ក្រោយពី​រដ្ឋមន្ត្រី​រតនា​គារ ស្ទេ​វិ​ន ម្នូ​ជីន បាន​និយាយថា សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ត្រូវ​ពន្យារពេល​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​លោក វី​ល​ប៊ឺ រ៉ូ​ស ត្រូវ​ទៅដល់​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សៅរ៍ សំរាប់​កិច្ចពិភាក្សា ក្នុង​បំណង​សម្រន់​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​៕​ដោយ​៖​វាសនា​