ចិន​រាយការណ៍​ការស្លាប់​៤៧​ករណី​និង​ឆ្លង​៤២៧​ករណី​ថ្មី​បន្ថែម​

163
ចែករម្លែក

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​កុម្ភៈ​ថា មហា​ចិនដីគោក​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៤២៧​នាក់​កាលពី​ថ្ងៃ​សុក្រ ដោយ​ធ្វើឲ្យ​​ចំនួន​ឆ្លង​សរុប​កើន​ដល់​៧៩.២៥១​នាក់ និង​កើន​លើស​ចំនួន​ឆ្លង​កាលពី​មួយថ្ងៃ​ព្រហស្បតិ៍​បន្តិច ដែល​មាន​ចំនួន​៣២៧​នាក់​។​

​ឥឡូវ​ចំនួន​មនុស្ស​ស្លាប់​ពី​ជំងឺឆ្លង​Covid-19​នៅ​មហា​ចិនដីគោក​កើន​ដល់​២.៨៣៥​នាក់​គិត​ត្រឹម​ចុង​ថ្ងៃ​សុក្រ ។​

​រូបថត​កាលពី​ថ្ងៃ​២២​កុម្ភៈ បង្ហាញ​បុគ្គលិក​ពេទ្យ​កំណត់ហេតុ​ក្នុង​បន្ទប់​អ្នក​ជំងឺCovid-19 ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​វូ​ហាន​

​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺ បាន​រាយការណ៍​ការស្លាប់​ថ្មី​ចំនួន​៤៥​នាក់ ក្នុងនោះ​៣៧​នាក់​នៅ​ទីក្រុង​វូ​ហាន​។​

​នៅពេល​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ខ្ទង់​៣០០​ទៅ​៤០០​នាក់​ក្នុង​មួយថ្ងៃ ដោយ​ទាប​ជាង​ខ្ទង់ពាន់​ក្នុង​មួយថ្ងៃ​កាលពី​១០​ថ្ងៃមុន អង្គការ​សុខភាព​ពិភពលោក​បាន​​និយាយថា ការឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​ចិន​ទាប​ជាង​នៅ​បរទេស​។​

​ចិន​ដាក់​មនុស្ស​ជាង​៥៦​លាន​នាក់​ក្នុង​ខេត្ត​ហ៊ូ​ប៉ី នៅក្រោយ​ចត្តា​ឡី​ស័ក​(​បង្ខាំង​នៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​សុខភាព​)​អស់​ពេល​ជាង​មួយ​ខែ​មក​ហើយ ចំពេល​​កំហិត​ការជួបជុំ​នៅ​ទូទាំង​ប្រទេស​ក្នុង​កិច្ចខិតខំ​មិន​ដែល​ធ្លា​ប់​មាន​ពី​មុន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​។​

​ពួក​មន្ត្រី​បាន​និយា​ថា ប្រទេស​ចិន​បាន​ធ្វើ​ឲ្យមាន​វឌ្ឍនភាព​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​កូរ៉ូណា​វីរុស តែ​វិធានការ​រឹតត្បិត​នៅតែ​កំពុង​ត្រូវ​អនុវត្ត​នៅ​កន្លែង​មួយ​ចំ​​នួន ជា​ពិសេស​ខេត្ត​ហ៊ូ​ប៉ី​៕​ប្រែ​សម្រួល​៖​វាសនា​/Ha