ចិន​រារាំង​ការលក់ iPhone​ដោយសារ​ជម្លោះ​ប្រកាសនីយបត្រ​តក្កកម្ម​

1663
ចែករម្លែក

តុលាការចិនមួយបានបញ្ជាអោយហាមឃាត់ការលក់ទូរស័ព្ទiPhone នៅក្នុងជម្លោះអំពីប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់) ជាមួយក្រុមហ៊ុនផលិតឈីបអាមេរិកQualcomm។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី១០ធ្នូរបស់Qualcomm បាននិយាយថា តុលាការប្រជាជនក្រុងហ្វ៊ុយចូវ បានសំរេចលើសំណើរបស់ខ្លួនសំរាប់បំរាមជំហានដំបូង២លើសាខារបស់ក្រុមហ៊ុនAppleចំនួន៤ ដោយបញ្ជាអោយសាខាក្រុមហ៊ុនទាំងនេះឈប់លក់ទូរស័ព្ទស៊េរី iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X។

ចំណាត់ការនេះកត់សំគាល់ការប្រឈមមុខចុងក្រោយបំផុតមួយក្នុងចំណោមជម្លោះអូសបន្លាយពេលដ៏យូរមួយអំពីប្រកាសនីយបត្រតក្កកម្ម រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង២ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។

Qualcommបាននិយាយថា ករណីនៅចិននេះផ្អែកលើប្រកាសនីយបត្រតក្កកម្មដែលអាចអោយអ្នកប្រើកែសម្រួលនិងformatឡើងវិញទំហំនិងទំរង់រូបថត ព្រមទាំងដើម្បីគ្រប់គ្រងapplications ដោយប្រើថាច់ស្រ្គីន តែក្រុមហ៊ុនApple បាននិយាយថា«កិច្ចខិតខំរបស់Qualcomm ជាចំណាត់ការដ៏អស់សង្ឃឹមមួយដែលការប្រតិបត្តិខុសច្បាប់របស់វាកំពុងត្រូវអ្នកអនុវត្តន៍ច្បាប់ស៊ើបអង្កេតនៅជុំវិញពិភពលោក»។

Appleបានបន្ថែមថា Qualcommបានអះអាងអំពីប្រកាសនីយបត្រតក្កកម្មចំនួន៣ដែលខ្លួនមិនដែលបានលើកពីមុនសោះ រួមមានមួយដែលត្រូវបានប្រកាសថាអស់សុពលភាពនិងថា«រាល់ iPhone គ្រប់ម៉ូដែលទាំងអស់នៅមានលក់សំរាប់អតិថិជននៅចិន» និងថា«យើងនឹងបន្តគ្រប់មធ្យោបាយផ្លូវច្បាប់នៅតុលាការ»។

កាសែតThe Wall Street Journal បាននិយាយថាបទបញ្ជាហាមលក់នេះត្រូវបានចេញកាលពីថ្ងៃ៣០វិច្ឆិកា តែ iPhones នៅតែមានលក់នៅក្នុងប្រទេសចិន។បំរាមនេះមិនប៉ះពាល់ទូរស័ព្ទស៊េរីចុងក្រោយបំផុត iPhone Xs និង Xrទេ។

ចិនជាទីផ្សារសំខាន់មួយសំរាប់Appleនៅប៉ុន្មានឆ្នាំមកនេះ ចាប់តាំងពីក្រុមហ៊ុនចិនChina Mobileបានយល់ព្រមចែកចាយស្មាតហ្វូននេះនៅឆ្នាំ២០១៤ និងហាងAppleមានជាទូទៅនៅចិន។

Qualcommដែលជាក្រុមហ៊ុនផលិតឈីបនាំមុខគេសំរាប់ឧបករណ៍ចល័ត បានមានជម្លោះប្តឹងផ្តល់ជាមួយAppleអស់ពេលប៉ុន្មានឆ្នាំមកហើយ ដោយApple អះអាងថាQualcomm រំលោភលើអំណាចទីផ្សាររបស់ខ្លួនពាក់ព័ន្ធនឹងឈីបចល័តមួយចំនួនដើម្បីទាមទារកំរៃមិនត្រឹមត្រូវ។Qualcommបានប្តឹងបកលើ Appleនៅឆ្នាំនេះដោយអះអាងថា ក្រុមហ៊ុនផលិត iPhoneនេះបានលួចការសម្ងាត់ពាណិជ្ជកម្មនិងចែករំលែកវាជាមួយគូប្រជែងផលិតឈីប គឺក្រុមហ៊ុនIntel៕ដោយ៖វាសនា

ចិនត្រូវបានគេរាយការណ៍ថា បានហាមការនាំចូលទូរស័ព្ទ iPhonesក្រោយតុលាការចិនសំរេចថាAppleរំលោភកម្មសិទ្ធិបញ្ញារបស់Qualcomm