ចិន​រិះគន់​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​អំពី​ការជ្រៀតជ្រែក​កិច្ចការ​ហុងកុង

150
ចែករម្លែក

​កាលពី​ពេលមុន​នេះ លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​សិទ្ធិមនុស្សអ​ង្គ​ការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​ក្រុម​អាជ្ញាធរ​ហុង​ហុង​ធ្វើ​សកម្មភាព​ដោយ​អត់ធ្មត់​និង​​ស៊ើបអង្កេត​ករណី​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុមបាតុករ​។​

​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា​ជា​” សេចក្តីថ្លែងការណ៍​ខុស​លើ​ហុងកុង​”​ដែល​ត្រូវ​​បាន​ចេញ​ដោយ​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី Michelle Bachele​។​

​បេសកកម្ម​របស់​ចិន​នេះ បាន​និយាយថា មន្ត្រី​អង្គការសហប្រជាជាតិ​នេះ កំពុង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ហើយ​បាន​បញ្ជូន​សញ្ញា​ខុស​ទៅ​ជនល្មើស​បទឧក្រិដ្ឋ​​ដែល​ប្រើ​អំពើហិង្សា​។​

​ដោយ​លើកឡើង​អំពី​ការតវ៉ា​ដែល​កំពុង​បន្ត​នៅ​ទីក្រុង​ហុងកុង បេសកកម្ម​ចិន​នេះ​បាន​បញ្ជាក់ថា​ក្រុមបាតុករ​បាន​បង្ហាញ​ទំនោរ​នៃ​អំពើ​ភេរវកម្ម​ដោយ​វាយ​កម្ទេច​កន្លែង​​ទីសាធារណៈ ធ្វើឱ្យ​អាកាសយានដ្ឋាន​ក្នុង​តំបន់​មិន​ដំណើរការ រារាំង​ការដឹកជញ្ជូន​សាធារណៈ និង​ការប្រើប្រាស់​អាវុធ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​បន្ថែម​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំទ្រ លោកស្រី Carrie Lam នាយក​ប្រតិបត្តិ​ហុងកុង យ៉ាងខ្លាំង​និង​រដ្ឋាភិបាល​របស់​លោក​ស្រី ក្នុងការ​​បំពេញ​ភារកិច្ច​របស់​ពួកគេ ដោយ​អនុលោម​តាមច្បាប់​។​

​លោកស្រី Michelle Bachele កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​មិន​លំអៀង​មួយ​ចំពោះ​ករណី​ប្រើ​កងកម្លាំង​ប្រឆាំងនឹង​ក្រុម​បាតុករ​នៅ​ហុងកុង​។​

​ការតវ៉ា​បានចាប់ផ្តើម​ជាង​២​ខែ​កន្លង​ទៅ បន្ទាប់ពី​សភា​ហុងកុង បាន​បើក​ការជជែក​ដេញដោល​លើ​សេចក្តីព្រាងច្បាប់​ដែល​នឹង​អនុញ្ញាតឱ្យ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ណា​​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​ទីក្រុង​នេះ​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិនដីគោក​ឯណោះ​។ ចាប់តាំងពី​ពេលនោះ​មក លោក Carrie Lam​បានប្រកាសថា សេចក្តីព្រាងច្បាប់​នេះ ​បាន​” ស្លាប់​ហើយ​” ។ ប៉ុន្តែ ក្រុមអ្នកតវ៉ា កំពុង​ទាមទារ​ឱ្យ​ដក​ច្បាប់​នេះ​ចេញ​ទាំង​ស្រុង​។ អ្នកស្រុក​ហុងកុង ក៏​ចង់​ឲ្យ​ក្រុម​អាជ្ញាធរ​ក្រុង​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ជា​សកល​និង​​ដកចេញ​វិញ​នូវ​ការចោទប្រកាន់​បទឧក្រិដ្ឋ​ប្រឆាំង​ក្រុមអ្នកតវ៉ា​៕​ដោយ​៖​សុខា​/sn

លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​សិទ្ធិមនុស្សអ​ង្គ​ការ​សហប្រជាជាតិ​