ចិន​រិះគន់​អង់គ្លេស​ចំពោះ​ការបើក​នាវាចម្បាំង​ចូល​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​

1042
ចែករម្លែក

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦កញ្ញាថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអង់គ្លេសបានចូលក្នុងដែនទឹករបស់ចិននៅម្តុំប្រជុំកោះប៉ារ៉ាសែលនៅក្នុងសមុទ្រចិនខាងត្បូងដោយគ្មានសុំការអនុញ្ញាតកាលពីថ្ងៃ៣១សីហា និងថាកងទ័ពជើងទឹកចិនបានព្រមានអោយនាវាអង់គ្លេសនោះចាកចេញ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា” ភាគីចិនសូមទទូចអោយភាគីអង់គ្លេសបញ្ឈប់ជាបន្ទាន់នូវអំពើបង្ករឿងដូច្នេះ”។

តែអ្នកនាំពាក្យកងទ័ពជើងទឹកអង់គ្លេសបាននិយាយថា” នាវាHMS Albionអនុវត្តសិទ្ធិរបស់ខ្លួនសំរាប់សេរីភាពនាវាចរណ៍ដោយអនុលោមតាមច្បាប់និងនិយាមអន្តរជាតិ”។

នាវាThe HMS Albionចំណុះ២២.០០០តោនផ្ទុកទាហានម៉ារីនមួយកង បានបើកជិតប្រជុំកោះប៉ារ៉ាសែលនៅប៉ុន្មានថ្ងៃមកនេះនៅពេលវាធ្វើដំណើរឆ្ពោះទៅវៀតណាម ដើម្បីអះអាងសិទ្ធិនៃសេរីភាពនៃនាវាចរណ៍និងប្រជែងនឹងការអះអាងធំធេងរបស់ចិននៅក្នុងតំបន់នោះ។

The HMS Albion បានទៅដល់វៀតណាមកាលពីថ្ងៃចន្ទទី៣កញ្ញា ក្រោយពីទៅកាន់ជប៉ុន។

ប្រភពព័ត៌មានមួយបាននិយាយថា ចិនបានបញ្ជូននាវាហ្វ្រីហ្កាតមួយនិងឧទ្ធម្ភាគចក្រទៅព្រមាននាវាអង់គ្លេស តែភាគីទាំងពីរនៅរក្សាចិត្តត្រជាក់រៀងៗខ្លួនក្នុងអំឡុងការប្រឈមមុខ។

ប្រជុំកោះប៉ារ៉ាសែលកំពុងត្រូវបានកាន់កាប់ទាំងស្រុងដោយចិន និងក៏ត្រូវបានអះអាងដោយវៀតណាមនិងកោះតៃវ៉ាន់ផងដែរ។

ការចូលមកប្រជែងនឹងកំណើននៃការត្រួតត្រារបស់ចិននៅក្នុងផ្លូវទឹកយុទ្ធសាស្រ្តនេះកើតឡើងបន្ទាប់ពីអាមេរិកបាននិយាយថាខ្លួនចង់ឃើញការចូលរួមរបស់អន្តរជាតិកាន់តែច្រើនឡើងក្នុងប្រតិបត្តិការដូច្នេះ។ទាំងអាមេរិកនិងអង់គ្លេសបាននិយាយថា ពួកគេធ្វើប្រតិបត្តិការសេរីភាពនៃនាវាចរណ៍(FONOPs)នៅទូទាំងពិភពលោក រួមទាំងតំបន់ដែលអះអាងជាកម្មសិទ្ធិដោយសម្ពន្ធមិត្តរបស់ពួកគេផង។

យន្តហោះនិងនាវាបរទេសនៅក្នុងតំបន់នេះតែងតែត្រូវប្រឈមនឹងនាវានៃកងទ័ពជើងទឹកចិន ។កាលពីខែមេសា នាវាចម្បាំងទៅពីអូស្រ្តាលី ដែលជាសម្ពន្ធមិត្តអាមេរិកបានពណ៌នាអំពីអ្វីដែលខ្លួនចាត់ទុកថា”ការពើបប្រទះ”ជិតបំផុតជាមួយក្រុមនាវាចម្បាំងនៃកងទ័ពជើងទឹកចិននៅក្នុងសមុទ្រប្រជែងគ្នានេះ៕ដោយ៖វាសនា