ចិន​រិះគន់​អាមេរិក​ចំពោះ​ការ​មិន​អញ្ជើញ​ខ្លួន​អោយ​ចូលរួម​សមយុទ្ធ​ជ្រោយ​ប៉ាស៊ីហ្វិក​

978
ចែករម្លែក

ការសំរេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការមិនអញ្ជើញចិនចូលរួមក្នុងសមយុទ្ធទ័ពជើងទឹកជ្រោយប៉ាស៊ីហ្វិក (RIMPAC) មិនមានលក្ខណៈស្ថាបនាហើយរដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឹមរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់ខ្លួន ,នេះបើតាមសម្តីរបស់ទីប្រឹក្សារដ្ឋចិនលោកវ៉ាងយីនៅក្នុងសន្និសីទកាសែតរួមមួយជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោកម៉ៃឃើល ផមផេវកាលពីថ្ងៃពុធទី២៣ឧសភា។

វ៉ាងបានប្រាប់អ្នកយកព័ត៌មានថា” ចំពោះក្រសួងការពារជាតិអាមេរិកមិនអញ្ជើញយោធាចិនចូលរួមក្នុងសមយុទ្ធRIMPAC យើងមើលឃើញថាជាវិធានការមិនស្ថាបនាណាស់មួយ ។វាក៏ជាការសំរេចចិត្តមិនជួយដល់ការយោគយល់គ្នារវាងចិននិងអាមេរិក។យើងសង្ឃឹមអាមេរិកនឹងផ្លាស់ប្តូរគំនិតអវិជ្ជមាននេះចេញ”។

តែអាមេរិកនិយាយថាអាកប្បកិរិយារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងប្រឆាំងនឹងស្មារតីនៃសមយុទ្ធនេះទើបខ្លួនមិនអញ្ជើញ។

សូមបញ្ជាក់ថាអាមេរិកបានលុបចោលការអញ្ជើញយោធាចិនអោយចូលរួមក្នុងសមយុទ្ធទ័ពជើងទឹកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសារតែអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៅថាការប៉ុនប៉ងរបស់ចិនក្នុងការធ្វើយោធូបនីយកម្មសមុទ្រចិនខាងត្បូង នេះបើតាមការអះអាងបញ្ជាក់របស់ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃពុធ។

បន្ថែមលើការដកចិនចេញពីការហ្វឹកហាត់នេះ អាមេរិកក៏បានអំពាវនាវអោយចិនដកចេញប្រព័ន្ធយោធារបស់ខ្លួនជាបន្ទាន់ ព្រមទាំងឈប់ប្រែក្លាយបណ្តាកោះនៅសមុទ្រចិនខាងត្បូងទៅជាទីតាំងយោធា។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក វរសេនីយ៍ទោ គ្រីស ឡូហ្កាន បាននិយាយថា”ចិនបន្តធ្វើយោធូបនីយកម្មដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាហេតុនាំអោយមានភាពតានតឹងនិងអស្ថេរភាពតំបន់។យើងមិនអញ្ជើញកងទ័ពរំដោះប្រជាជនចិនអោយចូលរួមក្នុងសមយុទ្ធជ្រោយប៉ាស៊ីហ្វិកឆ្នាំ២០១៨ទេ។អាកប្បកិរិយារបស់
ចិនផ្ទុយពីគោលការនិងគោលបំណងរបស់សមយុទ្ធRIMPAC”។

លោកឡូហ្កាន បានបន្តថា ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ កាំជ្រួចប្រឆាំងនាវានិងប្រព័ន្ធប្រឆាំងយន្តហោះ រួមទាំងឧបករណ៍ធ្វើរំខានរលកសញ្ញាទៅកាន់បណ្តាកោះនៅប្រជុំកោះស្រ្ពាតលី។

សមយុទ្ធRIMPAC ឆ្នាំនេះត្រូវធ្វើចាប់ពីថ្ងៃ២៧មិថុនាដល់២សីហានៅក្នុងដែនទឹកជិតរដ្ឋហាវ៉ៃរបស់អាមេរិក។យោងតាមកងទ័ពអាកាស Rimpacឆ្នាំនេះមានការចូលរួមពីទាហានជាង១.០០០នាក់មកពី២៧ប្រទេស។

សូមបញ្ជាក់ថាថៃក៏ត្រូវបានដកចេញពីសមយុទ្ធនេះនៅឆ្នាំ២០១៤ ក្រោយយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។ចិនបានចូលរួមក្នុងសមយុទ្ធនេះ២ដងនៅឆ្នាំ២០១៤និង២០១៦៕ដោយ:វាសនា

កងទ័ពចិនធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូង