ចិន​រិះគន់​អាមេរិក​ជុំវិញ​ការចាប់​ចិន​ឱ្យមក​ទទួលខុសត្រូវ​រឿង​កូរ៉េខាងជើង​

1144
ចែករម្លែក

ចិន​បាន​វាយបក​កាលពី​ថ្ងៃ​អង្គារ ទី​១១ កក្កដា ដោយ​ពាក្យសម្តី​មិនធម្មតា ចំពោះ​ការអំពាវនាវ​ដដែល​ជា​ដដែល​ពី​សហរដ្ឋអាមេរិក ដើម្បីឱ្យ​ចិន​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដោយ​ជំរុញ​ឱ្យ​បញ្ឈប់​នូវ​អ្វីដែល​ចិន​ហៅថា “​ទ្រឹស្តី​ទំនួល​ខុសត្រូវ​របស់​ចិន​” និង និយាយថា គ្រប់ភាគី​ទាំងអស់​ចាំបាច់​ត្រូវតែ​ប្រឹងប្រែង​ដោយ​ស្មើភាព​គ្នា​។

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានបង្ហាញ​កាយវិការ​ផ្សះផ្សា​ច្រើន​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប៉ុន្តែ​គាត់​បានបង្ហាញ​ការខ្វះខាត​ភាព​អំណត់​របស់គាត់ ដោយ​និយាយថា ចិន ដែលមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ការទូត​ជិតស្និទ្ធ​ជាមួយ​ព្យុងយ៉ាង មិនបាន​ធ្វើ​អ្វី​ឱ្យ​គ្រប់គ្រាន់​នៅឡើយ​ទេ​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​។

អារម្មណ៍​រង​សម្ពាធ​បែបនេះ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប ដែល​អ្នកជំនាញ​ខ្លះ​ជឿថា​អាច​បាញ់​ដល់​រដ្ឋ​អា​ឡា​ស្កា និង​ផ្នែក​ខ្លះ​នៃ​ឆ្នេរ​ខាងលិច​អាមេរិក​។

នៅពេល​សួរ​អំពី​ការអំពាវនាវ​ពី​អាមេរិក ជប៉ុន និង​ប្រទេស​ផ្សេងទៀត ដើម្បីឱ្យ​ចិន​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​កូរ៉េខាងជើង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក កេង សួង និយាយថា មិនមែន​ចិន​ទេ​ដែលជា​អ្នកបង្ក​ភាព​តានតឹង ហើយ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​មិនមែន​ស្ថិតនៅលើ​ប៉េកាំង​ទេ​។

លោក​កេង​សួង​បាន​ប្រាប់​ក្នុង​សន្និសីទកាសែត ដោយ​មិន​និយាយ​ចំឈ្មោះ​ភាគី​ណាមួយ យ៉ាង​ដូច្នេះ “​ថ្មីៗ​នេះ អ្នកខ្លះ ដែល​ជជែក​អំពី​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ បាន​ពន្លើស និង ធ្វើឱ្យ​លេច​រូបរាង​ឡើង​នូវ​អ្វីដែល​គេ​ហៅថា ទ្រឹស្តី​ទំនួល​ខុសត្រូវ​របស់​ចិន​”​។

​លោក​បន្ថែមថា “​ខ្ញុំ​គិតថា នេះ​បង្ហាញ​ពី​កង្វះ​ការយល់ដឹង​ត្រឹមត្រូវ​ពេញលេញ​អំពី​បញ្ហា និង បង្ហាញថា​មាន​ចេតនា​លាក់បាំង​អំពី​វា ដោយ​ព្យាយាម​រុញ​ការទទួលខុសត្រូវ​ទៅ​អ្នកដទៃ​”​។

លោក​កេង សួង និយាយថា ចិន​បាន​ព្យាយាម​ឥត​ស្រាកស្រាន្ត និង​ដើរតួនាទី​ស្ថាបនា ប៉ុន្តែ​ភាគី​ទាំងអស់​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ឱ្យបាន​ស្មើភាព​រៀងៗ​ខ្លួន​ផង​។

​លោក​បាន​បន្ថែមថា “​ស្នើ​គេ​ឱ្យធ្វើ​ការងារ ប៉ុន្តែ​ការដែល​ពួកគេ​មិនបាន​ធ្វើ​អ្វី​សោះ គឺ​មិន​បានទេ​។ ការដែល​ត្រូវគេ​ចាក់​មួយ​កាំបិត​ពីក្រោយ​ខ្នង ក៏​មិនបាន​ដូចគ្នា​”​។

ខណៈដែល​ចិន​ខឹង​ចំពោះ​ការសាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​ដដែលៗ​របស់​កូរ៉េខាងជើង ចិន​ក៏បាន​បន្ទោស​អាមេរិក និង​កូរ៉េខាងត្បូង​ផងដែរ ចំពោះ​ការបង្ក​ភាព​តានតឹង​អាក្រក់​ឡើង ជាមួយនឹង​សមយុទ្ធ​យោធា​របស់​ពួកគេ​។

ចិន​ខកចិត្ត​ជាខ្លាំង​ចំពោះ​ការដាក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ដ៏​ទំនើប​របស់​អា​មេ​រិ​ក្នុង​កូរ៉េខាងត្បូង​ផងដែរ ដែល​ខ្លួន​និយាយថា គំរាមកំហែង​ដល់​សន្តិសុខ​ចិន និង នឹងមិន​ជួយ​ឱ្យ​ធូរស្រាល​ភាព​តានតឹង​ឡើយ​។

ក្រៅពីនេះ ប៉េកាំង​បាន​តវ៉ា​ទៅ​វ៉ាស៊ីនតោន ដែល​ដាក់ទណ្ឌកម្ម​ឯកតោភាគី​លើ​ក្រុមហ៊ុន​និង​បុគ្គល​ចិន​ចំពោះ​ការទាក់ទង​ជាមួយ​កូរ៉េខាងជើង​។

​លោក​កេង សួង បាន​ចោទ​សួរថា​តើ​ការប្រឹងប្រែង​របស់​ចិន​នឹង​ទទួលបាន​ផង​យ៉ាងដូចម្តេច បើ​ចិន​កំពុងតែ​ព្យាយាម​ពន្លត់ភ្លើង បែរជា​អ្នកផ្សេង​ព្យាយាម​ស្រោច​សាំង​ពីលើ​ភ្លើង ហើយ​ពេលដែល​ចិន​កំពុង​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ បែរជា​អ្នកផ្សេង​បង្ក​ផលប៉ះពាល់​ដល់​ប្រយោជន៍​ចិន​។

លោក​បាន​បន្ថែមថា គ្រប់គ្នា​ត្រូវតែ​ទទួលយក​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ដើម្បី​នាំយក​បញ្ហា​កូរ៉េខាងជើង​ត្រឡប់មក​ផ្លូវ​នៃ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដ៏​ត្រឹមត្រូវ​វិញ តាមរយៈ​ការពិភាក្សា​។​

​លោក​កេង សួង​និយាយថា “​ទ្រឹស្តី​ទំនួល​ខុសត្រូវ​របស់​ចិន​លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​អាច​បញ្ឈប់​បាន​ឈប់​ទៅ​”៕ ​ដោយ ៖កញ្ញាដាលីស

លោក​កេង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន
#