ចិន​រិះគន់​អាមេរិក​អំពី​កូរ៉េខាងជើង​និង​បដិសេធ​របាយការណ៍​អំពី​ការឃុំខ្លួន​ជន​អ៊ុយ​ហ្គួ​រ​១​លាន​នាក់​

647
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្កោលទោស​”​សម្តី​មិន​ទទួលខុសត្រូវ​និង​ហេតុផល​មិន​ទំនង​”​របស់​អាមេរិក ក្រោយពី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ថា​ធ្វើអោយ​ការទាក់ទង​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​កូរ៉េខាងជើង​មានការ​លំបាក​ដោយសារតែ​ចិន​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​៣០​សីហា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួ ជុន​យី​ង បាន​និយាយថា​” មនុស្ស​ជាច្រើន ក៏​ដូច​ខ្ញុំ​ដែរ យល់​​ថា​អាមេរិក​លេខ​១​នៅលើ​លោក​ខាង​និយាយ​មួលបង្កាច់​ការពិត មិន​ទទួលខុសត្រូវ​និង​គ្មា​ហេតុផល​។​ហេតុផល​នេះ​មិន​ងាយ​យល់​ដោយ​ទាំងអស់គ្នា​”​។​

​លោកស្រី​ហួ​បាន​បន្ថែមថា​” យើង​សង្ឃឹមថា​អាមេរិក​អាច​ដើរតួនាទី​វិជ្ជមាន​និង​បែប​ស្ថាបនា​មួយ​នៅក្នុង​ការដោះស្រាយ​បញ្ហា​ដូច​ចិន​ជា​គំរូ​។​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​វា​គួរតែ​សម្លឹងមើល​ខ្លួនឯង ជាជាង​ទម្លាក់កំហុស​ដាក់​អ្នកដទៃ​”​។​

​ថ្លែង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​បាន​និយាយថា​” ចិន​ធ្វើអោយ​រឹតតែ​ពិបាក​ក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​កូរ៉េខាងជើង​។​មួយផ្នែក​នៃ​បញ្ហា​កូរ៉េខាងជើង​​បង្កឡើង​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​”​។​

​ក្នុង​ថ្ងៃ​ដដែល ចិន​ក៏បាន​និយាយថា ពួក​សមាជិកសភា​អាមេរិក​កំពុង​បង្ហិន​ប្រាក់​អ្នក​បង់ពន្ធ​អាមេរិក​ដោយសារតែ​ពួកគេ​ទទូច​អោយរ​ដ្ឋា​ការ​របស់​ដូ​ណា​ល់ ត្រាំ ដាក់​ទណ្ឌ​​កម្ម​លើ​មន្ត្រី​ចិន​ដែល​ពួកគេ​ចោទថា​ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​ជនជាតិភាគតិច​អ៊ីស្លាម​អ៊ុយ​ហ្គួ​រ​ដ៏​ច្រើន​នៅ​ជំរំ​ជាច្រើន​នៅ​តំបន់​ចុង​ខាងលិច​ប្រទេស​នោះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​និយាយថា​ពលរដ្ឋ​ចិន​រីករាយ​នឹង​សេរីភាព​សាសនា​យោងទៅតាម​ច្បាប់​និង​ថា ពួក​សមាជិកសភា​អាមេរិក​មិនគួរ​គំរាម​ដាក់ទណ្ឌកម្ម​​លើ​ប្រទេស​ផ្សេងៗ​ទេ​។​”​ខ្ញុំ​សូម​ណែនាំ​សមាជិកសភា​អាមេរិក​អោយ​ផ្តោត​និង​ធ្វើ​ការងារ​របស់គេ​អោយបាន​ល្អ ពីព្រោះ​ពួកគេ​ចំណាយ​ប្រាក់​អ្នក​បង់ពន្ធ​។​ពួកគេ​គួរ​បំរើ​​ជនជាតិ​អាមេរិក​អោយ​បានល្អ​ត្រឹមត្រូវ ជាជាង​លូកដៃ​ចូល​ការងារ​ប្រទេស​ដទៃ​និង​តាំងខ្លួន​ជា​ចៅក្រម​លើ​បញ្ហា​សិទ្ធិមនុស្ស​”​។​

​ចិន​ក៏បាន​បដិសេធរ​វត្តមាន​ជំរំ​ឃុំខ្លួន​ផ្ទៃក្នុង​ដោយ​ថា​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​បទល្មើស​តូចតាច​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​កែប្រែ​និង​ហ្វឹកហាត់​បណ្តុះបណ្តាល​ការងារ​ដើម្បី​​ជួយ​ស្តារនីតិសម្បទារ​និង​សមាហរណកម្ម​ពួកគេ​ចូល​ក្នុងសង្គម​តែប៉ុណ្ណោះ រីឯ​ការ​លើកឡើងថា​មាន​ជនជាតិ​អ៊ុយ​ហ្គួ​រ​១​លាន​នាក់​ត្រូវបាន​ឃុំខ្លួន​នោះ ជា​ការមិនពិត​ទាំងស្រុង​។​

​ទោះជា​យ៉ាងណា ចិន​នៅតែ​អះអាងថា ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​នៅក្នុង​ផ្នែក​នៃ​”​សង្គ្រាម​ប្រជាជន​ប្រឆាំង​ភេរវកម្ម​”​ដើម្បី​កំចាត់​ពួក​ផ្តាច់ខ្លួន​និង​សមាសភាព​ជ្រុលនិយម​​សាសនា​ចេញពី​តំបន់​ស៊ីន​ជាំ​ង​នៅ​ចុង​ខាងលិច​ប្រទេស​៕​ដោយ​៖​វាសនា​