ចិន​រិះគន់​អាម៉េរិក​ចំពោះ​ការអបអរ​ការជាប់ឆ្នោត​ជា​ថ្មី​របស់​ប្រធានាធិបតី​តៃវ៉ាន់​

151
ចែករម្លែក

​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មករា ​បាន​រិះគន់​ពួក​មន្ត្រី​អាម៉េរិក​និង​ប្រទេស​ផ្សេង​ទៀត​ចំពោះ​ការអបអរសាទរ​ប្រធានាធិបតី​តៃវ៉ាន់​ លោកស្រី សាយ អ៊ី​ន​វេន ក្រោយ​​ពី​លោកស្រី​ជា​ប់ឆ្នោត​ជា​ថ្មី​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​។​

​សាយ ដែល​ចាត់ទុក​ខ្លួនឯង​ជា​អ្នក​ការពារ​តម្លៃ​ប្រជាធិបតេយ្យ​សេរី​ទល់នឹង​ចិន​ផ្តាច់ការ​ បាន​ឈ្នះឆ្នោត​ក្នុង​សំឡេង​ភាគច្រើន​លើសលប់​លើ​គូ​ប្រជែង​មក​ពី​គណ​​បក្សនិយម​ចិន​ប៉េកាំង​។​

​ក្រោយ​ដឹងថា​ឈ្នះឆ្នោត​ភ្លាម រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​អង់គ្លេស​និង​ជប៉ុន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​អប​​អរ​លោកស្រី​សាយ​និង​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​កោះ​នេះ​។​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន បាន​​ថ្កោលទោស​អំពើ​របស់​មន្ត្រី​ទាំងនេះ ថា​ជា​ការរំលោភ​គោលការណ៍​ចិន​មួយ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្គេង​សួង បាន​និយាយថា​«​ភាគី​ចិន​សូម​សម្តែង​ការ​មិន​ពេញចិត្ត​ជាខ្លាំង​និង​ប្រឆាំង​នឹង​អំពើ​បែប​នេះ​។​យើង​ប្រឆាំង​​ការផ្លាស់ប្តូរ​សារការទូតផ្លូវការ​ក្នុង​ទំរង់​ណា​ក៏​ដោយ​រវាង​តៃវ៉ាន់​និង​ប្រទេស​ផ្សេងៗ ដែល​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ក៏​បាន​ព្យាយាម​មិន​ឲ្យ​សារសំខាន់​អំពី​ជ័យជម្នះ​របស់​សាយ និង​បាន​បង្ហាញ​ការ​មន្ទិល​អំពី​ភាពស្របច្បាប់​នៃ​យុទ្ធនាការ​រក​សំឡេង​​ឆ្នោត​របស់​លោកស្រី ដោយ​ចោទប្រកាន់​មេដឹកនាំ​តៃវ៉ាន់​រូបនេះ​ថា​«​លេងល្បិច​ស្មោកគ្រោក​»​និង​បោកប្រាស់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​«​សាយ​និង​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់​គាត់​បាន​ប្រើ​«​ល្បិច​ស្មោគគ្រោ​កនិង​​បោកប្រាស់ គាបសង្កត់​និង​បំភិតបំភ័យ​ដើម្បី​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ ដែល​បង្ហាញ​ភាព​សួនតួ ការ​លោភលន់​និង​ធម្មជាតិ​អាក្រក់​របស់​គេ​»​។​

​ស៊ីន​ហួរ ក៏​បាន​ចោទប្រកាន់​សាយ​ថា​ទិញ​សន្លឹកឆ្នោត និង​ថា «​កម្លាំង​ខ្មៅ​ពី​ខាងក្រៅ​» ទទួលខុសត្រូវ​មួយផ្នែក​នៃ​លទ្ធផល​ឆ្នោត​នេះ​។​

​តាមពិត រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ពេញចិត្ត​នឹង​សាយ អ៊ី​ន​វេន តាំង​ពី​អាណត្តិ​មុន ដោយសារតែ​លោក​ស្រី​មិន​ព្រម​ទទួលស្គាល់​គំនិត​ដែល​ថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​​របស់​ចិន និង​មិន​ទទួល​យក​រូបមន្ត​«​ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ​» ដូច​នៅ​ហុងកុង​។​

​ចិន​ក៏​នៅ​តែ​រក្សា​គោលជំហរ​ស្តីពី​«​ចិន​តែមួយ​» ដោយ​លោក​ហ្គេង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អា​ទិត្យ​ថា «​មិន​ថា​អ្វី​កើតឡើង​នៅ​តៃវ៉ាន់​ទេ ការពិត​ជា​មូលដ្ឋាន​មិន​​ប្រែប្រួល​ទេ គឺ​៖​មាន​ចិន​តែ​មួយ​នៅក្នុង​លោក និង​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។​គោលជំហរ​របស់​ចិន​មិន​ផ្លាស់ប្តូរ​ទេ​»។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ចោទប្រកាន់​សាយ និង​គណបក្ស​របស់​លោក​ស្រី ពន្យុះ​ឲ្យមាន​បាតុកម្ម​តវ៉ា​នៅ​ហុងកុង និង​ព្រមាន​អំពី​កោះ​តៃវ៉ាន់​ត្រូវ​ចិន​ត្រួត​​ត្រា​ដូច​ហុងកុង​។​

​កាសែត Global Times បាន​និយាយថា សាយ​និង​គណបក្ស​របស់​គាត់ ជា​មេខ្លោង​បង្ក​ភាព​តានតឹង ដោយ​មេដឹកនាំ​តៃវ៉ាន់​រូប​នេះ​តែង​បំភ័យ​អំពី​ការ​គំ​​រាម​ពី​ចិន​ដីគោក និង​មួលបង្កាច់​គូប្រជែង ហា​ន់ កូយូ ថា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ប៉េកាំង​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

សារព័ត៌មាន​រដ្ឋ​ចិន​ចោទប្រកាន់​លោក​ស្រី​សាយ​ថា ឈ្នះឆ្នោត​ដោយសារតែ​ប្រើ​«​ល្បិច​ស្មោ​កគ្រោក បោកប្រាស់ និង​លាប​ពណ៌​គូប្រជែង​»