ចិន​លុបចោល​កិច្ចពិភាក្សា​កំរិត​ខ្ពស់​ស្តីពី​សន្តិសុខ​ជាមួយ​អាមេរិក​

998
ចែករម្លែក

ចិនបានលុបចោលកិច្ចប្រជុំដ៏សំខាន់មួយស្តីពីសន្តិសុខ ដែលគ្រោងធ្វើនៅពាក់កណ្តាលខែតុលានេះ ជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោកជីម ម៉ាតទីសនៅក្រុងប៉េកាំង នេះបើតាមការបញ្ជាក់ពីមន្រ្តីអាមេរិកម្នាក់កាលពីថ្ងៃអាទិត្យទី៣០កញ្ញា។

ការសំរេចចិត្តដកខ្លួនចេញពីកិច្ចពិភាក្សាកំរិតខ្ពស់នេះ ជាសញ្ញាចុងក្រោយបំផុតនៃទំនាក់ទំនងកាន់តែធ្លាក់ចុះដុនដាបរវាងចិននិងអាមេរិក និងកើតឡើងមួយសប្តាហ៍ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងនិងវ៉ាស៊ីនតោនវាយពន្ធសងសឹកគ្នាទៅវិញទៅមក។នេះសបញ្ជាក់ថា សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងប៉ះពាល់ដល់ផ្នែកផ្សេងៗនៃទំនាក់ទំនង រួមទាំងបញ្ហាកោះតៃវ៉ាន់ ការលក់អាវុធរបស់អាមេរិកនិងសមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្តីការបរទេសចិន វេ ហ្វេងហេ និងសមភាគីអាមេរិក ជីម ម៉ាតទីស ដើរត្រួតពលក្នុងពិធីស្វាគមន៍មួយនៅក្រុងប៉េកាំងកាលពីខែមិថុនា ឆ្នាំ២០១៨

សូមបញ្ជាក់ថា រដ្ឋការត្រាំបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនយោធាចិនមួយដោយសារតែក្រុមហ៊ុននេះបានទិញសព្វាវុធពីរុស្ស៊ី និងបានប្រកាសលក់សព្វាវុធតំលៃ៣៣០លានដុល្លារដល់កោះតៃវ៉ាន់ ដែលចិនអះអាងថាជាផ្នែកមួយរបស់ខ្លួន។

ចិនក៏បានធ្វើអោយខឹងដោយសារតែការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកកាលពីសប្តាហ៍មុនថា យន្តហោះទម្លាក់គ្រាប់បែកB-52បានហោះពីលើសមុទ្រចិនខាងកើតនិងខាងត្បូង ជាផ្នែកនៃ”វត្តមានយន្តហោះទម្លាក់គ្រាប់ជានិរន្តនៅក្នុងតំបន់”។វារឹតតែធ្វើអោយចិនខឹងថែមទៀត ក្រោយពីក្រសួងការពារជាតិអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​កញ្ញា​ថា​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​បានធ្វើ​ដំណើរ​ឆ្លងកាត់​ដែនទឹក​នៃ​ប្រជុំ​កោះ​Spratly​​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​ចុងក្រោយ​បំផុត ចំពោះ​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​កាន់តែ​ធំ​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​​នោះ​។​

ចិនអះអាងអធិបតេយ្យភាពស្ទើរទាំងអស់នៅក្នុងសមុទ្រចិនខាងត្បូង និងប្រឆាំងជាខ្លាំងចំពោះការល្បាតរបស់យោធាអាមេរិកនៅទីនេះ។

ប្រធានាធិបតីត្រាំ របស់អាមេរិក ដែលបានបញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយចិន ក៏បានបង្កើតរណសិរ្សថ្មីមួយកាលពីសប្តាហ៍មុន ដោយលោកបានចោទប្រកាន់ចិនថាជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណិត្តនៅអាមេរិក ដោយទិញចន្លោះផ្សាយពាណិជ្ជកម្មនៅលើទំព័រកាសែតអាមេរិកដើម្បីឃោសនានយោបាយចិន៕ដោយ៖វាសនា